សំណើផែនការ​សន្តិភាព​នៅ​ស៊ីរី​របស់​បារាំង​ត្រូវ​ដាក់​ជូន​ដល់​ អ.ស.ប.នៅ​មុន​ចុង​សប្តាហ៍​នេះ

អ្នកនាំពាក្យរបស់រដ្ឋាភិបាលបារាំង Stéphane Le Foll បានជូនដំណឹងនៅថ្ងៃពុធទី៥តុលាថា “ប្រទេសបារាំងនឹងដាក់ជូនជាផ្លូវការណ៍ដល់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ “គម្រោងផែនការសន្តិភាពស្តីពីបញ្ហាស៊ីរី ឲ្យបាននៅមុនចុងសប្តាហ៍នេះ”។ គម្រោងផែនការសន្តិភាពនៅស៊ីរីដែលត្រូវបានស្នើឡើងដោយប្រទេសបារាំងគឺក្នុងគោលដៅប៉ុនប៉ងស្វែងរកបទឈប់បាញ់គ្នាមួយនៅក្រុងAlep ក្នុងភាគខាងជើងប្រទេសស៊ីរី។

បន្ទាប់ពីការរួមប្រជុំរបស់ក្រុមប្រឹក្សារដ្ឋមន្ត្រីរួចមក អ្នកនាំពាក្យរដ្ឋាភិបាលបារាំងStéphane Le Foll បានថ្លែងប្រាប់ដល់អ្នកសារព័ត៌មានថា”សំណើរបារាំងស្តីពីផែនការស្វែងរកសន្តិភាពនៅក្រុងអាឡិបនិងនៅក្នុងប្រទេសស៊ីរី ត្រូវដាក់ជូនដល់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិឲ្យបាននៅមុនចុងសប្តាហ៍នេះ។

Loading...

គួររំលឹកថា សមាជិកទាំង១៥នៃក្រុមប្រឹក្សាសន្តិសុខ បានធ្វើការពិភាក្សាគ្នាលើសំណើររបស់បារាំងនេះ ចាប់តាំងពីថ្ងៃចន្ទមុន ហើយក៏ប្រហែលជាអាចធ្វើបោះឆ្នោតសម្រេចចាប់ពីសប្តាហ៍នេះទៅដែរ។

អ្នកនាំពាក្យរដ្ឋាភិបាលបារាំង បានគូសបញ្ជាក់ទៀតថា “ប្រទេសបារាំងតែមួយគត់ដែលហ៊ានងើបតវ៉ាប្រឆាំងតទល់នឹងហេតុការណ៍នានាដែលបានកើតឡើងនៅក្រុងអាឡិបហើយបារាំងក៏មិនសុខចិត្តនៅអោបដៃដោយស្ងៀមស្ងាត់ដែរ”។

នៅថ្ងៃពុធម្សិលមិញលោក François Holland ប្រធានាធិបតីបារាំងនៅក្នុងសេចក្តីជូនដំណឹងមួយ បានបរិហារ ថា “បារាំងពុំអាចទាំ្រទ្រឈរមើលមហាទុក្ខវេទនារបស់ប្រជាជនស៊ីរីតទៅទៀតបានឡើយ។ទុក្ខវេទនាដែលបង្កឡើងដោយរបបដឹកនាំស៊ីរីនិងគាំទ្រពីសំណាក់រុស្ស៊ីតាមជំនួយអាកាស។

តាំងពីឆ្នាំ២០០៣ ប្រធានាធិបតីបារាំង ពុំបានផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ ហើយជំនាន់នោះ ប្រមុខរដ្ឋបារាំងថែមទាំងបានស្នើការវាយប្រហារតាមអាកាស នៅពេលណាដែលរបបក្រុងដាម៉ាស ហ៊ានបំពានលួចប្រើប្រាស់អាវុធគីមីដើម្បីសម្លាប់ប្រជាជនឯង។

ផែនការសន្តិភាពដែលស្នើឡើងដោយបារាំង ក៏ជាការប៉ុនប៉ងលើកចុងក្រោយមួយដែរ ដើម្បីរកមធ្យោបាយបង្ខំឲ្យរបបដាម៉ាសនិងសម្ព័៍ន្ធមិត្តរុស្ស៊ីរបស់គេ បិទបញ្ចប់ការទម្លាក់គ្រាប់បែកដ៏សែនសាហាវទៅលើអាឡិបតទៅមុខទៀត។ ការទម្លាក់គ្រាប់បែករបស់ដាម៉ាស គឺដើម្បីវាយដណ្តើមយកសង្កាត់នានាពីក្រុមឧទ្ទាមស៊ីរី។

សំណើររបស់បារាំង បានអំពាវនាវផងដែរ ឲ្យមានការរៀបចំបទឈប់បាញ់គ្នាមួយដើម្បីរៀបចំច្រកចូលសម្រាប់ជំនួយមនុស្សធម៌មួយដល់ប្រជាជនស៊ីវីលដែលកំពុងអត់ឃា្លនយ៉ាងវេទនាក្រោមការឡោមព័ទ្ធរបស់កងទ័ពស៊ីរីនៅអាឡិប។ សំណើររបស់បារាំង ក៏ហាមប្រាមមិនឲ្យយន្តហោះយោធាណាមួយធ្វើប្រតិបត្តិការពីលើក្រុងអាឡិបដែរ។

ព័ត៌មានចុងក្រោយបានឲ្យដឹងថា ប្រមុខការទូតបារាំងលោក Jean-Marc Ayrault នឹងអញ្ជើញទៅបំពេញទស្សនៈកិច្ចនៅទីក្រុងម៉ូស្គូនៅថ្ងៃព្រហស្បតិ៍នេះនិងនៅវ៉ាស៊ីនតោននៅថ្ងៃសុក្រទី៧តុលា ដើម្បីលើកឡើងអំពីស្ថានការណ៍នៅក្នុងប្រទេសស៊ីរី នៅចំពេលដែលការប្រឹងប្រែងតាមផ្លូវទូតដើម្បីបញ្ឈប់ការវាយប្រហារនៅអាឡិប ត្រូវជាប់គាំងក្នុងស្ថានភាពទាល់ច្រក-នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងការបរទេសបារំាងនៅថ្ងៃពុធទី៦តុលា៕

ប្រភព៖ rfi