តួ​សិច​ជប៉ុន ចេញ​មុខ​និយាយរឿង​ឈឺ​ចាប់​និង​ទុក្ខលំបាក​​ស្មាន​មិន​ដល់​ក្នុង​វិស័យ​នេះ

កាល​ស្ថិត​នៅ​ក្នុង​វ័យ​២៤​ឆ្នាំ ទាំង​ស្រស់​ស្អាត និង​គួរ​ឲ្យ​ស្រលាញ់ តួ​សិច​ជប៉ុន នាង Saki Kozai បាន​គិត​ថា​ខ្លួន អាច​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ បន្ទាប់​ពី​មាន​ទីភ្នាក់ងារ​ម៉ូដែល ប្រទះ​ឃើញ​នាង​នៅ​តាម​ផ្លូវ ក្នុង​ទីក្រុង​តូក្យូ ហើយ​បាន​ផ្តល់​ការងារ​មួយ​ឲ្យ​នាង។ ដោយ​សារ​តែ​សេចក្តី​រំភើប និង​ចង់​ក្លាយ​ជា​តារា​ម៉ូដែល នាង Kozai បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង ជា​មួយ​នឹង​ភ្នាក់ងារ​ម៉ូដែល​នោះ។

 

វា​គឺ​ជា​កំហុស​ដ៏​ធំ​បំផុត​មួយ​របស់ នាង Kozai នៅ​ពេល​ដែល​នាង​បាន​ដឹង​ថា គេ​នោះ​មិនមែន​ជា​ទីភ្នាក់ងារ​ម៉ូដែល​អ្វី​ឡើយ ហើយ​នៅ​ថ្ងៃ​ធ្វើ​ការ​ដំបូង គេ​បាន​តម្រូវ​ឲ្យ​នាង​រួមភេទ​នៅ​ចំពោះ​មុខ​កាមេរ៉ា។

 

តួ​សិច​ជប៉ុន ចេញ​មុខ​និយាយរឿង​ឈឺ​ចាប់​និង​ទុក្ខលំបាក​​ស្មាន​មិន​ដល់​ក្នុង​វិស័យ​នេះ

នាង  Saki Kozai

 

«ខ្ញុំ​មិន​អាច​ដោះ​សំលៀក​បំពាក់​របស់​ខ្ញុំ​ឡើយ… អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​គឺ​យំ»។ នាង Kozai បាន​ប្រាប់​ទៅ​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ដោយ​បន្ថែម​ថា គ្មាន​ផ្លូវ​គេច​ចេញ​ផុត​ពី​ស្ថានភាព​នោះ​ឡើយ។ «មាន​មនុស្ស​ប្រហែល ២០​នាក់​កំពុង​រង់ចាំ​នៅ​ជុំវិញ​ខ្ញុំ… គ្មាន​មនុស្ស​ស្រី​ណា​ម្នាក់​អាច​និយាយ​ថា “ទេ” បាន​ឡើយ នៅ​ពេល​ដែល​ពួក​គេ​ព័ទ្ធ​ជុំ​ជិត​បែប​នេះ»។ នេះ​បើ​តាម​សម្ដី នាង Kozai ប្រាប់​ឲ្យ​ដឹង។

 

បច្ចុប្បន្ន​នេះ នាង Kozai មាន​អាយុ​៣០​ឆ្នាំ កំពុង​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ស្រី ដែល​ដើរ​ចេញ​ពី​ស្រមោល​អតីតកាល ដើម្បី​បង្ហាញ​មុខ​និយាយ​ពី​រឿងរ៉ាវ ដែល​នាង​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​ឧស្សាហកម្ម​សិច របស់​ប្រទេស​ជប៉ុន។

 

តួ​សិច​ជប៉ុន ចេញ​មុខ​និយាយរឿង​ឈឺ​ចាប់​និង​ទុក្ខលំបាក​​ស្មាន​មិន​ដល់​ក្នុង​វិស័យ​នេះ

នាង  Saki Kozai

 

ក្រុម​អ្នក​រិះគន់ បាន​និយាយ​ថា ក្រុម​អ្នក​ជ្រើស​រើស​តួ​សិច បាន​ប្រើ​ល្បិច​បោក​បញ្ឆោត​ស្ត្រី​វ័យ​ក្មេង រួច​ទាំង​អនីតិជន ដោយ​សន្យា​ថា នឹង​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​តារា។ ក្នុង​ករណី​ផ្សេង​ទៀត ពួក​នាង​ត្រូវ​បាន​គេ​ល្បួង ដោយ​ផ្តល់​ឲ្យ​នូវ​របៀប​រស់​នៅ​បែប​ស៊ីវិល័យ មុន​ពេល​ដែល​ពួក​នាង ធ្លាក់​ខ្លួន​ធ្វើ​ការ​នៅ​ក្នុង​ឧស្សាហកម្ម​ខ្សែ​ភាពយន្ត​សិច ដើម្បី​សង​ថ្លៃ​បំណុល ខណៈ​ក្រុម​ទីភ្នាក់ងារ​ទាំង​នោះ គំរាម​កំហែង និង​បំភិត​បំភ័យ​ពួក​នាង បូក​រួម​ទាំង​ការ​ចុះ​កិច្ចសន្យា​ក្លែងក្លាយ​ទៀត​ផង។

 

រីឯ​ស្ត្រី​ម្នាក់​ទៀត ដែល​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ជា​មួយ ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា នាង​ត្រូវ​បាន​គេ​បោក​ឲ្យ​ចូល​ធ្វើ​ការ​ជា​តួ​សិច ដោយ​ទីភ្នាក់ងារ​នោះ​បាន​សន្យា​ថា នឹង​ជួយ​នាង​ឲ្យ​ក្លាយ​ជា​តារា​ចម្រៀង។ នាង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា ដែល​មិន​បាន​​បញ្ជាក់​ពី​ការងារ​ពិត​ប្រាកដ​របស់​នាង​ឡើយ។

 

«ក្រុមហ៊ុន​នោះ​បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ ព្យាយាម​បញ្ចុះ​បញ្ចូល​ខ្ញុំ… ខ្ញុំ​គ្មាន​ជម្រើស​ឡើយ ក្រោយ​ចុះ​កិច្ចសន្យា​នោះ​រួច»។ ស្ត្រី​មិន​បញ្ចេញ​ឈ្មោះ វ័យ​២៦​ឆ្នាំ​ខាង​លើ បាន​ប្រាប់​ទៅ AFP។

 

ដំបូង​ឡើយ ស្ត្រី​ខាងលើ​រូប​នេះ​បាន​ប្រកែក ប៉ុន្តែ​ដូច​គ្នា​ទៅ​នឹង នាង Kozai និង​អ្នក​ផ្សេង​ទៀត​អីចឹង ចុង​ក្រោយ នាង​បាន​ចុះចាញ់​នឹង​ការ​ដាក់​សម្ពាធ។ «ដំបូង​ឡើយ ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​មិន​អាច​ធ្វើ​វា​បាន​ឡើយ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ធ្វើ វា​ពិត​ជា​ឈឺ​ចាប់​ខ្លាំង​ណាស់»។ នាង​​បាន​ប្រាប់​បន្ថែម៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ AFP