ប្រាសាទព្រះវិហារ​នឹង​ទទួល​បានការ​ជួសជុល​ពី​ប្រទេស​មួយ​ចំនួន

ខេត្តសៀមរាប ៖ កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​២ នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស និង​លើក​តម្លៃ​ប្រាសាទព្រះវិហារ ហៅ​កាត់​ថា «ICC-PV» នៅ​សាលសន្និសីទ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ចប់​នា​ល្ងាច​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ ២០១៦ ។ អង្គប្រជុំ​នេះ​មាន​ប្រទេស​ចិន និង​ឥណ្ឌា​ជា​សហ​ប្រធាន ក្រោម​អធិបតីភាព​លោក​យឹ​ម ណុ​ល​ឡា ទេស​រដ្ឋមន្ត្រី​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ តំណាង​បណ្ឌិត​សភាចា​រ្យ​សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​យូ​ណេ​ស្កូ និង​លោក​បណ្ឌិត ហាវ ពីង អនុរដ្ឋមន្ត្រី​អប់រំ​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​ជា​ប្រធាន​គណៈកម្មាធិការ​យូ​ណេ​ស្កូ​ចិន ព្រមទាំង​មានការ​ចូលរួម​ពី​សមាជិក​ជា​ច្រើន​ប្រទេស​ដូច​ជា ថៃ បែ​ល​ហ្ស៊ិ​ក ជប៉ុន បារាំង សហរដ្ឋអាមេរិក កូរ៉េ​ខាងត្បូង និង​សហព័ន្ធ​សហភាព​រុ​ស្ស៊ី ជា​អ្នក​សង្កេតការណ៍ ។

លោក​បណ្ឌិត គឹ​ម សេ​តារា ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ក្រោយ​ពេល​បញ្ចប់​កិច្ចប្រជុំ​ថា នេះ​ជា​ការ​ប្រជុំ​បច្ចេកទេស​ប្រចាំឆ្នាំ​លើក​ទី​២ នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស និង​លើក​តម្លៃ​ប្រាសាទព្រះវិហារ ហៅ​កាត់​ថា «ICC-PV»​។ កិច្ចប្រជុំ​នេះ​ផ្តោត​សំខាន់​លើ​បច្ចេកទេស​នៃ​ការ​រៀបចំ​ផែនទី​ហានិភ័យ និង​កិច្ចការ​អភិរក្ស ការ​រៀបចំ​ផែនទី​បុរាណវិទ្យា ការ​អភិរក្ស​ព្រៃឈើ ការ​គ្រប់គ្រង​ទេសចរណ៍ និង​ការ​អភិវឌ្ឍ​សហគមន៍ ។

កិច្ចប្រជុំ​ពេញ​មួយ​ថ្ងៃ​បាន​ទទួលលទ្ធផល​ផ្លែផ្កា​គាប់ប្រសើរ​ជាទី​បំផុត និង​មានការ​កោតសរសើរ​អ្នកជំនាញ​យូ​ណេ​ស្កូ ក្រោយ​ពី​ចូល​ទៅ​ពិនិត្យ​មើល​ជាក់ស្តែង​នៅ​ប្រាសាទ​ព្រះ​វិហារ​ថា បន្ទាប់​ពី​ទទួល​បាន​អនុសាសន៍ និង​មតិយោបល់​របស់​អ្នកជំនាញ​អន្តរជាតិ​មក អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ធ្វើការ​បាន​លទ្ធផល​ល្អ​ច្រើន ដោយ​មិន​មាន​ជំនួយ​ថវិកា​មក​ពី​ខាង​ណា​ក្រៅពី​បច្ចេកទេស ។ ក្នុង​នោះ​ដែរ អ្នកជំនាញ​ខ្មែរ​ទាំងអស់​ធ្វើការ​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ ដែល​ធ្វើ​ឱ្យ​តំបន់​ព្រះ​វិហារ​មានការ​រីក​ចម្រើន​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់ ។
លើស​ពី​នោះ​ទៅ​ទៀត អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​ទទួល​ការ​សន្យា និង​ការ​ប្តេជ្ញា​ចិត្ត​រួម​ដំណើរ​ជួយ​សហការ​ជួសជុល​អភិរក្ស​ប្រាសាទព្រះវិហារ​ជាមួយ​កម្ពុជា​ផង​ដែរ​ពី​សមា​ជិក​នៃ​អាយ​ស៊ី​ស៊ី​-​ព្រះ​វិហារ ដូច​ជា​ប្រទេស​ចិន ប្រទេស​ឥណ្ឌា នឹង​ជួយ​ជួសជុល​គោ​បុ​រៈ​ទី​១ ទី​២ ទី​៣ និង​ទី​៥ ឯ​សហព័ន្ធ​សហភាព​រ៉ូ​ស្ស៊ី ក៏​មាន​បំណង​ជួយ​ជួសជុល​គោ​បុ​រៈ​ទី​៤​ផង​ដែរ ។ ចំណែក​ប្រទេស​ថៃ ក៏​នឹង​ជួយ​ជួសជុល​អភិរក្ស​ប្រាសាទ​មួយ​នៅ​រមណីយដ្ឋាន​កោះ​កេរ​។ ប្រទេស​ជា​សមាជិក​ទាំងអស់​ដែល​សន្យា​ជួយ នឹង​ចាប់ផ្តើម​សិក្សា​ស្រាវ​ជ្រាវ​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​ទាំង​នៅ​ប្រាសាទព្រះវិហារ និង​តំបន់​កោះ​កេរ ។

ក្រៅពី​ការ​ជួសជុល​អភិរក្ស​ប្រាសាទ​ជា​កិច្ច​ចម្បង​ហើយ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ក៏​បាន​យកចិត្តទុកដាក់​ជា​ខ្លាំង​ពី​បញ្ហា​ទឹក បរិស្ថាន ព្រៃឈើ សហគមន៍ ទេសចរណ៍ ព្រោះ​បញ្ហា​ទាំងនេះ​ជា​អាយុជីវិត​នៃ​ការ​អភិវឌ្ឍ និង​អភិរក្ស​បេតិកភណ្ឌ​ពិភពលោក​ប្រកបដោយ​ចីរភាព ។

ទាំងនេះ​ជា​លទ្ធផល​ដែល​គួរ​ឱ្យ​មោទនភាព​បំផុត សម្រាប់​ក្រុមការងារ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ដែល​មាន​តួនាទី​គ្រប់គ្រង អភិរក្ស និង​រៀបចំ​តំបន់​ព្រះ​វិហារ និង​កោះ​កេរ ដែល​ជា​មរតក​បេតិកភណ្ឌ​របស់​ខ្មែរ និង​ពិភពលោក ៕