ការ​ប្រជែង​សម្រាប់​តំណែង​អគ្គលេខាធិការអ.ស.ប​​នា​អាណត្តិ​បន្ទាប់​ចូល​ដល់​ដំណាក់កាល​ធ្វើ​ការ​សម្រេចចិត្ត

ការប្រកួតប្រជែងសម្រាប់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិនាអាណត្តិបន្ទាប់ បានឈានដល់ដំណាក់កាលធ្វើការសម្រេចនៅថ្ងៃពុធនេះ ស្របពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឈានទៅកាន់ដំណាក់កាលបន្ទាប់នៃការបោះឆ្នោតរើសអគ្គលេខាធិការអង្គការសហប្រជាជាតិនេះ។

សមាជិកទាំង ១៥ ប្រទេសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានកាតព្វកិច្ចឧទ្ទេសនាមបេក្ខជនមួយរូបសម្រាប់ទទួលការសម្រេចគាំទ្រពីមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានសមាជិកចំនួន ១៩៣ ប្រទេស។

Loading...

ចាប់តាំងពីចុងខែកក្កដាមក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានធ្វើការបោះឆ្នោតក្រៅផ្លូវការ និងក្នុងលក្ខខ័ណ្ឌអនាមិក ចំនួន ៥ ជុំ រូចមកហើយ ដើម្បីស្ទង់មើលអំពីចំណាប់អារម្មណ៍របស់សមាជិកនីមួយៗនៃអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងបេក្ខជនចំនួន ១០ រូប ដែលប្រកួតប្រជែងគ្នាដើម្បីកាន់តំណែងជាអគ្គលេខាធិការបន្ទាប់។

នៅក្នុងការបោះឆ្នោតទាំង ៥ ជុំនេះ អតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល់លោក Antonio Guterres អាយុ ៦៧ ឆ្នាំ បាននាំមុខគេ។ ប៉ុន្តែ ការនាំមុខរបស់លោកនៅក្នុងការបោះឆ្នោតក្រៅផ្លូវការទាំង ៥ ជុំ នេះមិនទាន់ធានាបាននៅឡើយទេថាលោកនឹងត្រូវគេជ្រើសរើសនោះ ទោះបីជាការបោះឆ្នោតនៅថ្ងៃពុធនេះ នឹងក្លាយជាសញ្ញាកំណត់ថាតើលោកនឹងទទួលបានជោគជ័យ ឬក៏យ៉ាងណាក៏ដោយ។

ប្រសិនបើបេក្ខជនរូបណាមិនទទួលបានការបោះឆ្នោតគាំទ្រពីសមាជិកណាមួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូចជាចក្រភពអង់គ្លេស ចិន បារាំង រុស្ស៊ី ឬក៏សហរដ្ឋអាមេរិក នោះបេក្ខជននោះអាចមិនទទួលបានជោគជ័យ។

នៅពេលដែលមានសញ្ញាច្បាស់ថា បេក្ខជនរូបណាមួយត្រូវបានគេគាំទ្ររួមគ្នា នោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងធ្វើការបោះឆ្នោតជាផ្លូវការសម្រេចរើសបេក្ខជនរូបនោះ ដើម្បីដាក់បន្តទៅឲ្យមហាសន្និបាតអង្គការសហប្រជាជាតិអនុម័តសម្រេចជ្រើសរើស៕

ប្រភព៖ VOA