អតីត​នាយក​រដ្ឋមន្ត្រី​ព័រទុយហ្គាល់ ត្រៀម​ខ្លួន​ក្លាយ​ជា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ

យោង​តាម​សារព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា អតីត​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ព័រទុយហ្គាល់ វ័យ​៦៧​ឆ្នាំ លោក Antonio Guterres កំពុង​ត្រៀម​ខ្លួន ក្លាយ​ជា​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ។ ការ​បោះឆ្នោត​ជា​ផ្លូវការ​មួយ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​បញ្ជាក់​ជម្រើស​នៃ​ការ​ឈរ​ឈ្មោះ​នេះ។

 

អតីត​នាយក​រដ្ឋមន្ត្រី​ព័រទុយហ្គាល់ ត្រៀម​ខ្លួន​ក្លាយ​ជា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ

លោក Antonio Guterres

 

លោក Guterres ដែល​ជា​អតីត​នាយករដ្ឋមន្រ្តី​ព័រទុយហ្គាល់ ពី​ឆ្នាំ​១៩៩៥ ដល់ ២០០២ និង​ធ្លាប់​បាន​ដឹក​នាំ ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ អស់​រយៈពេល ១០ឆ្នាំ នឹង​ឡើង​កាន់​ដំណែង​បន្ត ពី​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ ទី​៨ សញ្ជាតិ​កូរ៉េខាងត្បូង វ័យ​៧២​ឆ្នាំ លោក Ban Ki-moon នៅ​ដើម​ឆ្នាំ​ក្រោយ។

 

អតីត​នាយក​រដ្ឋមន្ត្រី​ព័រទុយហ្គាល់ ត្រៀម​ខ្លួន​ក្លាយ​ជា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ

លោក Ban Ki-moon

 

ប្រវត្តិ​ខ្លះៗ​របស់​លោក Guterres

 

លោក Guterres បាន​ប្រលូក​ខ្លួន​ទៅ​ក្នុង​នយោបាយ​ដំបូង នៅ​ឆ្នាំ១៩៧៦ ក្នុង​ការ​បោះឆ្នោត​ប្រជាធិបតេយ្យ​លើក​ដំបូង បន្ទាប់​ពី​បដិវត្តន៍ «Carnation Revolution» ដែល​បាន​បញ្ចប់​អំណាច​ផ្តាច់​ការ នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​១៩៧៤ នៅ​ក្នុង​រាជធានី Lisbon ប្រទេស​ព័រទុយហ្គាល់។

 

លោក Guterres ចាប់​ផ្តើម​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ និង​បាន​ក្លាយ​ជា​មេដឹកនាំ​នៃ​គណបក្ស​សង្គម​និយម «Socialist Party» ក្នុង​ឆ្នាំ​១៩៩២ ហើយ​ត្រូវ​បាន​គេ​បោះឆ្នោត​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី នៅ​ឆ្នាំ​១៩៩៥។

 

ក្នុង​នាម​ជា​ប្រធាន​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ ពី​ឆ្នាំ​២០០៥ ដល់ ២០១៥ លោក Guterres បាន​ដឹកនាំ​ភ្នាក់ងារ​នេះ ឆ្លង​កាត់​វិបត្តិ​ជនភៀសខ្លួន​ដែល​អាក្រក់​បំផុត​លើ​ពិភពលោក ដោយ​ក្នុង​នោះ​រួម​មាន​ទាំង ប្រទេស​ស៊ីរី អាហ្វហ្គានីស្ថាន និង​អ៊ីរ៉ាក់ ផង​ដែរ។ ក្នុង​អំឡុង​ពេល​នោះ លោក​បាន​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត ដល់​រដ្ឋ​ភាគ​ខាងលិច ក្នុង​ការ​ជួយ​ជនភៀសខ្លួន​បន្ថែម​ទៀត ដើម្បី​ឲ្យ​ពួក​គេ​គេច​ខ្លួន​ចេញ​ពី​ភ្លើង​សង្គ្រាម៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ BBC