ឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុង​ចំណោម​បក្ខពួក​គ្នា​៧​នាក់

រាជធានី​ភ្នំពេញ ៖ ក្រុម​ជន​ដៃ​រហ័ស​វ័យក្មេង​ដែល​តែងតែ​ជិះ​ធ្វើ​សកម្មភាព​ឆក់​យក​ទ្រព្យសម្បត្តិ​ពី​ប្រជាពលរដ្ឋ​នៅ​តាម​ផ្លូវ​សាធារណៈ​ចំនួន​៣​នាក់ ក្នុង​ចំណោម​បក្ខពួក​គ្នា​៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌចំការមន ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ និង​ដកហូត​បាន​ម៉ូតូ​ចំនួន​២​គ្រឿង​ផង​ដែរ​។ ក្រោយ​ពី​ពួក​គេ​នាំ​គ្នា​ធ្វើ​សកម្មភាព​ចំនួន​២​លើក​នៅ​ក្នុង​សង្កាត់​បឹង​ត្របែក និង​សង្កាត់​បឹង​កេងកង​ទី​១ ក្នុង​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៦ តែ​មួយ​នោះ​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រុម​យុវជន​ជា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​នោះ​មាន​ទី​១-​ឈ្មោះ ចាន់ ពិសិដ្ឋ អាយុ​១៥​ឆ្នាំ មុខរបរ​ជា​សិស្ស មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ត្រូវ​បាន​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​ព្រឹក នៅ​ខាង​មុខ​ផ្ទះ​លេខ​៣៦ ផ្លូវ​លេខ​៩៩ ក្នុង​សង្កាត់​បឹង​ត្របែក ក្រោយ​ពី​រូបគេ​និង​បក្ខពួក​ចំនួន​២​នាក់​ទៀត​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបដៃ​ពី​ស្ត្រី​ម្នាក់​នៅ​ពេល​ដែល​ប្តី​ឌុ​ប​តាម​ម៉ូតូ​ទៅ​ផ្សា​របឹង​ត្របែក​នោះ​។

​ទី​២-​ឈ្មោះ ថៃ ប៉េង​ដា​ឡា​យ៉ា អាយុ​១៥​ឆ្នាំ មុខរបរ​ជា​សិស្ស មាន​ទីលំនៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ និង​ទី​៣-​ឈ្មោះ ហាក់ ណា​រ័​ត្ន អាយុ​១៦​ឆ្នាំ មុខរបរ​ជា​សិស្ស មាន​ទីលំនៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​តែ​មួយ​។ ដោយ​ត្រូវ​បាន​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ខាង​មុខ​ផ្ទះ​លេខ​៣៦ ផ្លូវ​ម៉ៅ​សេ​ទុង ខណ្ឌចំការមន ក្រោយ​ពី​ពួក​គេ​ទាំង​ពីរ​នាក់​រួម​ទាំង​បក្ខពួក ២​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ម៉ាក Iphone6 plus ១​គ្រឿង​ពី​ក្នុង​កន្ត្រក​កង់​របស់​បុរស​ជនជាតិ​ស្វី​សម្នាក់ ខណៈ​ពេល​ដែល​កំពុង​តែ​ជិះ​តាម​ផ្លូវ​នោះ​។

ក្រោយ​ពេល​ដែល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ជា​ចោរឆក់​ទាំង​៣​នាក់​បាន​រួច​ហើយ កម្លាំង​នគរបាល​ខណ្ឌចំការមន​ក៏​បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕