កុំ​ញ៉ាំ​អាហារ​នេះ​! អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវធ្វើ និងមិន​ត្រូវ​ធ្វើ​

កុំ​ញ៉ាំ​អាហារ​នេះ​! អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវធ្វើ និងមិន​ត្រូវ​ធ្វើ​

ត្រូវ​ទទួល​ទាន​ផ្លែឈើ​នេះ​។ កុំ​ចេញ​ក្រៅ​នៅពេល​នេះ​ឲ្យសោះ​។ ញ៉ាំ​ភេសជ្ជៈ​នេះ​។ ចាំ​បន្តិច អ្នក​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ​!

ប្រសិនបើ​អ្នក​កំពុង​មាន​ផ្ទៃពោះ  ពាក្យ​ទាំងនេះ​អ្នក​គួរតែ​ធ្លាប់​ឮ​ញឹកញាប់​ហើយ​។ មនុស្ស​ស្ទើរ​គ្រប់​គ្នា​មាន​ដំបូន្មាន ឬ គំនិត​ណែនាំ​ពី​វិធី​ដែល​ល្អ​បំផុត​ក្នុង​ការថែរក្សា​គភ៌ និង​សុខភាព​អ្នក​ឲ្យបាន​ល្អ​។ ប៉ុន្តែ​ថ្វីបើ​ពួកគេ​មាន​បំណង​ល្អ ឬ​និយាយ​ត្រូវ​ច្រើន​យ៉ាងណាក្ដី តើ​អ្នកដឹង​ទេ​ថា​មាន​ប៉ុន្មាន​ដែល​ចាស់ៗ​គ្រាន់តែ​ប្រឌិត​ឡើង​ឬ​និយាយ​ត​គ្នា​?

អ្នក​ពិតជា​ត្រូវការ​ការផ្ដល់​ដំបូន្មាន​ដ៏​ល្អ​បំផុត​ដើម្បី​កូន​ក្នុង​ផ្ទៃ​របស់​អ្នក​មាន​ការលូតលាស់​បាន​ល្អ និង​សុខភាព​រឹងមាំ​។ ការយល់ដឹង​ពី​អ្វី​ដែល​ត្រូវធ្វើ និង​អ្វី​ដែល​ត្រូវ​ចៀសវាង អាច​ជួយ​អ្នក​មាន​ជម្រើស​សម្រាប់​សុខភាព​កាន់តែ​ល្អប្រសើរ និង​សម្រាប់​កូន​របស់​អ្នក ព្រមទាំង​សុខភាព​អ្នក​ទាំង​ពេល​បច្ចុប្បន្ន និង​ពេលអនាគត​។​

ខាងក្រោម​នេះ​ជា​បញ្ជី​បង្ហាញ​អំពី​អ្វី​ត្រូវ​ធ្វើ និង​មិន​ត្រូវ​ធ្វើ ដែល​អាច​ជួយ​បំភ្លឺ​នូវ​អ្វី​ដែល​អ្នក​អាចធ្វើ​បាន និង​គួរតែ​ធ្វើ ព្រមទាំង​អ្វី​ដែល​អ្នក​មិន​គួរ​ធ្វើ​ដើម្បី​រក្សាគភ៌ និង​សុខភាព​អ្នកឲ្យមាន​សុវត្ថិភាព​។​

​អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវធ្វើ​

1/​ ទៅ​ជួប​គ្រូពេទ្យ​ឲ្យបាន​ទៀងទាត់​តាម​ការណាត់​៖ ការពិនិត្យ​ផ្ទៃពោះ​អាច​ជួយ​អ្នក និង​កូន​ក្នុង​ផ្ទៃ​បានល្អ​ក្នុង​ករណី​ខ្លះ​ដែល​អាច​រក​ឃើញ​ពី​ជំងឺ​ផ្សេងៗ​។

2/ ទទួលទាន​អាហារ​សុខភាព​សម្បូរ​ជីវជាតិ​បំប៉ន​៖ សូម​បន្ថែម​ប្រភេទ​អាហារ​សុខភាព​ចម្រុះ​ឲ្យបាន​ច្រើន​ក្នុង​របប​អាហារ​របស់​អ្នក​។ ប្រភេទ​អាហារ​ទាំងនោះ​រួម​មាន​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ អាហារ​មាន​ជាតិ​កាល់ស្យូម​ខ្ពស់ សាច់​សុទ្ធ និង​អាហារ​សមុទ្រ​ជាដើម​។​

3/ ​ទទួលទាន​ជាតិ​កាល់ស្យូម​ឲ្យបាន​គ្រប់គ្រាន់​៖ បរិមាណ​កាល់ស្យូម 1300​មិ​លី្ល​ក្រាម ពី​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ បន្លែ​បៃតងចាស់ និង​សារធាតុ​រ៉ែ​ខ​និក​ល្អៗ​ដទៃទៀត មាន​តួនាទី​សំខាន់​ក្នុង​ការជួយ​ឲ្យ​ធ្មេញ និង​ឆ្អឹង​ទារក​ក្នុង​ផ្ទៃ​លូតលាស់​រឹងមាំ​ល្អ​។ សូម​ចងចាំ​ថា​ទារក​ក្នុង​ផ្ទៃ​អាច​ស្រូប​យក​ជាតិ​កាល់ស្យូម​ពី​រាងកាយ​អ្នក ដូច្នេះ​សូម​ទទួលទាន​កាល់ស្យូម និង​សារធាតុ​រ៉ែ​ខ​និក​ឲ្យបាន​គ្រប់គ្រាន់​ដើម្បី​ការពារ​ឆ្អឹង​របស់​អ្នក​ផងដែរ​។​

​កាល់ស្យូម​ក៏​អាច​ជួយ​បង្ការ​៖
•​    ​ជំងឺ​ពុក​ឆ្អឹង​៖ ដែល​បណ្ដាល​មក​ពី​ឆ្អឹង​ចុះ​ទន់ខ្សោយ​ដោយសារ​កំហាប់​ឆ្អឹង​មាន​កម្រិត​ទាប​
•​    ​ជំងឺ​ក្រិស​៖ ដែលជា​មូលហេតុ​ធ្វើឲ្យ​ឆ្អឹងទារក​ទន់
•​    ​ជំងឺ​ឆ្អឹង​ទន់​
•​    ​ទីភ្នាក់ងារ​ផ្សេងៗ​ដូចជា​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឲ្យទទួល​ទាន​ជាតិ​កាល់ស្យូម​ឲ្យបាន​1500-2000​មិល្លីក្រា​ម ក្នុង​មួយ​ថ្ងៃ ដើម្បី​បង្ការ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ជាពិសេស​សម្រាប់​ស្ត្រី​ដែល​ទទួល​ទាន​កាល់ស្យួម​មិន​គ្រប់គ្រាន់​។​

ប្រសិនបើ​អ្នក​មិន​អាច​ទទួល​ទាន​កាល់ស្យូម​ឲ្យបាន​គ្រប់គ្រាន់​តាម​តម្រូវកា​រប្រ​ចាំ​ថ្ងៃ​ពី​របប​អាហារ​របស់​អ្នក​ទេ សូម​ព្យាយាម​ទទួលទាន​ផលិតផល​ជំនួយ​ជាតិ​កាល់ស្យូម​បន្ថែម ។ យោងតាម WHO ការបន្ថែម​ជាតិ​កាល់ស្យូម អាច​កាត់បន្ថយ​គ្រោះថ្នាក់​ផ្សេងៗ​តាមរយៈ​ការបន្ថយ​ហានិភ័យ​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​។ ភាពមិនប្រក្រតី​នេះ ជា​កត្តា​ទាក់ទង​នឹង​អត្រា​មរណភាព​មាតា​មាន​ផ្ទៃពោះ និង​ហានិភ័យ​ខ្ពស់​ទាក់ទង​នឹង​ទារក​កើត​មិន​គ្រប់​ខែ​ផងដែរ​។​

http://www.who.int/elena/titles/calcium_pregnancy/en/

ទទួលទាន​អាហារូបត្ថម្ភ​សំខាន់ៗ​៖ របប​អាហារ​សុខភាព ជួនកាល​ប្រហែលជា​មិនទាន់​គ្រប់គ្រាន់​ទេ​។ វីតាមីន​ផ្សេងៗ​សម្រាប់​ពេល​មាន​ផ្ទៃពោះ ផ្ទុក​នូវ​អាហារូបត្ថម្ភ​កម្រិត​ខ្ពស់​ដូចជា កាល់ស្យូម អាស៊ីតហ្វូឡិ​ក និង​ជាតិ​ដែក​។  វីតាមីន​ទាំងនេះ​ជួយ​ដល់​ការលូតលាស់​ទារក​ក្នុង​ផ្ទៃ និង​បង្ការ​ពិការភាព​ពី​កំណើត​។​

គេង​ឲ្យបាន​គ្រប់គ្រាន់​៖ ព្យាយាម​គេង​ឲ្យបាន​ពី 7 ទៅ 9​ម៉ោង​។ ស្ត្រី​មាន​ផ្ទៃពោះ​ដូចជា​អ្នក ចាំបាច់​ត្រូវកា​រគេង​ឲ្យបាន​គ្រប់គ្រាន់ និង​គេង​ឲ្យបាន​ត្រឹមត្រូវ​ដើម្បី​ធានា​ថា​សុខភាព​អ្នក​ល្អ​។ ការ​សម្រាក​ដោយ​គេង​ផ្អៀង​មក​ខាងឆ្វេង​ជួយ​ឲ្យ​ឈាមរ​ត់​បាន​ស្រួល​ទៅ​កាន់​ទារក​ក្នុង​ផ្ទៃ និង​បង្ការ​ជំងឺ​ហើម​បាន​ផង​ដែរ​។​

ពិនិត្យ​ការប្រើប្រាស់​ឱសថ​៖  ឱសថ​គ្មាន​វេជ្ជបញ្ជា ឬ​ឱសថ​បុរាណ​មួយ​ចំនួន អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​។ យក​ល្អ​គប្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​នៅ​ពេល​ចាប់ផ្ដើម ឬ​ឈប់​ប្រើប្រាស់​ឱសថ​។​

ហាត់ប្រាណ​៖ ការ​ហាត់ប្រាណ ផ្ដល់​ផល​ល្អ​ដល់​ម្ដាយ និង​ទារក​! ការ​ហាត់ប្រាណ​ទៀងទាត់​អាច​ជួយ​បង្ការ​បញ្ហា​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​។ បញ្ហា​ទាំងនេះ​រួមមាន រោគ​គេង​មិន​លក់ ឈឺ​សាច់ដុំ ឡើង​ទម្ងន់​ជ្រុល និង អារម្មណ៍​ឆេវឆាវ​។​

ទទួលទាន​ទឹក​យ៉ាងតិច​12​កែវ​ក្នុង​មួយថ្ងៃ​៖ ជាតិ​ទឹក​មាន​សារៈសំខាន់​សម្រាប់​ទប់ស្កាត់​បញ្ហា​ទារ​កកើត​មិន​គ្រប់​ខែ​។ វា​ក៏​ជួយ​ទប់ស្កាត់​ជំងឺ​ឈឺក្បាល ក្រួស​ក្នុង​តម្រង​នោម វិលមុខ ជំងឺ​ទល់លាមក និង​ជំងឺ​ឫសដូងបាត​ផងដែរ​។​

​http://www.fitpregnancy.com/nutrition/prenatal-nutrition/10-safe-and-healthy-foods-pregnancy

​អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ត្រូវ​ធ្វើ​

​មិន​ត្រូវ​ទទួល​ទាន​ជាតិ​កាហ្វេ​អ៊ី​ន​ហួស​កម្រិត ៖ គ្រឿង​ទទួលទាន​ប្រភេទ​នេះ អាច​ប៉ះពាល់​ដល់​បេះដូង​ទារក​ក្នុង​ផ្ទៃ​។ ការសិក្សា​មួយ​ចំនួន​ក៏​បាន​ណែនាំ​ដែរ​ថា បរិមាណ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ជ្រុល អាច​ប្រឈម​ហានិភ័យ​ខ្ពស់​ដែល​បណ្ដាល​ឲ្យ​រលូត​ទារក​ក្នុង​ផ្ទៃ​។​

http://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/pregnancy-nutrition/art-20043844?pg=2

​ចៀសវាង​គ្រឿង​ស្រវឹង​៖ ប្រសិនបើ​អ្នក​ទទួល​ទាន​គ្រឿង​ស្រវឹង សូម​បញ្ឈប់​ជា​បន្ទាន់​។ ការ​ទទួលទាន​គ្រឿង​ស្រវឹង​តែ​ម្ដងនោះ អាច​មិន​បង្ក​បញ្ហា​ដល់​កូន​ក្នុង​ផ្ទៃ​អ្នក​ទេ ប៉ុន្តែ​យក​ល្អ​ត្រូវ​ចៀសវាង​គ្រឿង​ស្រវឹង​ជាដាច់ខាត​។ ការ​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ដែល​បណ្ដាល​ឲ្យ​រលូត​ទារក​ក្នុង​ផ្ទៃ និង​ស្លាប់​ទារក​ក្នុង​ផ្ទៃ​ទៀតផង​។​

http://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/pregnancy-nutrition/art-20043844?pg=2

​មិន​ត្រូវ​ជក់បារី​ទេ​៖ ចំណុច​នេះ​គឺ​ពុំ​ចាំបាច់​រំឭក​ច្រើន​ទេ បើ​ទោះ​ជា​អ្នក​គ្មាន​ផ្ទៃពោះ​នោះ​ក៏​ដោយ​។ ប៉ុន្តែ​ការជក់បារី​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ វា​បាន​បញ្ជូន​ជាតិ​នីកូទីន និង​សារជាតិ​ពុល​ទៅកាន់​កូន​ក្នុង​ផ្ទៃ​របស់​អ្នក​។ ការជក់បារី​ក៏​ប៉ះពាល់​ដល់​ការលូតលាស់​ធំធាត់​របស់​ទារក និង​ប្រឈម​ហានិភ័យ​ខ្ពស់​ដែល​បណ្ដាល​ឲ្យ​រលូត ទារក​កើត​មិន​គ្រប់​ខែ និង​អត្រា​មរណភាព​ទារក​ផងដែរ​។​

http://www.upmc.com/patients-visitors/education/pregnancy/Pages/smoking-alcohol-and-drugs-can-harm-your-baby.aspx

​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ការ​ទទួលទាន​ប្រភេទ​ត្រី​ទាំងនេះ​៖ មិន​ត្រូវ​ទទួល​ទាន​ត្រី​ចំពុះ​ដាវ ត្រី​ម៉ាកេ​រ៉ែល ឆ្លាម និង​ត្រី​អណ្ដាតឆ្កែ​ឡើយ ព្រោះ​ត្រី​ទាំងនេះ​មាន​សារធាតុ​គីមី​បា​រ៉​ត​ខ្ពស់​។ ជាតិ​បា​រ៉​ត​ខ្ពស់​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការលូតលាស់​ប្រព័ន្ធ​ប្រសាទ​ទារក​ក្នុង​ផ្ទៃ​អ្នក​។

​http://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/pregnancy-nutrition/art-20043844?pg=1

​ពិនិត្យ​សីតុណ្ហភាព​ទឹក​៖ មិន​ត្រូវ​ងូតទឹក​ក្ដៅ ឬ ត្រាំ​ទឹក​ក្ដៅ​ឡើយ​។ សីតុណ្ហភាព​ខ្ពស់ អាច​ប៉ះពាល់​ដល់ ទារក​ក្នុង​ផ្ទៃ និង​បណ្ដាល​ឲ្យ​អ្នកស​ន្ល​ប់បាន​។​    ​

http://americanpregnancy.org/pregnancy-health/hot-tubs-during-pregnancy/

តម​អាហារ​សម្បូរ​ជាតិ​កាបូន​អ៊ី​ដ្រាត​៖ អាហារ​ទាំងនេះ​មានដូចជា​នំប៉័ង បាយ​ស បង្អែម និង​សូ​ដា តែង​បង្ក​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​ខ្ពស់​។ កត្តា​ទាំង​នេះ​បណ្ដាល​ឲ្យ​ទា​រកឡើង​ទម្ងន់ និង​ប្រឈម​ហានិភ័យ​ខ្ពស់​ក្នុង​ការធ្វើ​ឲ្យ​កូន​របស់​អ្នក​មាន​ជំងឺ​ធាត់​ជ្រុល​នៅពេល​គេ​ធំធាត់​ដឹងក្ដី​។

http://www.fitpregnancy.com/nutrition/prenatal-nutrition/10-safe-and-healthy-foods-pregnancy

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។