ព្រះពុទ្ធសម្ដែងថា៖ សេចក្ដីសុខរបស់គ្រហស្ថ (ប្រជាជន) មាន៤ប្រការ

តើ​អ្វី​ទៅ​ជា​សេចក្ដី​ពិត​ប្រាកដ​នៅ​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​?​១/. អត្ថិ​សុខ៖​ សេចក្ដី​សុខ​ដែល​កើត​ឡើង​ពី​កា​រមានទ្រព្យ ​ដែល​ស្វែង​រក​បាន​មក​ដោយ​សុច្ចរឹត​ត្រឹម​ត្រូវ ​ជៀស​វាង​នូវ​ជំនួញ​ខុស​៥​ប្រការ​៖ -សត្ថវណិជ្ជា៖ ជួញអាវុធ-សត្តវណិជ្ជា៖ ជួញដូមនុស្ស-មំសវណិជ្ជា៖ចិញ្ចឹមសត្វលក់ដើម្បីសម្លាប់-មជ្ជវណិជ្ជា៖ ជួញដូរគ្រឿងស្រវឹង-វិសវណិជ្ជា៖ ជួញដូរថ្នាំពិស ថ្នាំពុល
២/. ភោគសុខ៖ សេចក្ដីសុខដែលកើតចេញពីការចេះប្រើប្រាស់ទ្រព្យសម្បត្តិឱ្យបានត្រឹមត្រូវ៖-ចំណាយទៅលើក្រុមគ្រួសារ និងការសិក្សារៀនសូត្រ-ចំណាយទៅលើការកសាងសង្គមជាតិ-ចំណាយទៅលើការធ្វើអំពើល្អ អំពើជាកុសលផ្សេងៗ មានការសាងសង់ផ្លូវថ្នល់ សាលារៀនជាដើម-ត្រូវជៀសវាងឱ្យផុតពីការប្រើប្រាស់ទ្រព្យទៅក្នុងអំពើអបាយមុខ ល្បែង ស្រី ប្រុស ស្រា ជាដើម ដែលនឹងនាំមកនូវសេចក្ដីវិនាសមកឱ្យអ្នកប្រព្រឹត្ត ។
៣/. អនណសុខ៖ សេចក្ដីសុខដែលកើតចេញពីការមិនជាប់ជំពាក់បំណុលអ្នកដទៃដូចជា៖-បំណុលទ្រព្យសម្បត្តិ-បំណុលគុណូបការៈរបស់មាតាបិតា គ្រូឧបជ្ឈាយាចារ្យ-គុណបំណាច់របស់ជាតិមាតុភូមិ និងវីរជនស្នេហាជាតិ-គុណធម៌របស់មេដឹកនាំសាសនា បុព្វជិត (សាមណៈ អ្នកបួស) ដែលចង្អុរបង្ហាញយើងឱ្យដើរក្នុងផ្លូវត្រូវ នាំមកនូវសេចក្ដីសុខក្នុងជីវិត ។
ចំណាំ៖ ការជំពាក់បំណុល គឺជាសេចក្ដីទុក្ខរបស់គ្រហស្ថ ។
៤/. អនវជ្ជសុខ៖ សេចក្ដីសុខដែលកើតចេញពីការមិនប្រព្រឹត្តអំពើអាក្រក់ទាំងឡាយដោយកាយ សម្ដី និងចិត្ត មានដូចជា៖-អំពើល្អដោយកាយ (ទង្វើ)៖ ហៅថា កាយសុច្ចរឹត-អំពើល្អដោយវាចា (សម្ដី)៖ ហៅថា វចីសុច្ចរឹត-អំពើល្អដោយចិត្ត (គំនិត)៖ ហៅថា មនោសុច្ចរឹត ៕
ព្រះពុទ្ធសម្ដែងថា៖ សេចក្ដីសុខរបស់គ្រហស្ថ (ប្រជាជន) មាន៤ប្រការ

ដោយ៖ ឈូកស
Cool FM 100.7