Silva៖ ព័រទុយហ្គាល់នឹងប្រឹងឲ្យអស់ពីសមត្ថភាពពេលជួប អង់ដូរ៉ា

ក្រុមម្ចាស់ជើងឯកប្រចាំទ្វីបអឺរ៉ុប ព័រទុយហ្គាល់ នឹងមិនធ្វើឲ្យកេរិ៍្តឈ្មោះរបស់ពួកគេធ្លាក់ចុះអំឡុងពេលការប្រកួតជម្រុះ World Cup ខាងមុខនេះនៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអង់ដូរ៉ា និងកោះហ្វារ៉ូ ឡើយ។

Andre-Silva

នេះបើយោងទៅតាមការបញ្ជាក់របស់ខ្សែប្រយុទ្ធ Andre Silva របស់ក្លិប FC Porto កាលពីថ្ងៃពុធ។ នៅមុនពេលធ្វើការហ្វឹកហាត់ ខ្សែប្រយុទ្ធរូបនេះបានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «យើងនឹងធ្វើការវាយសម្រុកឲ្យបានច្រើនតាមដែលអាច និងព្យាយាមរកគ្រាប់បាល់បញ្ចូលទីឲ្យបានលឿនតាមដែលអាច»។

ខ្សែប្រយុទ្ធរូបនេះបានប្រាប់បន្តថា៖ «ខ្ញុំដឹងថា គ្រប់គ្នាចាត់ទុកយើងជាក្រុមមានប្រៀបក្នុងការឈ្នះ យើងដឹងថា យើងគឺជាក្រុមមានប្រៀបក្នុងការឈ្នះ ប៉ុន្តែ យើងមិនអាចធ្វើឲ្យកេរិ៍្តឈ្មោះធ្លាក់ចុះឡើយ។ យើងមានបំណងក្នុងការធ្វើឲ្យយើងទទួលជ័យជម្នះរាល់ការប្រកួតទាំងអស់»។

Silva វ័យ២០ឆ្នាំ ដែលទទួលបានការកោះហៅឲ្យចូលលេងក្នុងក្រុមជម្រើសជាតិជាលើកដំបូងកាលពីខែមុន សម្រាប់ការប្រកួតមិត្តភពជាមួយនឹងក្រុមជម្រើសជាតិហ្ស៊ីប្រាល់តា និងការប្រកួតជម្រុះ World Cup ជាមួយនឹងក្រុមជម្រើសជាតិស្វ៊ីសនោះ បានឲ្យដឹងថា រូបគេពិតជាមោទនភាពណស់ក្នុងការលេងជាដៃគូជាមួយនឹងខ្សែប្រយុទ្ធ Cristiano Ronaldo។

កីឡាកររូបនេះ បានបន្ថែមទៀតថា៖ «ខ្ញុំមិនធ្លាប់បានចូលរួមជាមួយនឹងក្រុមនេះរយៈពេលជាយូរមកហើយ ប៉ុន្តែ រូបគេជាកីឡាករដ៏ឆ្នើមបំផុតក្នុងពិភពលោក។ គ្រាន់តែឈរក្បែររូបគេក្នុងក្រុមតែមួយ វាធ្វើឲ្យខ្ញុំរីករាយណាស់ ហើយខ្ញុំសង្ឃឹមថា អាចរកគ្រាប់បាល់បញ្ចូលទីជាច្រើនជាមួយនឹងរូបគេ។ ខ្ញុំពិតជាមានមោទនភាពណាស់»។

ក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងសម្លឹងរកការដណ្តើមឲ្យបាន៣ពិន្ទុនៅពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុមអង់ដូរ៉ា នៅថ្ងៃព្រហស្បតិ៍ ស្អែកនេះ ដើម្បីប្រជែងយកការឈ្នះកៅអីទៅកាន់ World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី ជាស្វ័យប្រវត្តិ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

ប្រភពព័ត៌មាន៖ sports.yahoo.com

The post Silva៖ ព័រទុយហ្គាល់នឹងប្រឹងឲ្យអស់ពីសមត្ថភាពពេលជួប អង់ដូរ៉ា appeared first on CamboSport.