អ្នក​រៀប​ចំ​បុណ្យ​សព​១០០​ថ្ងៃ​លោក​កែម ឡី​ប្តេជ្ញា​ធ្វើ​ពិធី​នៅ​វត្ត​ចាស់​បើ​ទោះ​មាន​ការ​ជំទាស់​ពី​អាជ្ញាធរ

ភ្នំពេញ — ក្រុមសមាជិកគណៈកម្មការរៀបចំបុណ្យខួបគម្រប់១០០ថ្ងៃសពលោក កែម ឡី អ្នកវិភាគដ៏ល្បីល្បាញ បានបញ្ជាក់ថា ពិធីបុណ្យគម្រប់ខួប១០០ថ្ងៃសពលោក កែម ឡី នឹងរៀបចំនៅឯវត្តចាស់ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សាលារាជធានីធ្លាប់ជំទាស់មិនឲ្យធ្វើពិធីបុណ្យនេះនៅវត្តបទុមវត្តី តែនៅលើកនេះ ក្រុមសមាជិកគណៈកម្មការបុណ្យអះអាងថា ទោះបីជាមានការជំទាស់ពីសាលារាជធានីភ្នំពេញទៀតក៏ដោយ ក៏ពិធីបុណ្យខួបគម្រប់១០០ថ្ងៃនេះ នឹងនៅតែប្រព្រឹត្តទៅនៅវត្តចាស់ តាមការគ្រោងទុក គឺពិធីបុណ្យនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃ១៦ ខែតុលានេះ។

ក្រុមសមាជិកគណៈកម្មការរៀបចំបុណ្យខួបគម្រប់១០០ថ្ងៃ សពលោក កែម ឡី ប្រកាសជំហររបស់ខ្លួននាថ្ងៃពុធនេះថា ពិធីបុណ្យដ៏ចម្រូងចម្រាសនេះ នឹងធ្វើឡើងនៅក្នុងវត្តពោធិយារាម ហៅវត្តចាស់ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

Loading...

លោក កែម ឡី អ្នកវិភាគដ៏សំខាន់របស់កម្ពុជា ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា នៅក្នុងហាងលក់ទំនិញមួយស្ថិតក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) ក្បែរភ្លើងស្តុបបូកគោ ក្នុងខណ្ឌចំការមន។

លោក ប៉ា ងួនទៀង សមាជិកគណៈកម្មការរៀបចំបុណ្យនេះ ប្រាប់ VOA នាថ្ងៃពុធនេះថា សមាជិកគណៈកម្មការបានស្រុះស្រួលគ្នាថា នឹងធ្វើពិធីបុណ្យនេះ នៅក្នុងវត្តចាស់ បើទោះបីជាមានការប្រកែកពីមន្ត្រីនៃសាលារាជធានីក្តី។ លោកនិយាយថា ប្រជាពលរដ្ឋខ្មែរ ស្គាល់ពីទីតាំងនៃវត្តចាស់ដែលធ្លាប់ជាកន្លែងតម្កល់សពលោក កែម ឡី ហេតុនេះ ពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃនេះ នឹងធ្វើឡើងនៅវត្តនេះតែម្តង។

លោក ប៉ា ងួនទៀង ថ្លែងថា៖

«ឥឡូវនេះ យើង យើងមានការទទួលយល់ព្រមពីចៅអធិការវត្តថាន់ និងវត្តចាស់ ប៉ុន្តែគណៈកម្មការបានសម្រេចថា យើងធ្វើនៅវត្តចាស់ដោយសារវត្តចាស់ មានស្គាល់ពីសាធារណជនជាទូទៅ ហើយទីធ្លាចំណតឡាននៅមុខវត្តក៏ទូលាយបាទ»។

លោកបញ្ជាក់បន្ថែមថា ក្រុមគណៈកម្មការនឹងដាក់លិខិតមួយទៀត ជម្រាបទៅមន្ត្រីនៃសាលារាជធានីភ្នំពេញ។

ការបាញ់សម្លាប់លោក កែម ឡី នៅក្នុងខែកក្កដា កើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីលោកផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងរបាយការណ៍មួយរបស់អង្គការ Global Witness ដែលបានបង្ហាញពីទ្រព្យសម្បត្តិរបស់គ្រួសារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានទឹកប្រាក់២០០លានដុលា្លរ។

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានចោទសួរពីភាពស្របច្បាប់នៃគណៈកម្មការរៀបចំបុណ្យខួបគម្រប់១០០ថ្ងៃ សពលោក កែម ឡី ហើយថា សាលារាជធានីមិនទាន់អាចបញ្ជាក់ពីជំហររបស់ខ្លួន ថា តើនឹងត្រូវអនុញ្ញាតឲ្យមានការរៀបចំបុណ្យខួបគម្រប់១០០ថ្ងៃនេះ នៅក្នុងបរិវេណវត្តចាស់ បានឬយ៉ាងណានោះទេ។

លោកប្រាប់ VOA បន្ថែមថា តាមទម្លាប់ប្រពៃណីខ្មែរ ពិធីបុណ្យខួបគម្រប់១០០ថ្ងៃ ត្រូវធ្វើនៅគេហដ្ឋានរបស់គ្រួសារសព។ លោក មាន ចាន់យ៉ាដា ពន្យល់ថា៖

«សំណួរសួរថា តើក្រុមគ្រួសារបានឯកភាព ចំពោះគណៈកម្មការហ្នឹងដែរឬទេ ឬមួយក៏គាត់ចង់ គេហៅថា ធ្វើការងារអីផ្សេងជាមួយរឿងបុណ្យសពហ្នឹង អាហ្នឹងជារឿងផ្សេងប៉ុន្តែ បើសិនជាក្រុមគ្រួសារ ដូចអត់ទាន់មានប្រតិកម្មស្នើសុំមកធ្វើនៅកន្លែងណា កន្លែងណាទេបាទ»។

ក្រុមអ្នកវិភាគនិយាយថា ការសម្របសម្រួលគ្នាមួយត្រូវធ្វើឡើងរវាងរដ្ឋាភិបាលនិងអ្នករៀបចំចាត់ចែងធ្វើពិធីបុណ្យខួបគម្រប់១០០ថ្ងៃសពលោក កែម ឡីនេះ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាដែលអាចនាំឲ្យមានអំពើហិង្សា។ ពួកគេលើកឡើងថា រដ្ឋាភិបាលអាចនឹងរងការរិះគន់ពីក្រុមអ្នកគាំទ្រលោក កែម ឡី រាប់លាននាក់ ប្រសិនបើអាជ្ញាធររដ្ឋាភិបាលបដិសេធការរៀបចំបុណ្យខួបនេះនៅទីអារាមនៃរាជធានីភ្នំពេញ។

ការខ្វែងគំនិតគ្នានៃការរៀបចំពិធីខួបគម្រប់១០០ថ្ងៃនេះ មិនគ្រាន់តែកើតមានរវាងអាជ្ញាធររាជធានី និងក្រុមសមាជិកនៃគណៈកម្មការរៀបចំបុណ្យនេះទេ តែថែមទាំងបានកើតឡើងជាមួយសមាជិកមួយចំនួននៃគ្រួសារលោក កែម ឡី ផងដែរ ដែលបានបញ្ជាក់ថា ពិធីបុណ្យខួបគម្រប់១០០ថ្ងៃមួយផេ្សងទៀតនឹងរៀបចំឡើងពីថ្ងៃ ទី១៦ ដល់ថ្ងៃទី១៧ ខែតុលា គឺក្រោយការបញ្ចប់ពិធីដែលរៀបចំនៅរាជធានីភ្នំពេញ ដោយគណៈកម្មការនោះ។

លោក កែម រិទិ្ធសិទ្ធិ ប្អូនប្រុសលោក កែម ឡី ប្រាប់ VOA ថា ក្រុមគ្រួសារលោកមិនជំទាស់នឹងការធ្វើពិធីបុណ្យខួបគម្រប់១០០ថ្ងៃ នៅរាជធានីភ្នំពេញនោះទេ ហើយក៏មិនបានបដិសេធមិនទទួលស្គាល់គណៈកម្មការនោះដែរ តែរូបលោកខ្លួនឯងនឹងចាត់ចែងធ្វើពិធីបុណ្យនេះ នៅគេហដ្ឋានម្តាយលោក កែម ឡី ស្ថិតក្នុងចំណុចភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

លោកនិយាយថា លោកចង់ឲ្យការធ្វើបុណ្យនេះ ប្រព្រឹត្តទៅនៅកន្លែងតែមួយដើម្បីអនុញ្ញាតឲ្យអ្នកគាំទ្រ និងគោរពលោក កែម ឡី មកចូលរួម។ ចំពោះរូបសំណាកលោក កែម ឡី លោក កែម រិទ្ធិសិទ្ធិ បញ្ជាក់ថា លោកបានសំណូមពរ មិនឲ្យមានការហែរហមផងដែរ ដោយមិនបានបញ្ជាក់មូលហេតុនៃការលើកឡើងអំពីសំណូមពរនេះទេ។

«ខ្ញុំរឿងខ្ញុំ ក្នុងគំនិតខ្ញុំ គឺគំនិតថា ឲ្យវាបានមើលឃើញអ៊ូអរ ពីព្រោះខ្ញុំ មុននឹងខ្ញុំសម្រេចចិត្ត ដាច់ខាត ឬមិនដាច់គឺខ្ញុំ មិនមែនតែសម្រេចចិត្តតែម្នាក់ឯងទេ គឺខ្ញុំពិភាក្សាជាមួយនឹងអ្នកចេះដឹង បណ្ឌិតៗទាំងអស់ ដែលជាមនុស្សដែលចេះដឹងណ៎ា ដូចជាលោក មាស នី ឬមួយក៏ លោកពូ ឡៅ ម៉ុងហៃ ឬមួយក៏បង មាស នី ឬមួយអ្នកដែលផ្សេងៗទៀត ដូចជា លោកពូ ស៊ុន ធន់ អីអញ្ចឹងទៅណ៎ា គាត់ឲ្យយោបល់ទៅ វាសមស្រប វាសមរម្យ ហើយវាស្របនឹងស្ថានការណ៍រឿងថា សាលាក្រុងគេមិនអនុញ្ញាតផងអញ្ចេះ»។

ក្រុមសមាជិកគណៈកម្មការរៀបចំពិធីបុណ្យខួបគម្រប់១០០ថ្ងៃនៃការស្លាប់លោក កែម ឡី បានឲ្យដឹងថា ពិធីបុណ្យនឹងធ្វើឡើងក្នុងរយៈពេល បីថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា។ ការដង្ហែរូបសំណាកលោក កែម ឡី នឹងត្រូវធ្វើឡើង នៅថ្ងៃចុងក្រោយនៃពិធីបុណ្យនេះ។

រយៈពេលជិត៣ខែក្រោយការបាញ់សម្លាប់រហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់បង្ហាញពីតម្រុយអ្វីថ្មី ពាក់ព័ន្ធនឹងឃាតកម្មនេះនៅឡើយទេ ក្រៅពីភស្តុតាងដាក់បន្ទុកបុរសម្នាក់ដែលបានអះអាងថាខ្លួនឈ្មោះ ជួប សម្លាប់ និងបានបញ្ជាក់ថា ការសម្លាប់នេះដោយសារលោក កែម ឡី ជំពាក់លុយខ្លួនចំនួន៣.០០០ដុល្លារអាមេរិក។ ភរិយារបស់លោក កែម ឡី បានច្រានចោលរឿងជំពាក់លុយ និងចាត់ទុកករណីនេះថាជារឿងនយោបាយ។

វីដេអូកាមេរ៉ាសុវត្ថិភាពដែលអាជ្ញាធរបានដកយកក្រោយពីហេតុការណ៍បាញ់សម្លាប់នោះ នៅមិនទាន់ត្រូវបានបង្ហាញជូនសាធារណជននៅឡើយទេ ដោយក្រុមអ្នកវិភាគខ្លះ លើកឡើងថា អាជ្ញាធរទំនងជាចង់បិទបាំងការពិតនៃឃាតកម្មលើអ្នកវិភាគរូបនេះ ហើយទុកឲ្យរឿងនេះ សាបរលាបម្តងបន្តិចៗទៅតាមពេលវេលា ដូចជាករណីបាញ់សម្លាប់សកម្មជនការពារបរិស្ថាននិងសិទ្ធិកម្មករលើកមុនៗដែរ ដូចជាលោក ឈុត វុទ្ធី និងលោក ជា វិជ្ជា ជាដើម។

ក្រុមអ្នកតាមដានឃាតកម្ម លោកកែម ឡី និយាយថា រដ្ឋាភិបាលត្រូវតែបន្តការស៊ើបអង្កេតរបស់ខ្លួន រកឲ្យឃើញការពិតដែលនៅពីក្រោយឃាតកម្មដែលបង្កភាពភ័យខ្លាចដល់អ្នកនិយាយរិះគន់រដ្ឋាភិបាលនោះ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki-moon ក៏បានសម្តែងក្តីក្រៀមក្រំចំពោះការស្លាប់លោក កែម ឡី ហើយលោកបានស្នើឲ្យអាជ្ញាធរកម្ពុជាធ្វើការស៊ើបអង្កេតឯករាជ្យដើម្បីរកមូលហេតុពិតប្រាកដនៃការបាញ់សម្លាប់នេះ៕

ប្រភព៖ VOA