គណៈកម្មាធិការ​​សិទ្ធិមនុស្ស​កម្ពុជា​​ប្រតិកម្ម​នឹង​​វិទ្យុ​អាស៊ី​សេរី​​ដែល​ផ្សាយ​​ព័ត៌មាន​ខុស

នៅក្រោយការចេញផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលធ្វើសេចក្តីរាយការណ៍ថា«ឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) អ្នកស្រី វ៉ាន់ ហ៊ីលី បានស្នើឲ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្កើតយន្តការ ឬក៏គណៈកម្មការឯករាជ្យមួយ ដើម្បីពិនិត្យ និងស៊ើបអង្កេតទៅលើករណីឃាតកម្មលើបណ្ឌិតកែម ឡី»។ នៅថ្ងៃនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីបំភ្លឺថាលោកស្រីវ៉ាន់ ហ៊ីលី គ្រាន់តែបញ្ចេញយោបល់ថា គួរតែមានគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយចំនួន ករណីឃាតកម្មលើបណ្ឌិត កែម ឡី តែមិនបានស្នើបង្កើតយន្តការឬក៏គណៈកម្មការឯករាជ្យមួយ ដើម្បីពិនិត្យ និងស៊ើបអង្កេតទៅលើករណីឃាតកម្មលើបណ្ឌិតកែម ឡីទេ។

កាលពីថ្ងៃទិ៤ តុលា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានជួបពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។នៅក្រោយកិច្ចប្រជុំ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីបានធ្វើសេចក្តីរាយការណ៍ ដោយយោងលើការលើកឡើងរបស់លោកកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលថា«ឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) អ្នកស្រី វ៉ាន់ ហ៊ីលី បានស្នើឲ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្កើតយន្តការ ឬក៏គណៈកម្មការឯករាជ្យមួយ ដើម្បីពិនិត្យ និងស៊ើបអង្កេតទៅលើករណីឃាតកម្មលើបណ្ឌិតកែម ឡី»។

Loading...

ប៉ុន្តែនៅថ្ងៃទី០៥ តុលា ឆ្នាំ២០១៦នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីបំភ្លឺឆ្លើយតប ទៅនឹងការចេញផ្សាយព័ត៌មាននេះ ដោយបំភ្លឺថា តាមពិតនៅក្នុងជំនួបរវាងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអ្នកស្រី វ៉ាន់ ហ៊ីលី តំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានោះ លោកស្រីវ៉ាន់ ហ៊ីលី គ្រាន់តែបញ្ចេញយោបល់ថា គួរតែមានគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយចំនួន ករណីឃាតកម្មលើបណ្ឌិត កែម ឡី។ លើសពីនេះទៀត លោកស្រីមិនបានស្នើសុំការបង្កើតអ្វីនោះទេ។

ក្នុងសេចក្តីបំភ្លឺនោះក៏បានបញ្ជាក់ដែរថា ករណីឃាតកម្មលើលោកកែម ឡី មិនមែនជាប្រធានបទ នៃជំនួបពិភាក្សានេះទេ ហើយឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ក៏គ្មានតួនាទីអ្វី ដើម្បីបង្កើតគណកម្មការស៊ើបអង្កេតនោះដែរ។គណកម្មាធិការនេះ មានតួនាទីលើកកម្ពស់ និងការការពារសិទ្ធិនៅកម្ពុជា។

សេចក្តីបំភ្លឺដដែល ក៏បានលើកឡើងពីលទ្ធផលនៃជំនួបពិភាក្សានោះ ដោយភាគីទាំង២បានឯកភាពគ្នាលើចំណុចសំខាន់បីគឺ ទី១ ផ្តល់ជំនួយបច្ចេកទេស និងបណ្តុះបណ្តាលពីរបៀបសរសេររបាយការណ៍ដល់មន្ត្រីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមន្ត្រីពាក់ព័ន្ធនៃក្រសួង និងស្ថាប័ននានា។ ទី២ កសាងទំនុកចិត្តរវាងគ្នា និងគ្នា ដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ និងទី៣ បង្កើតក្រុមការងាររួមគ្នាមួយ ក្នុងការដោះស្រាយពាក្យបណ្តឹង ដែលពាក្យព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ព្រំទាំងការផ្លាស់ផ្តូរព័ត៌មាន អំពីសិទ្ធិមនុស្ស។

សូមបញ្ជាក់ថា អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី បានធ្វើសេចក្តីរាការណ៍ពីព័ត៌មានអំពីកិច្ចប្រជុំ រវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅរសៀលថ្ងៃទី៤ តុលា ដោយលើកឡើងថា ឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) អ្នកស្រី វ៉ាន់ ហ៊ីលី បានស្នើឲ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្កើតយន្តការ ឬក៏គណៈកម្មការឯករាជ្យមួយ ដើម្បីពិនិត្យ និងស៊ើបអង្កេតទៅលើករណីឃាតកម្មលើបណ្ឌិត កែម ឡី៕

ប្រភព៖ vayofm