វិធីសាស្ត្រ ក្នុងការដោះស្រាយ បញ្ហានឿយហត់ ឬអាការៈអស់កម្លាំងខ្លាំង

ជាធម្មតា អាការៈអស់កម្លាំងគឺជាអារម្មណ៍ដែលនឿយហត់នោះឯង។ អ្នកដែលរងអាការៈអស់កម្លាំងនេះ អាចបណ្តាលមកពីខាងរាងកាយ ឬខាងផ្លួវចិត្ត ឬទាំង ២ ក៏មាន។ វាជារឿងពិតដែលមនុស្សយើង ចាប់ផ្តើមថយថាមពល នៅពេលដែលបំពេញកិច្ចការណាមួយចប់។ ទោះជាយ៉ាងណា មនុស្សមួយចំនួន ទទួលរងអាការៈគ្មានកម្លាំងកំហែងដោយសារ កង្វះអាហាររូបត្ថម្ភ មកបំពេញថាមពលទៅវិញ។

អត្ថបទនេះ នឹងបង្ហាញអ្នកអំពី ឫសគល់ដែលបង្ក ឲ្យមនុស្សមួយចំនួន មានបញ្ហាអស់កម្លាំងជាប្រចាំ ជាមួយនឹងដំណោះស្រាយ ផងដែរ។ 

១. គេងមិនបានគ្រប់គ្រាន់

សព្វថ្ងៃនេះ មនុស្សភាគច្រើន មិនសូវជាចូលគេងពីព្រលប់ បានទៀងទាត់នោះទេ។ ការដែលអ្នកមិនបានគេងយប់ ឲ្យបានគ្រប់គ្រាន់នេះហើយ ដែលជាមូលហេតុចំបងដ៏ធំ ដែលធ្វើឲ្យមានអាការៈហត់នឿយ ឬអស់កម្លាំង ជាពិសេស ខ្វះការផ្តោតអារម្មណ៍ទៀតផង។

ហេតុនេះ អ្នកគួរតែរៀបចំកាលវិភាគ សម្រាប់ចូលគេងឲ្យបានត្រឹមត្រូវ និងទៀងទាត់។ ជាងនេះទៅទៀត អ្នកគួរតែហាមឃាត់ខ្លួនឯង មិនត្រូវប្រើប្រាស់ទូរស័ព្ទដៃ ទូរទស្សន៍ កុំព្យូរទ័រ និងឧបករណ៍ផ្សេងៗទៀត ក្នុងបន្ទប់គេងឡើយ។ ក្នុងករណីដែលអ្នក មានបញ្ហាគេងមិនលក់ អ្នកគួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យ ទើបជាការល្អប្រសើរ។

២. គេងមិនដកដង្ហើម

ការដែលអ្នក ស្ថិតក្នុងទម្លាប់ក្នុងការគេង មិនដកដ្ហើមនោះ អ្នកនឹងមានអាការៈអស់កម្លាំង ជាមិនខាន។ នេះក៏ព្រោះតែ ការគេងមិនដកដង្ហើម ធ្វើឲ្យអ្នកដាច់ចង្វាក់ដង្ហើមម្តងៗ តាមពេល ដែលបណ្តាលឲ្យអ្នកភ្ញាក់ នៅរាល់ពេលដាច់ខ្យល់ដង្ហើមម្តងៗ។

បញ្ហាការគេង មិនដកដង្ហើមនេះ អាចដោយសារតែ អ្នកលើសទម្ងន់ ឬដោយសារតែអ្នកមានទម្លាប់ជក់បារី។ ហេតុនេះ អ្នកគួរតែចាប់ផ្តើមធ្វើលំហាត់ប្រាណឲ្យបានច្រើន និងត្រូវសម្រេចចិត្តផ្តាច់បារី (ប្រសិនបើអ្នកជក់) ដើម្បីដោះស្រាយបញ្ហា គេងមិនដកដង្ហើមបាន។

៣. ការទទួលទានអាហារ

ការទទួលទានអាហារបានតិច ឬមិនបានគ្រប់គ្រាន់ ដោយសារតែ រវល់នេះ រវល់នោះ គឺសឹងតែក្លាយជារឿងធម្មតា សម្រាប់មនុស្សម្នាក់ៗទៅហើយ។ ការទទួលទានអាហារឲ្យបានត្រឹមត្រូវ និងមានតុល្យភាព ពិតជាអាចជួយគ្រប់គ្រង កម្រិតជាតិស្ករក្នុងរាងកាយ ឲ្យរក្សាភាពប្រក្រតីបាន។ ជាពិសេស ជួយអ្នកមិនឲ្យមានអាការៈអស់កម្លាំង និងខ្ជិលច្រអូសទៀតផង។

អ្វីដែលអ្នកត្រូវចងចាំគឺ មិនត្រូវមើលរំលងអាហារពេលព្រឹកឡើយ ក៏ព្រោះតែវាជាអាហារមួយពេល ដែលជួយទ្រទ្រង់រាងកាយ របស់អ្នកបាន ពេញមួយថ្ងៃ។ របបអាហារ របស់អ្នក ត្រូវរួមបញ្ចូលជាមួយនឹង សារធាតុប្រូតេអ៊ីន និងសារធាតុកាបូអ៊ីដ្រាត ដើម្បីរក្សាថាមពលរបស់អ្នកបានពេញមួយថ្ងៃ។

៤. ជំងឺស្លេកស្លាំង

ស្ត្រី មានការប្រឈមនឹងជំងឺស្លេកស្លាំងជាង បើប្រៀបធៀបទៅនឹងបុរស។ ជាពិសេស នៅពេលដែលពួកគេ បាត់បង់ឈាម ក្នុងអំឡុងពេលមករដូវ រួចបណ្តាលឲ្យមានបញ្ហាកង្វះជាតិដែក ធ្វើឲ្យអុកស៊ីសែន ឆ្លងកាត់ទៅជាលិកា និងសរីរាង្គ មិនប្រក្រតី។

អ្នកអាចទទួលទានថ្នាំជាតិដែក ជាជំនួយ ដើម្បីព្យាបាលកង្វះនូវសារជាតិដែក ក្នុងរាងកាយ។ ក្រៅពីថ្នាំជំនួយ អ្នកអាចទទួលទានអាហារ ដែលសម្បូរទៅដោយ ជាតិដែកបន្ថែម រួមមានដូចជា គ្រាប់សណ្តែក គ្រាប់ធញ្ញជាតិ សាច់សុទ្ធ ត្រីមានស្រកា ថ្លើម -ល-។

៥. ជំងឺធ្លាក់ទឹកចិត្ត

សព្វថ្ងៃនេះ ជំងឺធ្លាក់ទឹកចិត្ត បានក្លាយជាចំណែកមួយយ៉ាងធំ ក្នុងការជម្រុញឲ្យមានអាការៈនឿយហត់អស់កម្លាំង។ ជំងឺធ្លាក់ទឹកចិត្ត មិនមែនត្រឹមតែជា ជំងឺផ្នែកផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់ផលប៉ះពាល់ដល់ រាងកាយរបស់អ្នកដែរ ដូចជាអស់កម្លាំង មិនចង់ទទួលទានអាហារ ឈឹក្បាល និងផ្សេងៗទៀត។

ប្រសិនបើអ្នកមានការសង្ស័យថា អ្នកមានបញ្ហាធ្លាក់ទឹកចិត្ត អ្នកត្រូវតែប្រញាប់ទៅ ពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។ គ្រូពេទ្យជំនាញ នឹងផ្តល់ការព្យាបាលបែបចិត្តសាស្រ្ត ឬតាមបែបវេជ្ជសាស្រ្ត ដល់អ្នកទាន់ពេលវេលា។ 

# ខាងក្រោមនេះ ជាដំណោះស្រាយ បែបទូទៅ បន្ថែមទៀត ៖

• លំហាត់ប្រាណ

ការសិក្សាជាច្រើនបានបង្ហាញថា ការធ្វើសកម្មភាពរាងកាយ អាចបង្កើនកម្រិតថាមពល ក្នុងរាងកាយបាន។ ការហាត់ប្រាណ បានជាប់លាប់ អាចធ្វើឲ្យខ្លួនអ្នក កាន់តែមានភាពរឹងមាំ និងពង្រឹងគុណភាពជីវិតអ្នកទាំងមូល។ គេបានរកឃើញថា អ្នកដែលសកម្ម គឺជាអ្នកដែលមានជំនឿទុកចិត្ត លើខ្លួនឯងខ្ពស់ ជាពិសេស ជួយឲ្យបេះដូង សួត និងសាច់ដុំ កាន់តែមានសុខភាពល្អទៀតផង។ អ្នកអាចជ្រើសរើសហាត់ យូហ្គា ក៏បាន ពីព្រោះវាអាចជួយបង្កើនថាមពល របស់អ្នកបានយ៉ាងមានប្រសិទ្ធិភាព។

• ទទួលទានទឹកឲ្យបានច្រើន

កង្វះជាតិទឹក អាចធ្វើឲ្យអ្នកមានថាមពលរាងកាយខ្សោយ និងមិនសូវមានកម្លាំង។ សូម្បីតែ អ្នកដែលធ្វើការតិចតួច ក៏មានបញ្ហាហត់អស់កម្លាំងញឹកញយដែរ ប្រសិនបើពួកគេខ្សោះជាតិទឹក ក្នុងរាងកាយ។ ជាងនេះទៅទៀត កង្វះជាតិទឹក ធ្វើឲ្យអ្នកខ្វះការប្រុងប្រយ័ត្ន និងខ្វះការផ្តោតអារម្មណ៍។ ប្រសិនបើទឹកនោម របស់អ្នកមានពណ៌លឿងថ្លា នោះមានន័យថាអ្នកផឹកទឹកបានគ្រប់គ្រាន់ហើយ។

• បរិភោគត្រីឲ្យបានច្រើន

ត្រី មានអត្ថប្រយោជន៍ សម្រាប់សុខភាពបេះដូង ជាពិសេស ខ្លាញ់ត្រីអូមេហ្គា ៣ (Omega-3) ដែលអាចជួយ ឲ្យមនុស្សបង្កើនការប្រុងប្រយ័ត្នបានខ្ពស់។ យោងតាមការសិក្សាមួយ នៅឆ្នាំ ២០០៩ អ្នកចូលរួមស្ម័គ្រចិត្ត ដែលបានទទួលទាន គ្រាប់ថ្នាំខ្លាញ់ត្រី ក្នុងរយៈពេលតែ ២១ ថ្ងៃ អាចឆ្លើយតប ផ្នែកផ្លូវចិត្តបានយ៉ាងរហ័សជាងមុនឆ្ងាយ និងថែមទាំងមានអារម្មណ៍រឹងមាំថែមទៀតផង។

• ទទួលទានអាហារ ដែលសម្បូរទៅដោយអាហាររូបត្ថម្ភ

ការទទួលទានអាហារ មិនបានត្រឹមត្រូវ ក៏ជាចំណែកដ៏ធំ ក្នុងការធ្វើឲ្យអ្នកប្រែជាហត់នឿយ និងអស់កម្លាំងដែរ។ អ្នកប្រហែលជាមិនបាន បរិភោគអាហាររូបត្ថម្ភ ក្នុងបរិមាណគ្រប់គ្រាន់ទេ ទើបរាងកាយ និងផ្លូវចិត្តរបស់អ្នក មិនមានភាពរឹងមាំ។ ហេតុនេះ អ្នកត្រូវតែទទួលទាន អាហារដែលមានអាហាររូបត្ថម្ភគ្រប់គ្រាន់ ដើម្បីទ្រទ្រង់រាងកាយ (ជាពិសេស អាហារមានសារជាតិ កាបូអ៊ីដ្រាត)៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

វិធីសាស្ត្រ ក្នុងការដោះស្រាយ បញ្ហានឿយហត់ ឬអាការៈអស់កម្លាំងខ្លាំង

វិធីសាស្ត្រ ក្នុងការដោះស្រាយ បញ្ហានឿយហត់ ឬអាការៈអស់កម្លាំងខ្លាំង