ចិន និងកាតា សម្លឹងរកការស្តារមុខមាត់ក្នុងជម្រុះ World Cup ល្ងាចនេះ

ក្រុមបាល់ទាត់ជម្រើសជាតិចិន និងក្រុមកាតា ដែលជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០២២ នឹងត្រូវធ្វើការប្រជែងយកបីពិន្ទុ ខណៈដែលពួកគេនឹងសម្លឹងរកការស្រោចស្រង់ការប្រជែងរបស់ពួកគេដើម្បីឈ្នះកៅអីឈានទៅប្រកួត World Cup ឆ្នាំ២០១៨ នៅល្ងាចនេះ។

ft-img-template

ក្រុមជម្រើសជាតិចិន ដែលមាន១ពិន្ទុពីការប្រកួតបើកឆាកពីរលើក នឹងត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិស៊ីរី ខណៈដែលកាតា នឹងត្រូវតែខិតខំព្យាយាមឲ្យអស់ពីសមត្ថភាពនៅពេលប្រកួតជាមួយនឹងកូរ៉េខាងត្បូង ដែលមានខ្សែប្រយុទ្ធឆ្នើម Son Heung-Min។

ក្រុមម្ចាស់ជើងឯកប្រចាំអាស៊ី អូស្ត្រាលី បានដណ្តើមជ័យជម្នះ២លើកពីការប្រកួតជម្រុះទាំង២លើកដំបូងរបស់ពួកគេ ប៉ុន្តែ ក្រុមខ្លាំងផ្សេងទៀតក្នុងតំបន់នេះ មិនបានជួបការប្រកួតដ៏ងាយស្រួលក្នុង World Cup ឡើយ។ ក្រុមជម្រើសជាតិជប៉ុន ដែលបានរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិអេមីរ៉ាតអារ៉ាប់រួម ក្នុងការប្រកួតបើកឆាករបស់ពួកគេនោះ បានធ្វើការស្រោចស្រង់វិញតាមរយៈការផ្តួលក្រុមជម្រើសជាតិថៃ ហើយពួកគេនឹងក្លាយជាក្រុមមានប្រៀបច្រើនក្នុងការឈ្នះ នៅពេលដែលពួកគេជួបក្រុមជម្រើសជាតិអ៊ីរ៉ាក់ ក្នុងទីក្រុង Saitama។

ក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមជម្រើសជាតិស៊ីរី ក្នុងការប្រកួតលើកទី២របស់ពួកគេ ពួកគេរំពឹងទុកថា អាចផ្តល់ការខកចិត្តដល់ក្រុមជម្រើសជាតិកាតា ក្នុងការប្រកួតជម្រុះ World Cup នៅទីក្រុង Suwon។

កាតា កំពុងតែខិតខំព្យាយាមប្រជែងយកកៅអី World Cup ជាលើកទី១របស់ពួកគេ នៅមុនពេលពួកគេធ្វើជាម្ចាស់ផ្ទះក្នុងយុទ្ធនាការនេះ នៅឆ្នាំ២០២២ ប៉ុន្តែ ការរងបរាជ័យជាលើកទី៣នឹងធ្វើឲ្យឱកាសរបស់ពួកគេកាន់តែស្តួចស្តើង។ ពួកគេក៏កំពុងតែដោះស្រាយបញ្ហាក្នុងក្រុមរបស់ខ្លួនផងដែរ ក្រោយពីលោក Jose Daniel Carreno ត្រូវបានបណ្តេញចេញ និងត្រូវជំនួសដោយលោក Jorge Fossati កាលពីដើមខែនេះ។ នៅមុនពេលធ្វើដំណើរទៅកូរ៉េខាងត្បូង លោក Fossati វ័យ៦៣ឆ្នាំ បានប្រាប់ថា៖ «ខ្ញុំជឿជាក់ថា កាតា អាចឆ្លងផុតវគ្គជម្រុះ។ វានឹងក្លាយជាការប្រកួតដ៏លំបាក ប៉ុន្តែ ខ្ញុំមានសិទិដ្ឋិនិយម»៕

កម្មវិធីប្រកួតនៅថ្ងៃនេះ

ជប៉ុន v អ៊ីរ៉ាក់ – 5:35 ល្ងាច
កូរ៉េខាងត្បូង v កាតា – 6 ល្ងាច
ចិន v ស៊ីរី – 6:35 ល្ងាច
អ៊ូសបេគីស្ថាន v អ៊ីរ៉ង់ – 8 យប់
អេមីរ៉ាតអារ៉ាប់រួម v ថៃ – 11 យប់

The post ចិន និងកាតា សម្លឹងរកការស្តារមុខមាត់ក្នុងជម្រុះ World Cup ល្ងាចនេះ appeared first on CamboSport.