សោ​ភ័​ណ្ឌ លី​ន​ដា បង្ហាញ​រូបភាពថើប និង​ស្រឡាញ់​ស្រី​ដូច​គ្នា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ថ្មី​នាង​សោ​ភ័​ណ្ឌ លី​ន​ដា បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​នាង ប្រកាស​ថា មិន​មាន​អ្វី​ខុស​ទេ​គ្រាន់តែ​ស្រឡាញ់​ស្រី​ដូច​គ្នា​នោះ​។

ការ​បង្ហោះ​សារ​ខ្លី​នោះ ធ្វើ​ឲ្យ​មិត្ត​ក្នុង​ហ្វេ​ស​ប៊ុ​ក ភ្ញាក់ផ្អើល និង​ហួសចិត្ត ។

បន្ទាប់​ពី​បង្ហោះ​សារ​មួយ​ឃ្លា​នោះ​រួច​មក សោ​ភ័​ណ្ឌ លី​ន​ដា បាន​បង្ហោះ​រូប​ថើប​មាត់​គ្នា​ជាមួយ​មនុស្ស​ស្រី​ម្នាក់​នៅ​ក្នុង​ពិធី​មួយ ធ្វើ​ឲ្យ​គេ​រឹតតែ​ចាប់អារម្មណ៍​ខ្លាំង​ឡើង ។
មិត្ត​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​បាន​សួរ​បញ្ជាក់​អំពី​រឿង​នេះ ហើយ​សោ​ភ័​ណ្ឌ លី​ន​ដា ឆ្លើយ​តប​ដូច​ទៅ​នឹង​អ្វី​ដែល​នាង​បាន​សរសេរ ព្រមទាំង អះអាង​ថា «​ស្រី​ស្រឡាញ់​មិន​បាន ចុះ​ប្រុស​ស្រឡាញ់​ប្រុស​នោះ ហើយ​នៅ​បរទេស​ក៏​មានច្បាប់​នេះ​រួច​ហើយ​» ។

មិត្ត​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​គាំទ្រ និង​មួយ​ចំនួន​ទៀត​ប្រឆាំង ព្រោះ​គេ​មិន​ជឿ​ថា រឿង​មួយ​នេះ​មិន​អាច​កើតឡើង​ចំពោះ​សោ​ភ័​ណ្ឌ លី​ដា ទេ ។

កាលពី​ថ្ងៃ​ទី​៤ តុលា ២០១៦ ថ្លែងប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក តារា​សម្តែង​វ័យក្មេង​ដែល​មាន​មូលដ្ឋាន​មក​ពី​តំបន់​អ្នក​លឿង​នាង សោ​ភ័​ណ្ឌ លី​ន​ដា អះអាង​ថា ចំពោះ​សារ​ដែល​នាង​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នោះ​គ្រាន់តែ​ជា​ការ​និយាយ​លេង​ប៉ុណ្ណោះ ពោល​គឺ​មិន​មានរឿង​បែប​នេះ​កើតឡើង​ចំពោះ​នាង​ទេ ។ ចំពោះ​រូបភាព​ដែល​នាង​បង្ហោះ​ថើប​គ្នា​ជាមួយ​នារី​ម្នាក់​នោះ គឺ​នាង​ថត​នៅ​ក្នុង​ពិធី​ខួបកំណើត​របស់​នាង ហើយ​នារី​ម្នាក់​នោះ​ជា​មិត្តភក្តិ​ជិត​ស្និទ្ធ​របស់​នាង ។

បើ​តាម​នាង​សោ​ភ័​ណ្ឌ លី​ដា ថា កន្លង​មក​មាន​អ្នក​យល់​ច្រឡំ​ចំពោះ​នាង​បែប​នោះ​ដែរ ដោយសារ​តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​នាង​ឧស្សាហ៍​ទៅ​ណា​មក​ណា​ជាមួយ​នារី​ដូច​គ្នា ហេតុនេះ​សារ​ដែល​នាង​សរសេរ​នោះ​គ្រាន់តែ​ចង់​ពន្យល់​ថា ប្រសិនបើ​មាន​ករណី​ស្រឡាញ់​ភេទ​ដូច​គ្នា​មែន​នោះ​មិន​ខុស​អ្វី​ទេ ។

សោ​ភ័​ណ្ឌ លី​ន​ដា នៅ​មិន​ទាន់​ហ៊ាន​បញ្ចេញ​អត្តសញ្ញាណ​គូស្នេហ៍​ថ្មី​របស់​នាង​នៅឡើយ​ទេ ព្រោះ អ្វី​ៗ​ស្ថិត​ក្នុង​ដំណាក់កាល​ឈ្វេងយល់​ចិត្ត​គ្នា ។ នាង​បញ្ជាក់​ថា «​រឿងរ៉ាវ​ស្នេហា​នាង​ខ្ញុំ​មិន​អាច​និយាយ​បាន​នា​ពេល​នេះ​នៅឡើយ​ទេ ព្រោះ​នាង​ខ្ញុំ​ធ្លាប់​មានបទពិសោធន៍​បែកបាក់​ស្នេហា​ម្តង​ហើយ ។ មេរៀន​នេះ​នៅ​តែ​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​នាង​ខ្ញុំ​ជា​និច្ច​» ។

កន្លង​មក​នាង​សោ​ភ័​ណ្ឌ លី​ន​ដា ធ្លាប់ អះអាង​ថា បញ្ហា​គូស្រករ​នាង​សម្រេច​លើ​ម្តាយ​របស់​នាង​ជា​ជ្រើសរើស​ឲ្យ ព្រោះ​នាង​ទុកចិត្ត​ជាង​ការ​ជ្រើសរើស​ដោយ​ខ្លួនឯង ។

តារា​សម្តែង​នាង​សោ​ភ័​ណ្ឌ លី​ន​ដា បាន​ពើបប្រទះ​រឿងរ៉ាវ​ស្នេហា​បែកបាក់​ម្តង​រួច​មក​ហើយ​ជាមួយ​បុរស​ម្នាក់​ដែល​ជា​តារា​សម្តែង និង​ជា​អ្នក​ថត​នៅ​ផលិតកម្ម​ក្នុងស្រុក​មួយ​។​មុន​ពេល តារា​រូប​នេះ​ផ្ទុះ​រឿងរ៉ាវ​ស្នេហា​បែកបាក់ នាង ធ្លាប់​ត្រូវ​ម៉ែ​យ៉ែ​ម​ទាក់ទង​ឲ្យ​ទៅ​បុរស​អ្នកមាន​ម្នាក់ តែ​ត្រូវ​នាង​បដិសេធ ។

ចាប់តាំងពី​ផ្ទុះ​រឿងរ៉ាវ​ផ្ទួន​ៗ​គ្នា​រួច​មក សោ​ភ័​ណ្ឌ លី​ន​ដា បាត់​មុខ​ពី​ពិភព​សិល្បៈ​មួយ​រយៈ ប៉ុន្តែ​នា​ពេល​នេះ​នាង​អះអាង​ថា ការងារ​សិល្បៈ​បាន​ចាប់ផ្តើម​ជា បណ្តើរ​ៗ​ឡើង​វិញ​ហើយ ៕