​ហេតុ​អ្វី​ចាំបាច់ ត្រូវ​ផ្ដល់​របប​កាល់ស្យូម តាម​វ័យ​កូន​របស់​អ្នក​?

​ហេតុ​អ្វី​ចាំបាច់ ត្រូវ​ផ្ដល់​របប​កាល់ស្យូម តាម​វ័យ​កូន​របស់​អ្នក​?

​បុត្រ​ធីតា​របស់​អ្នក​ប្រៀបបាន​នឹង​គ្រាប់ពេជ្រ​ក្នុង​កែវភ្នែក​អ្នក ហើយ​អ្នក​តែង​ថែទាំ​ថ្នាក់ថ្នម​គេ​ដោយ​ក្ដី​ស្រឡាញ់ ការយកចិត្តទុកដាក់ និង​ទំនុកបម្រុង​នូវ​អាហារូបត្ថម្ភ​ដ៏​ត្រឹមត្រូវ​។ ដូច្នេះ​បុត្រ​ធីតា​របស់​អ្នកនឹង​លូតលាស់​ធំ​ពេញវ័យ​បាន​យ៉ាង​ល្អ​។ ទោះបី​ក្ដី​ស្រឡាញ់ និង​ការ​ថ្នាក់​ថ្នម ជា​ធម្មជាតិ​របស់​ម្ដាយ ប៉ុន្តែ​ការចិញ្ចឹម​បីបាច់​បុត្រ​ធីតា​របស់​អ្នក​ឲ្យបាន​ត្រឹមត្រូវ ទាមទារ​ការខិតខំ​យកចិត្តទុកដាក់​ដើម្បី​ធានា​ថា​កូន​របស់​អ្នក​ទទួលបាន​នូវ​អាហារូបត្ថម្ភ​ដែល​ល្អ​ប្រសើរ​បំផុត​។​

អាហារូបត្ថម្ភ​ល្អ ជា​មូលដ្ឋាន​មួយ​ដ៏​សំខាន់​ដែល​រាងកាយ​កូន​របស់​អ្នកត្រូវការ​នូវ​ជីវជាតិ​អា​ហារ​បំប៉ន​ចម្រុះ​។ អាហារ​បំប៉ន​ទាំងនោះ​រួមមាន កាល់ស្យូម កាបូន​អ៊ី​ដ្រាត ប្រូតេអ៊ីន ជាតិ​ខ្លាញ់ វីតាមីន និង​សារធាតុ​រ៉ែ​ខ​និក​ដែល​បានមក​ពី​ប្រភេទ​អាហារ​ផ្សេងៗ​គ្នា ដែល​នេះ​ជា​មូលហេតុ​តម្រូវ​ឲ្យ​អ្នក​ធានា​ផ្ដល់​នូវ​របប​អាហារ​ឲ្យបាន​គ្រប់គ្រាន់​សម្រាប់​កូនអ្នក​។​

1000​ថ្ងៃ​ដំបូង​
​អាហារូបត្ថម្ភ​ល្អ​ត្រូវតែ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​មួយ​នៃ​ការបង្ក​កំណើត​ក្នុង​ផ្ទៃ​មាតា​រហូតដល់​កុមារ​អាយុ​2​ខួប ព្រោះ​ថា​វា​ជះឥទ្ធិពល​យ៉ាងខ្លាំង​ចំពោះ​អនាគត​កូន​របស់​អ្នក​ជាង​ពេលណាៗ​ទាំងអស់​ក្នុង​ជីវិត​របស់​ពួកគេ​។ តាម​ការសិក្សា​ជា​ច្រើន​បានបង្ហាញ​ថា មូលដ្ឋាន​ដែល​ធ្វើឲ្យ​មនុស្ស​ម្នាក់​មាន​សុខភាព​ល្អ​យូរអង្វែង គឺ​អាស្រ័យ​លើ​ការរៀបចំ​ក្នុងដំណាក់កាល​1000​ថ្ងៃ​ដំបូង​នៃ​ជីវិត​នេះឯង​។​ហេតុនេះហើយ​ទើប​ស្ត្រី និង​កុមារ​ចាំបាច់​ត្រូវ​ទទួល​ទាន​អាហារូបត្ថម្ភ​ឲ្យបាន​ត្រឹមត្រូវ​ក្នុង​អំឡុង​ដំណាក់កាល​នេះ​។ អាហារូបត្ថម្ភ​ត្រឹមត្រូវ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​2​ឆ្នាំ​ដំបូង​នៃ​ជីវិត​កុមារ ផ្ដល់​នូវ​មូលដ្ឋាន​រឹងមាំ​ដើម្បី​ពង្រឹង​ដល់​ការលូតលាស់​ខួរក្បាល ការលូតលាស់​ប្រកបដោយ​សុខភាព​ល្អ និង​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ​។​

នេះ​ក៏​ជា​ដំណាក់កាល​ចាំបាច់​សម្រាប់​ការលូតលាស់​ឆ្អឹង​ផងដែរ​។ វិទ្យាស្ថាន​ជាតិ​ផ្នែក​សុខភាព (NIH) និង មជ្ឈមណ្ឌល​ជាតិ​ផ្នែក​ជំងឺ​ពុក​ឆ្អឹង និង​រោគ​ឆ្អឹង​(ORBDNRC) នៅ​សហរដ្ឋអាមេរិក​បាន​ថ្លែងថា កង្វះ​អាហារូបត្ថម្ភ​ក្នុងអំឡុង​ដំណាក់កាល​នេះ អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​ឆ្អឹង​របស់​ម្ដាយ និង​ទារក​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។​

Reference:​    ​http://www.niams.nih.gov/Health_Info/Bone/Bone_Health/Pregnancy/default.asp

​ដំណាក់កាល​ទាំង​3​នៃ​ការលូតលាស់​ខ្លាំង​
​បុត្រ​ធីតា​របស់​អ្នក​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ដោយឡែកៗ នៅពេល​គេ​លូតលាស់​ធំធាត់​គឺ វ័យ​កុមារ​តូច វ័យ​កុមារ និង​វ័យ​ជំទង់​។ វ័យ​កុមារ​តូច​ជា​វ័យ​ដែល​គិត​ចាប់ពី​ពេល​កើត​ដល់​អាយុ​ប្រាំបី​ឆ្នាំ ដែល​ក្នុង​វ័យ​នេះ​ពិត​ជា​ចាំបាច់​ណាស់​សម្រាប់​ការលូតលាស់​ផ្នែក​រូបរាងកាយ សុខភាព និង​ការលូតលាស់​ផ្នែក​បញ្ញា​ស្មារតី និង​ចិត្តសាស្ត្រ​សង្គម​។ ការលូតលាស់​ផ្នែក​ខួរក្បាល​គឺ​លឿន​បំផុត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ជីវិត​។​

វ័យ​កុមារ គិត​ចាប់ពី​អាយុ​ប្រាំបី​ឆ្នាំ ដល់​ដប់​ពីរ​ឆ្នាំ គឺជា​ពេល​ដែល​ការលូតលាស់​ផ្នែក​រាងកាយ និង​ផ្នែក​បញ្ញា​ស្មារតី​យឺត​សន្សឹមៗ ប៉ុន្តែ​សន្ទុះ​នៃ​ការលូតលាស់​នៅតែ​បន្ត​ថេរ​រហូតដល់​វ័យ​គ្រប់​ការ​។ កុមារ​ក្នុង​ដំណាក់កាល​នេះ​កំពុង​លូតលាស់​ផ្នែក​សមត្ថភាព​ទំនាក់ទំនង​អន្តរ​បុគ្គល និង​ទំនាក់ទំនង​សង្គម​។​

ចាប់ពី​អាយុ​12 ដល់​18​ឆ្នាំ បុត្រ​ធីតា​របស់​អ្នក​ត្រូវ​ឆ្លងកាត់​វ័យ​ជំទង់​ដែលជា​ដំណាក់កាល​មួយ​ទាមទារ​ឲ្យមាន​ការយកចិត្តទុកដាក់​ខ្ពស់​ជាពិសេស​។ ពួកគេ​មាន​ការផ្លាស់ប្ដូរ​ទាំង​ផ្នែក​រូបរាងកាយ និង​បញ្ញា​ស្មារតី​នៅ​ពេល​ពួកគេ​ឈានទៅរក​ភាព​ពេញវ័យ​។ ខួរក្បាល​ស្ថិត​ក្នុង​ដំណាក់កាល​លូតលាស់​យ៉ាង​សំខាន់​ដែល​ជះ​ឥទ្ធិពល​ដល់​សមត្ថភាព​ជំនាញ​ផ្នែក​សញ្ចេ​ត​នា​ផ្លូវចិត្ត ក៏ដូចជា​សមត្ថភាព​ផ្នែក​បញ្ញា​ស្មារតី និង​រូបរាងកាយ​ផងដែរ​។​

អាហារូបត្ថម្ភ​ត្រឹមត្រូវ​ក្នុង​បរិមាណ​ដ៏​សមស្រប​
​អាហារូបត្ថម្ភ​ល្អ ដើរ​តួនាទី​សំខាន់​គ្រប់​ដំណាក់កាល​នៃ​ការលូតលាស់​។ ទន្ទឹម​នឹង​ពេល​ដែល​កូន​អ្នក​ទាមទារ​ការផ្ដល់​នូវ​អាហារ​បំប៉ន​ច្រើន​ប្រភេទ ពួកគេ​ក៏​ទាមទារ​នូវ​បរិមាណ​ដ៏​សមស្រប​ផងដែរ​ដើម្បីឲ្យ​ការលូតលាស់​មាន​សុខភាព​ល្អ​។ ការផ្ដល់​អាហារូបត្ថម្ភ​ច្រើនពេក ឬ​តិចពេក អាច​បណ្ដាលឲ្យមាន​បញ្ហា​ដូចជា​ធាត់​ជ្រុល ឆ្អឹង​ស្រួយ និង​ពុក​ធ្មេញ​ជាដើម​។​

ក្នុងចំណោម​អាហារូបត្ថម្ភ​ទាំងអស់ កាល់ស្យូម​ជា​អាហារូបត្ថម្ភ​មូលដ្ឋាន​ដ៏​សំខាន់​មួយ​ក្នុង​ការជួយ​ឲ្យ​ឆ្អឹង និង​ធ្មេញ​មាន​សុខភាព​ល្អ រឹងមាំ ព្រមទាំង​សារធាតុ​រ៉ែ​ខ​និក​ដ៏​សំខាន់​ដល់​សុខភាព និង​សុខុមាលភាព​បុត្រ​ធីតា​របស់​អ្នក​។ កាល់ស្យូម​ក៏​ជួយ​បង្ការ​កុំឲ្យ​មាន​ជំងឺពុក​ឆ្អឹង​ដែល​ឆ្អឹង​មាន​ស្ថានភាព​ខ្សោយ​វា​បណ្ដាល​មកពី​ការថយចុះ​កំហាប់​ឆ្អឹង ការពារ​ជំងឺ​ក្រិស​ចំពោះ​កុមារ​ដែល​ស្ដែង​ឡើង​ដោយ​ឆ្អឹង​ទន់ និង​ជំងឺ​ឆ្អឹង​ទន់​។​

ផ្ដល់​របប​កាល់ស្យូម​ទៅតាម​វ័យ​
​នៅ​ពេល​កូន​អ្នកទទួលបាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​តាំងពី​កុមារភាព​រហូតដល់​អាយុ​ជាង​10​ឆ្នាំ ពួកគេ​ចាប់ផ្ដើម​ធំ​ពេញវ័យ​ដោយ​មាន​ឆ្អឹង​រឹងមាំ​។ ប៉ុន្តែ​វា​ក៏​សំខាន់​ណាស់ដែរ​ក្នុង​ការផ្ដល់​នូវ​ជាតិ​កាល់ស្យូម​សមស្រប​តាម​វ័យ​កូន​របស់​អ្នក​។ ការផ្ដល់​សារធាតុ​កាល់ស្យូម​សំខាន់​តិចពេក នឹង​ជះ​ឥទ្ធិពល​ដល់​ការលូតលាស់​នាពេល​អនាគត ប៉ុន្តែ​ការផ្ដល់​កាល់ស្យូម​ច្រើន​អាច​បណ្ដាល​ឲ្យ​ចុកពោះ ទល់​លាមក ឬ​រាក​។​

របប​កាល់ស្យូម​ជាទូទៅ​កម្រ​ប៉ះពាល់​សុខភាព​ណាស់ ប៉ុន្តែ​បើ​ច្រើន​ពេក​ក៏​វា​មិន​ល្អ​ដែរ​។ កាល់ស្យូម​ហួស​កម្រិត​មិន​បាន​ផ្ដល់​ការការពារ​ឆ្អឹង​បន្ថែម​ទេ​។ ប៉ុន្តែ​ការសិក្សា​ជាច្រើន​បាន​បង្ហាញថា​កាល់ស្យូម​ទាប​ជា​កត្តា​ធ្វើឲ្យ​កំហាប់​ឆ្អឹង​មាន​កម្រិត​ទាប និង​អត្រា​គ្រោះថ្នាក់​ឆ្អឹង​បាក់​កម្រិត​ខ្ពស់​។​

នេះ​ជា​កម្រិត​របប​អាហារ​ណែនាំ​ប្រចាំថ្ងៃ (RDAs) សម្រាប់​ការ​ទទួលទាន​ជាតិ​កាល់ស្យូម​អាស្រ័យ​តាម​វ័យ​បុត្រ​ធីតា​របស់​អ្នក​។ កម្រិត​របប​អាហារ​ណែនាំ​ប្រចាំថ្ងៃ គឺជា​កម្រិត​ប្រចាំថ្ងៃ​គិត​ជា​មធ្យម​នៃ​ការ​ទទួលទាន​ជីវជាតិ​អា​ហារ​ឲ្យ​គ្រប់គ្រាន់​ដើម្បី​បំពេញ​តម្រូវការ​ទ្រទ្រង់​សុខភាព​រាងកាយ​បុគ្គល​ម្នាក់ៗ​(97-98%)​។​

​ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ផ្សេងទៀត​សុទ្ធតែ​ជា​ប្រភព​ផ្ដល់​កាល់ស្យូម​ដ៏​ល្អ​បំផុត​។ ផលិតផល​ភាគច្រើន​ទាំងនេះ​ក៏​មាន​វីតាមីន​ដេ​ផងដែរ ដែល​សំខាន់​សម្រាប់​សុខភាព​ឆ្អឹង​។ យ៉ាងណាក៏ដោយ​ក៏​នៅ​មាន​ប្រភព​អាហារ​សុខភាព​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​ដទៃទៀត​មានដូចជា ទឹកក្រូច​ស្រស់ ផលិតផល​អាហារ​ធ្វើ​ពី​សណ្តែក និង​ត្រី​ផងដែរ​។​

​កុមារ​គួរ​ទទួល​ទាន​បរិមាណ​កាល់ស្យូម​ឲ្យបាន​សមស្រប​បំផុត​ពី​របប​អាហារ​របស់ខ្លួន​។ កាលណា​មិន​គ្រប់គ្រាន់ ការ​ទទួលទាន​ផលិតផល​ជំនួយ​ជាតិ​កាល់ស្យូម​បំពេញបន្ថែម ក៏​អាច​ជួយ​ផ្ដល់​នូវ​អត្ថប្រយោជន៍​ដល់​ពួកគេ​បាន​ដែរ​។ ផលិតផល​បំពេញបន្ថែម​ទាំងនេះ នឹង​បន្ថែម​ជាតិ​កាល់ស្យូម​ដល់​កូន​របស់​អ្នក ព្រមទាំង​ជួយ​ឆ្អឹង និង​ធ្មេញ​របស់​ពួកគេ​ឲ្យ​លូតលាស់​រឹងមាំ​មាន​សុខភាព​ល្អ​ដែល​ជា​មូលដ្ឋាន​សំខាន់​សម្រាប់​សុខភាព​បាន​ប្រសើរ​នាពេល​អនាគត​។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។