រដ្ឋមន្ត្រី​បរិស្ថាន ឲ្យ​យុវជន​យកចំណេះ​ដឹង​មក​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ

រដ្ឋមន្ត្រី​បរិស្ថាន ឲ្យ​យុវជន​យកចំណេះ​ដឹង​មក​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ



ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦​នៅ​ទីស្តីការក្រសួង លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​អនុញ្ញាត​ឱ្យ​យុវជន​មក​ពី​ស្ថាប័ន​ផ្សេង​ៗ​គ្នា ទាំង​ស្ថាប័នរដ្ឋ ស្ថាប័នឯកជន និង​អង្គការ ដែល​ទទួល​បាន​អាហារូបករណ៍​ត្រៀម​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​នៅ​ពេល​ខាង​មុខ​ចំនួន​១២​រូប ចូល​ជួប​សំណេះសំណាល និង​ទទួល​បាន​នូវ​បទ​ពិសោធន៍​មួយ​ចំនួន​អំពី​ការ​សិក្សា​នៅ​ក្រៅប្រទេស​។

នា​ឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​យុវជន ក្នុង​ការ​បំពេញ​កិច្ចការ ក៏​ដូច​ជា​ការ​ពង្រឹង​នូវ​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ជា​ការ​បំពេញបន្ថែម​ដែល​ខ្លួន​គ្មាន​។

ជាមួយ​គ្នា​នោះ លោក​រដ្ឋមន្ត្រី ក៏​បាន​សំណូមពរ​ឱ្យ​យុវជន​ទាំងអស់​ត្រូវ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​រៀន​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ និង​ដើម្បី​យកចំណេះ​ដឹង​ទាំងនោះ​មក​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន និង​ចូលរួម​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ទាំងមូល​ផង​ដែរ​៕