ពលរដ្ឋ​មួយ​ភូមិ​លើកគ្នា​បិទផ្លូវ​ពេញ​១​ថ្ងៃ ខណៈ​គ្មាន​អាជ្ញាធរ​ចេញ​មុខ​ដោះស្រាយ

ខេត្តសៀមរាប ៖ អ្នក​ភូមិ​វត្ត​ប្រមាណ​ជាង​១០០​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​បិទ​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម​ប្រវែង​ជាង​២​គីឡូម៉ែត្រ​មិន​ឱ្យ​រថយន្ត​ដឹក​ខ្សាច់​ធំ​ៗ​របស់​ឈ្មួញ​បើកបរ​ឆ្លងកាត់​ភូមិ​បាន​ទេ ។ ហេតុការណ៍​នេះ​ធ្វើ​ឡើង​ពេញ​១​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​វត្ត ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។

ក្រុម​អ្នក​ភូមិ រួម​ទាំង​កុមារ​តូច​ៗ​ដែល​ក្នុង​ដៃ​មាន​កាន់​បដា សូម​អំពាវនាវ​ឱ្យ​អ្នកតំណាង​រាស្ត្រ អាជ្ញាធរ​ខេត្តសៀមរាប អាជ្ញាធរ​ស្រុក​បន្ទាយស្រី ព្រមទាំង​អាជ្ញាធរ​ឃុំ​ត្បែង ជួយ​ចាត់វិធានការ​បំបាត់​ការដ្ឋាន​បូម​ខ្សាច់​ដែល​គ្មាន​ច្បាប់​ទាំងនោះ​ផង ដោយ​ពួក​គាត់​បាន​ចោទប្រកាន់​រថយន្ត​ធំ​ៗ​ថា កំពុង​បំផ្លាញ​ផ្លូវលំ​ក្នុងភូមិ​របស់​ពួក​គាត់ ធ្វើ​ឱ្យ​ប៉ះពាល់​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​ដែរ ។

តំណាង​អ្នក​ភូមិ​វត្ត​បាន​មាន​ប្រសាសន៍​ថា ក្នុង​ពេល​ដែល​អ្នក​ភូមិ​ជា​ច្រើន​កំពុង​ឈរ​កាន់​បដា​បិទ​កំណាត់​ផ្លូវលំ​នោះ​ថា មាន​រយៈ ពេល​ប្រហែល​៦​ខែ​ហើយ ដែល​រថយន្ត​ដឹក​ខ្សាច់​ធំ​ៗ​រាប់​សិប​គ្រឿង​តែងតែ​បើក​ឆ្លងកាត់​ភូមិ​របស់​គាត់​ជា​រៀងរាល់ថ្ងៃ បណ្ដាល​ឱ្យ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ប្រវែង​ជាង​២​គីឡូម៉ែត្រ ត្រូវ​បាក់​ស្រុត ធ្វើ​ឲ្យ​មាន​ជ​ង្ហុ​គ​ជ្រៅ​ៗ ព្រមទាំង​កន្លែង​ខ្លះ​បណ្ដាល​ឱ្យ​ប្រេះ​បែក​លូ បង្ហូរទឹក​ទៀត​ផង ។

លោក ហេង ធា​រិ​ទ្ធិ ដែល​ជា​ប្រជាពលរដ្ឋ​ក្នុងភូមិ​វត្ត បាន​បញ្ជាក់​ថា ពួក​គាត់​បាន​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ភូមិ​-​ឃុំ​៣-៤​ដង​ហើយ ដើម្បី​ឱ្យ​ជួយ​ចាត់វិធានការ​បញ្ឈប់​ការដ្ឋាន​បូម​ខ្សាច់​នៅ​ក្បែរ​ៗ​ភូមិ​របស់​គាត់ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​ចេញ​ជា​ផ្លែផ្កា​អ្វី​ទេ ទើប​អ្នក​ភូមិ​បង្ខំចិត្ត​ប្រមូលផ្ដុំ​គ្នា​បិទផ្លូវ​ដោយ​ខ្លួនឯង​។ «​ផ្លូវ​នេះ វា​កើត​ចេញពី​ញើស​ឈាម​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា រួម​ទាំង​ព្រះសង្ឃ​ផង​ដែរ​» ។ លោក​បន្ត​ថា ពួក​គាត់​សូម​ទាមទារ​ឱ្យ​ការដ្ឋាន​បូម​ខ្សាច់​ទាំងនោះ​ឈប់​បើកបរ​ឡាន​ដឹក​ខ្សាច់​ឆ្លងកាត់​ភូមិ​តទៅ​ទៀត ពីព្រោះ «​ខែប្រាំង​គឺ​ធ្វើ​ឱ្យ​ដី​ហុយ​ខ្លាំង ឯ​ខែវស្សា​គឺ​ស្រុត​ខូច​ផ្លូវ​» ។

គួរ​រម្លឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ចំនួន​១០២​គ្រួ​សារបាន​រួម​គ្នា​ផ្ដិត​មេដៃ ធ្វើ​ពាក្យបណ្ដឹង​ដាក់​ជូន​មេ​ភូមិ​វត្ត មេឃុំ​ត្បែង ព្រមទាំង​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត ដើម្បី​ឱ្យ​ចាត់វិធានការ​ទៅ​លើ​ការដ្ឋាន​បូម​ខ្សាច់​គ្មាន​ច្បាប់​ជា​ច្រើន​កន្លែង ដែល​កំពុង​តែ​គំរាមកំហែង​ទៅ​លើ​ការ​បាក់​ដីស្រែ​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ ព្រមទាំង​ដឹក​ជញ្ជូន​ធ្វើ​ឱ្យ​ខូច​ផ្លូវលំ​ផង​នោះ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​អាជ្ញាធរ​ណា​ចេញ​មុខ​ដោះស្រាយ​ជូន​ពួក​គាត់​បាន​នៅឡើយ ។

ចំណែក​រថយន្ត​ធំ​ៗ​ដឹក​ខ្សាច់​របស់​ពួក​ឈ្មួញ​បាន​បើក​ឆ្លងកាត់ ធ្វើ​ឱ្យ​ហុយ​ដី​ទ្រលោម​នៅ​ខែប្រាំង និង​បែក​ភក់​វ៉​ល់​នៅ​ខែវស្សា ធ្វើ​ឱ្យ​សិស្សានុសិស្ស​ពិបាកធ្វើ​ដំណើរ​ទៅ​សាលារៀន​ទៀត​ផង ព្រោះ​ឡាន​ទាំងនោះ​បាន​ជះ​ភក់​ដាក់​ប្រឡាក់​ខោអាវ​អស់ ។

ជុំវិញ​ករណី​ខាងលើ លោក ហ៊ា​ប ថា មេឃុំ​ត្បែង មាន​ប្រសាសន៍​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៦ ថា លោក​ពុំ​ទាន់​បានដឹង​រឿង​អ្នក​ភូមិ​វត្ត​បិទផ្លូវ​មិន​ឱ្យ​ឡាន​ដឹក​ខ្សាច់​ឆ្លងកាត់​នោះ​ទេ ពីព្រោះ​តែ​លោក​ជាប់រវល់​ដើរ​ចល័ត​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត ។ លោក​បាន​បញ្ជាក់​ថា លោក​គាំទ្រ​ចំពោះ​អ្នក​ភូមិ​វត្ត​ដែល​បិទ​កំណាត់​ផ្លូវលំ​មិន​ឱ្យ​រថយន្ត​ដឹក​ខ្សាច់​ឆ្លងកាត់ ពីព្រោះ​ក្រុម​ឈ្មួញ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​ដែល​គិតគូរ​ដល់​រឿង​ខូច​ផ្លូវ​ឡើយ ។ លោក​មេឃុំ​ត្បែង​មាន​គំរោង​នឹង​កោះហៅ​ក្រុម​ឈ្មួញ​បូម​ខ្សាច់​ទាំងនោះ​ទៅ​ជួប​ពិភាក្សា​គ្នា ដើម្បី​លើកយក​ពី​បញ្ហា​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​ខូចខាត​ផ្លូវ​នៅ​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦​ស្អែក​នេះ ៕