រដ្ឋមន្រ្តីក្រសួងការពារជាតិថាលោក Duterte និយាយអត់ដឹងខ្យល់អីទេ

កាល​ពីថ្ងៃ​ពុធ​កន្លង​ទៅ​នេះ ​លោក​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​ហ្វីលីពីន​ បាន​ថ្លែង​ថា​៖ “ការ​ប្រើ​ប្រាស់​ភាសា​មិន​ពិរោះ​ពិសារ​មួយ​ចំនួន​របស់​លោក​ប្រធានាធិបតី​ Duterte ទៅ​កាន់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កាល​ពី​ពេល​កន្លង​ទៅ​នោះ ​គឺ​មក​ពី​លោក​ខ្វះ​ពត៌មាន​ដ៏​មាន​សារ​សំខាន់​មួយ​ចំនួន​ពី​ភាគី​អាមេរិក​” នេះ​បើ​យោង​តាម​សារ​ពត៌មាន​រ៉យទ័រ​ ដែល​បាន​ដក​ស្រង់​​សម្ដី​របស់​លោករដ្ឋ​មន្រ្តី​ ។​
រដ្ឋមន្រ្តីក្រសួងការពារជាតិថាលោក Duterte និយាយអត់ដឹងខ្យល់អីទេ

បន្ថែម​ទម្ងន់​ពាក្យ​សម្ដី​ធ្ងន់ៗ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ​កាល​ពី​ពេល​ថ្មីៗ​នេះ​ទៀត​សោត​ លោក​ប្រធានាធិបតី​ហ្វីលីពីន​ Rodrig​o Duterte បាន​ផ្លែផ្កា​ដាក់អាមេរិកថា៖ “ចំណងវិស័យយោធារបស់ហ្វីលីពីនជាមួយនឹងអាមេរិក គឺហ្វីលីពីនទទួលបានផលប្រយោជន៍តិចតួចណាស់ពីអាមេរិក” ។ តបទៅតាមការលើកឡើងនេះដែរ រដ្ឋលេខាធិការក្រសួងការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានចេញមកបកស្រាយដោយមិនចង់វាយប្រហារទៅកាន់លោក Duterte ថា៖ “ស្របពេលដែលសមត្ថភាពយោធាហ្វីលីពីនកំពុងនៅមានភាពទន់ខ្សោយនៅឡើយ ប៉ុន្តែបែរជាឥលូវនេះចំណងមិត្តភាពរវាងហ្វីលីពីន និងអាមេរិកត្រូវមកទទួលរងនូវភាពល្អក់កករទៅវិញ” ។
ព្រោះតែខឹងសម្បារទៅនឹងការលើកឡើងរបស់មជ្ឈដ្ឋានអន្តរជាតិមានដូចជាអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ដែលបានរិះគន់គោលនយោបាយប្រឆាំងការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីនសព្វថ្ងៃនៃរដ្ឋបាលរបស់លោកថាបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលបានសម្លាប់មនុស្សជាង១ពាន់នាក់, លោក Duterte បានក៏បានរិះគន់ចំៗឥតសំចៃមាត់ទៅកាន់មជ្ឈដ្ឋានអន្តរជាតិវិញ ជាពិសេសគឺប្រធានាធិបតីអាមេរិកលោកអូបាម៉ាផងដែរថា៖ “ទៅចុះនរកទៅ!” ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីការពារប្រមុខដឹកនាំរដ្ឋាភិបាលរបស់ខ្លួន និងសង្ឃឹមថាលោកនឹងកែប្រែជំហររបស់ខ្លួនពីការលុបចំណោលនូវចំណងមិត្តភាពជាមួយអាមេរិក រដ្ឋមន្រ្តីក្រសួងការពារជាតិក៏បានបន្ថែមថា៖ ការលើកឡើងរបស់លោក Duterte ដែលនិយាយផ្គើនទៅកាន់អាមេរិកថា៖ បើអត់ពីអាមេរិកទៅខ្លួននឹងងាកទៅរកចិន និងរុស្ស៊ីនោះ ក៏ព្រោះតែក្រសួងការពារជាតិហ្វីលីពីនមិនបានផ្ដល់ពត៌មានទូទៅដ៏មានសារសំខាន់មួយចំនួន ស្ដីពីកិច្ចសហប្រតិបត្តការយោធារវាងហ្វីលីពីននិងអាមេរិក ហើយក្នុងនោះដែរ អាមេរិកគឺជាដៃគូដ៏មានសារសំខាន់របស់ហ្វីលីពីនក្នុងការពង្រឹងវិស័យយោធារបស់ហ្វីលីពីនឱ្យកាន់តែខ្លាំងឡើងផងដែរ ៕
 

ដោយ៖ ឈូកស
ប្រភព៖ BI