អ្នកអាចយកផ្កាយមកដាក់លើស្មាបាន ប៉ុន្តែអ្នកមិនអាចគេចផុតពីចំណងទាំង៥នេះទេ

អ្នក​អាច​មាន​ឱកាស​ត្រូវ​បាន​គេ​លើក​បន្តុប​ឡើង​ក្នុង​តំណែ​ងនេះ​ឋានៈ​នោះ​, មាន​បាន​ក្នុង​កម្រិត​យ៉ាង​នេះ​យ៉ាង​នោះ,​ ពូកែ​ត្រង់​នេះ​ត្រង់​នោះ​ ឬ​មាន​គ្រប់​យ៉ាង​ដែល​អ្នក​ប្រាថ្នា​បាន​ នោះ​ក៏​ព្រោះ​តែ​សេចក្ដី​ពិត​តែ​មួយ​គត់ ​គឺ​វា​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ្នក​ដើម្បី​សម្រេច​ឱ្យ​បាន​ផល​អស់​ទាំង​នេះ ​មិន​ទោះ​ថា​តាម​ផ្លូវ​សុច្ចរឹត ​(ផ្លូវបណ្ឌិត) ឬ​ផ្លូវ​ទុច្ចរឹត​ (តាមផ្លូវពាលតិរច្ឆាន) ​នោះ​ទេ ​។ 
អ្នកអាចយកផ្កាយមកដាក់លើស្មាបាន ប៉ុន្តែអ្នកមិនអាចគេចផុតពីចំណងទាំង៥នេះទេ

ចាប់តាំងពីដំណើរឈានចូលដល់យុគសម័យគ្រឹស្តសករាជមកដល់ពេលបច្ចុប្បន្ននេះ មនុស្សលោកជាច្រើនលានតំណបានកើតមកបានត្រឹមតែរស់ ឥតស្គាល់ច្បាស់អំពីខ្លួនឯងថាជានរណា? ខ្លួនកំពុងនៅទីណា? ត្រូវធ្វើអ្វី? ដើម្បីអ្វី? និងត្រូវឆ្ពោះទៅកាន់ទីដ៏ប្រសើរនៅទីណានោះទេ? ប៉ុន្តែជាអកុសល ពីមួយជំនាន់ទៅមួយជំនាន់ មនុស្សលោកបែរជាយកជីវិតដ៏មានតម្លៃរបស់ខ្លួនទៅប្រឡូកប្រឡាក់នឹងភាពពុលស្រវឹង និងជឿទាំងងងឹតងងុលនឹងទ្រឹស្ដីអកុសលរាប់មិនអស់ ដែលជម្រុញឱ្យកើតនូវមហិច្ឆតាដឹកមុខចង់នេះចង់នោះ ចង់គ្មានព្រំដែន រហូតដល់យកសម្ភារៈខាងក្រៅខ្លួន និងសភាវៈគ្មានសាវតាច្បាស់លាស់មកធ្វើជាទីពឹងក្នុងជីវិតរបស់ខ្លួន ដើម្បីឆ្លៀតឱកាសក្នុងការកសាងអំពើបាបគ្រប់សណ្ឋាន ដើម្បីបម្រើតណ្ហាអកុសលរបស់ខ្លួន និងបំភ្លេចចោលស្ទើរតែទាំងស្រុងនូវមាគ៌ាសុច្ចរឹតដែលជាក្រមសីលធម៌របស់មនុស្សលោក ។ ដោយជ្រាបនូវហេតុអកុសលយ៉ាងដូច្នេះហើយទើបមុនយាងចូលព្រះបរិនិព្វាន ព្រះពុទ្ធជាម្ចាស់ទ្រង់បានត្រាស់សម្ដែងផ្ដាំទាំងភិក្ខុ និងគ្រហស្ថនូវធម៌ចម្បងៗ៥យ៉ាង គឺ(អភិណ្ហប្បច្ចវេក្ខណៈធម៌) ដើម្បីពិចារណាជារឿយៗនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃថា៖
១/. ជរាធម្មោម្ហិ៖ ខ្លួននៃជីវិតអាត្មាអញនេះមានសេចក្ដីចាស់ជរា ជាធម្មតា មិនអាចកន្លងភាពចាស់ជរានេះបានឡើយ ។២/. ព្យាធិធម្មោម្ហិ៖ ខ្លួននៃជីវិតអាត្មាអញនេះមានសេចក្ដីឈឺចាប់ ជាធម្មតា មិនអាចកន្លងសេចក្ដីឈឺចាប់នេះបានឡើយ ។៣/. មរណធម្មោម្ហិ៖ ខ្លួននៃជីវិតអាត្មាអញនេះមានសេចក្ដីស្លាប់ចូលមក ជាធម្មតា មិនអាចកន្លងសេចក្ដីស្លាប់នេះបានឡើយ ។៤/. សព្វេហិ មេ បិយេហិ៖ ខ្លួននៃជីវិតអាត្មាអញនេះមានសេចក្ដីព្រាត់ប្រាសទៅនូវរបស់ជាទីស្រឡាញ់គាប់ចិត្តទាំងអស់ ជាធម្មតា មិនអាចកន្លងសេចក្ដីព្រាត់ប្រាសវិនាសទាំងនេះបានឡើយ ។៥/. កម្មស្សកោម្ហិ៖ ខ្លួននៃជីវិតអាត្មាអញនេះតែងមានកម្ម (អំពើ) ជារបស់ខ្លួន ជាធម្មតា កាលណាខ្លួនអាត្មាអញកសាងនូវអំពើជាកុសល នោះនឹងបានផលជាកុសលមកវិញ ប៉ុន្តែបើខ្លួនអាត្មាអញកសាងតែអំពើអកុសល (អំពើតិរច្ឆាន)លាមក ដែលនាំឱ្យអ្នកដទៃ និងសង្គមទាំងមូលវិនាសអន្តរាយ នោះខ្លួនអាត្មាអញនឹងទទួលនូវផលជាអកុសល ដែលនឹងត្រូវរស់រងទុក្ខវេទនាក្នុងរយៈពេលណាមួយមិនយឺតយូរឡើយនាអនាគតកាល ៕

ដោយ៖ ឈូកស
Cool FM 100.7

  • អ្នកអាចយកផ្កាយមកដាក់លើស្មាបាន ប៉ុន្តែអ្នកមិនអាចគេចផុតពីចំណងទាំង៥នេះទេ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:ជីវិតនិងសង្គម