ការ​កម្សាន្ត​របស់​អ្នក​ពោធិ៍សាត់​និង​កំពង់ឆ្នាំង​ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ

ខេត្តពោធិ៍សាត់ ៖ នៅ​ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​ក្រៅពី​ទៅ​ធ្វើបុណ្យ​នៅ​តាម​ទី​វត្ត​អារាម អ្នក​ខេត្តពោធិ៍សាត់​នាំ​គ្នា​ដើរ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្ត​យ៉ាង​សប្បាយ​រីករាយ ។

លោក​សំ ឃី​ម ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឲ្យ​ដឹង​ថា មន្ទីរ​ទេសចរណ៍​បាន​ចេញ​សេចក្ដីណែនាំ​ស្ដី​ពី​ការ​រៀបចំ​ពង្រឹង​ផលិតផល​ទេសចរណ៍​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ដើម្បី​ចែក​ជូន​ដល់​បណ្ដា​អ្នកបម្រើ​ផ្នែក​ទេសចរណ៍ និង​អង្គភាព​ពាក់ព័ន្ធ​ចូលរួម​សហការ​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​និង​សេចក្ដីណែនាំ​របស់​សាលាខេត្ត​ពោធិ៍​សាត់​ក្នុង​ការ​លើកកម្ពស់​គុណភាព​ផ្នែក​បម្រើ​អ្នកទេសចរ អនាម័យ​ម្ហូបអាហារ រក្សា​ថ្លៃ​ផលិតផល ឲ្យ​បាន​សមរម្យ ដោយ​គ្មាន​ការ​ដំឡើង​ថ្លៃ​ទេ ។ មន្ត្រី​មន្ទីរ​ទេសចរណ៍​បាន​តាមដាន​ភ្ញៀវ​ដែល​ដើរ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តពោធិ៍សាត់​គ្រប់​ទីកន្លែង​ដូច​ជា​៖​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង​,​ល្បាក់​កំ​រោ​ញ​, បឹង​ព្រះ​ពន្លៃ​, កំពង់​ហ្លួង​, ភ្នំ​បាយ​ឃ្លះ​, ភ្នំ​លាំង​ត្រាច​, ភ្នំ​ទំព័រ​, ភ្នំ​ប្រចៀវ​, ថ្មដុះ​, អន្លង់​ក្រពើ​, អូរ​សោម​, រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ឧកញ៉ា​ឃ្លាំងមឿង ជំទាវ​ខាន់ ខៀវ​, កោះ​សំពៅ​មាស​, ទំនប់​ដំណាក់​អំពិល​, ទំនប់​ចារឹក​, ទំនប់​ឈើ​តោក​, ទំនប់​បង្ហៀរ​រលាប​, ទំនប់​ទី​៣ និង​ទំនប់​ទី​៥​ជាដើម ។

លោក​ប្រធាន​មន្ទីរ​ឲ្យ​ដឹង​ថា​សរុប​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​លេង​កម្សាន្ត​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ខេត្តពោធិ៍សាត់ ក្នុង​ឆ្នាំ​២០១៦​នេះ​មាន​ចំនួន​៥៥.១៣៨​នាក់ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​មាន​តែ​១០​នាក់​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥​មាន​៥៥.០៤១​នាក់ ។ ក្នុង​ចំណោម​រមណីយដ្ឋាន​ទាំង​អស់នោះ​មាន​តែ​រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង​, កោះ​សំពៅ​មាស និង​ទំនប់​ឈើ​តោក​ទេ​ដែល​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​ច្រើន​ជាងគេ ដោយសារ​ផ្លូវ​ស្រួល​ធ្វើ​ដំណើរ មាន​ទឹកជ្រោះ​ងូត និង​ម្លប់​ដើមឈើ​ត្រឈឹងត្រឈៃ​។​នៅ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង​មន្ទីរ​បាន​រៀបចំ​ចំណតរថយន្ត​ធំ​ទូលាយ កន្លែង​លក់ដូរ បង្គន់​អនាម័យ ធុងសំរាម រាន​អង្គុយ ធ្វើ​ស្ពាន និង​ជណ្ដើរ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវ និង​មាន​សន្តិសុខ​តាម​ឃ្លាំមើល​ទៀត​ផង ។

លោក​សំ ឃី​ម ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ទាំងអស់​មក​ពី​គ្រប់​ខេត្ត​ក្រុង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ទន្ទឹម​នឹង​ការ​សប្បាយ​នេះ​ក៏​មាន​បញ្ហា​មួយ​ចំនួន​ដូច​ជា​នៅ​ទឹកធ្លាក់​ច្រក​ល្អៀង​ស្រុក​ក្រគរ​ម៉ូតូ​បុក​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​របួសធ្ងន់​ស្រាល​៤​នាក់​,​រថយន្ដ​កូរ៉េ​ដឹក​ភ្ញៀវ​កម្សាន្ត​បើក​ថយក្រោយ​ក្រឡាប់​បណ្ដាល​ឲ្យ​អ្នក​ជិះ​របួសធ្ងន់​ស្រាល​២៥​នាក់ និង​នៅ​ទំនប់​ឈើ​តោក​ស្រុក​ភ្នំក្រវាញ​បុរស​ម្នាក់​អាយុ​៣២​ឆ្នាំ​ស្រវឹងស្រា​ចុះ​ងូតទឹក​បណ្ដាល​ឲ្យ​លង់​ស្លាប់​។

រយៈពេល​មួយ​ទៅ​ពីរ​ឆ្នាំ​ទៀត​នឹង​មាន​ផ្លូវ​កៅស៊ូ​ទៅ​ដល់​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង ដូច្នេះ​នឹង​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​កាន់តែ​ច្រើន​ឡើង ។

ខេត្តកំពង់ឆ្នាំង ៖ ទំនប់​ទឹក «២០ ឧសភា​» គឺជា​ទំនប់​ទឹក​មួយ​កសាង​ក្នុង​ជំនាន់  ប៉ុ​ល ពត ហើយ​ត្រូវ​រាជរដ្ឋាភិបាល​កម្ពុជា ស្តារ​ឡើង​វិញ​នៅ​ឆ្នាំ​២០១១ ដើម្បី​ជា​ប្រយោជន៍ ទប់​យក​ទឹក​ស្រោចស្រព​ដីស្រែ​ប្រាំង ក្នុងភូមិ​សាស្ត្រ​ស្រុក​ពីរ​ជាប់​គ្នា គឺ​ភូមិ​ថ្មកែវ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ និង​ភូមិ​ស្រះ​កែវ ឃុំ​មេលំ ស្រុក​បរិបូរណ៍ ។ ដោយសារ​ការ​ស្តារ​ឡើង​វិញ សំណង់​ធារាសាស្ត្រ បន្សល់​ពី​របប​ខ្មែរក្រហម​នេះ ទំនប់​ទឹក​២០ ឧសភា បាន​ក្លាយជា​រមណីយដ្ឋាន​ថ្មី​មួយ​សម្រាប់​ប្រជា​ពល​ខេត្តកំពង់ឆ្នាំង  ។

លោក​ដោក ប៊ុ​ន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង ឱ្យ​ដឹង​ថា ទំនប់​ទឹក ២០ ឧសភា ជា​ទំនប់​ដែល​បាន​កសាង​ឡើង ក្នុង​សម័យ​ប៉ុ​ល ពត ។ ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ទំនប់​ទឹក​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល ស្តារ​ឡើង​វិញ នៅ​ឆ្នាំ​២០១១ និង​បាន​ធ្វើ​ប្រឡាយ​ថ្មី​ជា​បន្តបន្ទាប់ ដើម្បី​ស្រោចស្រព​ស្រែប្រាំង​របស់​ប្រជា​កសិករ​។ ទំនប់​ទឹក​នេះ មាន​បណ្តោយ​ប្រវែង ៤,១០​គីឡូម៉ែត្រ មាន​ទទឹង​លើ​ប្រវែង​៦​ម៉ែត្រ មាន​ទ្វារ​ទឹក ធំ​ៗ ចំនួន​២ ទំនប់​បង្ហៀរ​១ និង​ទ្វារ​ទឹក តូច​ៗ៣ ដែល​អាច​ស្រោចស្រព​ដីស្រែ​ប្រាំង​របស់​ប្រជា​កសិករ​ជាង​១​ពាន់​ហិ​កតា ។ ពេល​នេះ​ទំនប់​ទឹក​២០ ឧសភា បាន​ក្លាយជា​រមណីយដ្ឋាន​ថ្មី មួយ​សម្រាប់​ប្រជាពលរដ្ឋ​ទៅ​កម្សាន្ត ជា​រៀងរាល់ថ្ងៃ​ចុង​ស​ប្តា​ហ៍ ពិសេស​ថ្ងៃ​បុណ្យ​ទាន​ជាដើម ។ ចំពោះ​អំឡុង​ពេល​បុណ្យ​ភ្ជុំ​បិ​ណ្យ​មាន​មនុស្ស​ម្នា​ច្រើន​ទៅ​កម្សាន្ត ។

លោក​ដោក ប៊ុ​ន​ថុ​ន សំណូម​ដល់​អ្នក​ទៅ​កម្សាន្ត​នៅ​ទំនប់​២០ ឧសភា ត្រូវ​ការពារ​ខ្លួន​កុំឱ្យ​លង់ទឹក ដូច​ជា​ថ្មី​ៗ​កន្លង​មក​បុរស​ម្នាក់ ស្រវឹង បាន​ទៅ​ហក់​ទឹក​លេង​បណ្តាល​ឱ្យ​លង់​ស្លាប់ ។ លើស​ពី​នេះ ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ​ខ្នង​ទំនប់ និង​ក្នុង​ទឹក ។

ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្យ កន្លង​ទៅ នៅ​ទំនប់​ទឹក​២០ ឧសភា អាជ្ញាធរ​មូលដ្ឋាន សហការ​ជាមួយ​សហគមន៍​ទឹក ២០ ឧសភា រៀបចំ ការ​ប្រណាំងទូក​ដើម្បី​ឱ្យ​អ្នកទេសចរ ទស្សនា​កម្សាន្ត ៕