សាន ផានិត មិនទាន់សង្ឃឹមពីលទ្ធផល ក្នុងការវិលចូលសិល្បៈផង ស្រាប់តែបណ្តាក្លឹបល្បីៗ ស្វាគមន៍លោកនូវតម្លៃខ្លួនខ្ពស់!

ភ្នំពេញ៖ ក្រោយពីត្រឡប់ចូលសិល្បៈមិនបានប៉ុន្មានផង តារាចម្រៀងប្រុស សាន ផានិត ត្រូវបានគេសង្កេតឃើញថា សន្ទុះនៃប្រជាប្រិយភាពរបស់រូបលោក ហាក់ដូចជាកើនឡើងវិញ មិនគួរឲ្យជឿ។

ស្របនឹងកេរ្តិ៍ឈ្មោះ ហាក់ដូចជាឡើងស្រឺតៗ បានធ្វើឲ្យឱកាសទីផ្សារក្នុងសិល្បៈ របស់តារាចម្រៀង កំពុងមមាញឹកធ្វើបទ Original Song រូបនេះ ក៏អំណោយផលទៅតាមនោះផងដែរ ដែលនាពេលបច្ចុប្បន្ន រូបលោកទទួលបានការងារជាច្រើន ស្ទើរតែរកពេលសម្រាកគ្មាន។

លោក សាន ផានិត បានប្រាប់មក Khmerload ថា សព្វថ្ងៃនេះ រូបលោកពិតជារវល់យ៉ាងខ្លាំងក្នុងរង្វង់សិល្បៈ។ ជាពិសេសថ្មីៗនេះ មានក្លឹបមួយចំនួន បានអញ្ជើញលោកទៅច្រៀង ដោយផ្តល់ឲ្យនូវតម្លៃខ្លួនខ្ពស់ លើសកាលពីមុន ៣ ទៅ ៤ដង ឯណោះ។ 

ប៉ុន្តែទោះជាយ៉ាងណា រូបលោក មិនបានប្រាប់យ៉ាងក្បោះក្បាយនោះទេ ពីតម្លៃខ្លួនដែលទទួលបាននៅក្នុងក្លឹបនោះ គ្រាន់តែបានបង្ហើបបន្តិចថា វាពិតជាខ្ពស់គួរសម។

តារាប្រុសរូបនេះបានបន្តថា កាលពីថ្ងៃទី១ ខែតុលាកន្លងទៅនេះ ក្លឹប JJ នៅក្រុងព្រះសីហនុ បានអញ្ជើញរូបលោកទៅច្រៀងផងដែរ ដែលទទួលបានការជោគជ័យខ្ពស់ គួរឲ្យកត់សម្គាល់។ ជាពិសេស នៅថ្ងៃទី៧ ខាងមុខនេះ រូបលោក ក៏នឹងបង្ហាញខ្លួន ជាតារាចម្រៀងកិត្តិយស នៅក្នុងក្លឹបដ៏ធំមួយ គឺក្លឹប RCA ផងដែរ។

ជាមួយគ្នានោះដែរ ក្លឹប RCA ដែលលោក សាន ផានិត បាននិយាយខាងលើ ត្រូវបានគេដឹងថា ជាក្លឹបមួយ ដែលអញ្ជើញតែកំពូលតារាចម្រៀងល្បីៗ ទៅច្រៀងនោះទេ ដូចជា លោក ព្រាប សុវត្ថិ កញ្ញា មាស សុខសោភា និងតារាស្រីថៃ Pancake ជាដើម។ ប៉ុន្តែនៅថ្ងៃស្អែក លោក សាន ផានិត ក៏មានវត្តមាននៅក្នុងក្លឹប RCA ជាតារាចម្រៀង កិត្តិយសផងដែរ។

នេះជាសមិទ្ធផលដ៏ត្រចះត្រចង់មួយ របស់លោក សាន ផានិត ទទួលបាន ក្រោយពី ត្រឡប់ចូលសិល្បៈម្តងទៀត ដែលបច្ចុប្បន្ន មានបណ្តាក្លឹបល្បីៗ ស្វាគមន៍រូបលោកជាមួយនឹងតម្លៃខ្លួនខ្ពស់៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាចម្រៀង សាន ផានិត បានចេញ MV បទ «គ្មានសិទ្ធិ» ជាផ្លូវការហើយ។

ដូចទៅនឹងការរំពឹងទុក និងឆ្លើយតបការរង់ចាំតាមដានពីទស្សនិកជនផងនោះ ទើបនៅក្នុងថ្ងៃនេះវីដេអូ MV បទ «គ្មានសិទ្ធិ» ដែលជាចម្រៀង Original ទីពីររបស់តារាចម្រៀង សាន ផានិត បានចេញផ្សាយជាផ្លូវការហើយ ពោលគឺជាសាច់រឿងភាគបន្តពីបទ «ផ្កាយព្រះអង្គារ» តែម្តង។

គួររំលឹកដែរថា លោកសាន ផានិត ធ្លាប់បានរៀបរាប់ឲ្យ Khmerload ដឹងថា៖ «បទផ្កាយព្រះអង្គារ មានលក្ខណៈបែបចម្រៀងប្រលោមលោក បែបស្រមើលស្រមៃ ដែលតួប្រុសមានឋានៈតូចទាប មិនហ៊ានឈោងចាប់ផ្កាយព្រះអង្គារដែលនៅខ្ពស់ ដែលធ្វើឲ្យ MV មួយនេះចេញមក គឺមិនដូចជា MV ជាលក្ខណៈសាច់រឿង ដូចជា MV ចម្រៀងដទៃឡើយ។ ប៉ុន្តែសម្រាប់ MV បទផ្កាយព្រះអង្គារនេះផងដែរ ក៏មានជា Series ត ឬក៏ជាMV ចម្រៀងតផងដែរ ដោយបទចម្រៀងក្រោយនេះ មានចំណងជើងថា គ្មានសិទ្ធិ »។

គួរបញ្ជាក់ទៀតថា បទចម្រៀង ផ្កាយព្រះអង្គារ គឺជាបទចម្រៀង Original ដំបូងបង្អស់របស់តារាចម្រៀងជើងចាស់ លោក សាន ផានិត ដែលត្រូវបានផលិតដោយក្រុមនិពន្ធបទភ្លេង (Original Music Team) មានដូចជា លោក ឫទ្ធីរ៉ា និង លោក ហួយ ឡូសូ៕

ហេតុដូច្នេះកុំឲ្យខាតពេលយូរ យើងមកទស្សនាបទចម្រៀង គ្មានសិទ្ធិ ដែលជាសាច់រឿងតពីបទ ផ្កាយព្រះអង្គារ ទាំងអស់គ្នា!

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload