សមាជិកសភា​ហ្វីលីពីន​៖ មេឃ​មិន​រលំ​ទេ បើ​ភេទ​ដូចគ្នា​មាន​សិទ្ធិ​រៀបការ​នោះ​!! និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       October-06-2016, 8:39 am         651

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សមាជិកសភា​ហ្វីលីពីន​៖ មេឃ​មិន​រលំ​ទេ បើ​ភេទ​ដូចគ្នា​មាន​សិទ្ធិ​រៀបការ​នោះ​!!សមាជិកសភាហ្វីលីពីន លោកស្រី Geraldine Roman (រូបភាពពី ABS-CBN) ​លោកស្រី Geraldine Roman សមាជិក​មួយរូប​នៃ​រដ្ឋសភា​ហ្វីលីពីន ដែល​គាំទ្រ​សិទ្ធិ​នៃ​អ្នក​កែ​ភេទ​នោះ បាន​ជំរុញ​ឲ្យ​សភា​អនុម័ត​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ភេទ​ដូចគ្នា​មាន​សិទ្ធិ​រៀបការ​បាន​។ ការជំរុញ​នេះ ធ្វើឡើង​ខណៈ​ប្រទេស​ហ្វីលីពីន​ដែល​គ្របដណ្ដប់​ដោយ​អ្នក​កាន់សាសនា​គ្រិស្ត​ភាគច្រើន​នោះ ចាត់ទុក​ការរៀប​ការ​រវាង​អ្នកមាន​ភេទ​ដូចគ្នា ជា​រឿង​ខុសច្បាប់​។​

​សមាជិកសភា​ហ្វីលីពីន លោកស្រី Geraldine Roman ដែលជា​មនុស្ស​កែ​ភេទ​នោះ បានបង្ហាញ​ជំហរ​គាំទ្រ​សេចក្ដីស្នើច្បាប់​ថ្មី​មួយ​ស្ដីពី​ការរៀប​ការ​ភេទ​ដូចគ្នា ដែល​អនុញ្ញាត​ឲ្យ​ការរៀប​ការ​របស់​អ្នកមាន​ភេទ​ដូចគ្នា ជា​រឿង​ស្របច្បាប់​។ ប៉ុន្តែ​សមាជិកសភា​ខ្លះ ហាក់​មាន​ជំហរ​ប្រឆាំងនឹង​រឿងនេះ ដោយ​ពួកគេ​ចង់​ឲ្យ​សភា​អនុម័ត​ច្បាប់​អាទិភាព​ផ្សេងៗ ជាពិសេស​គឺ​អនុម័ត​គោលនយោបាយ​របស់​ប្រធានាធិបតី Rodrigo Duterte ជាមុនសិន​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃទី​៤ ខែតុលា សមាជិកា​សភា​រូបនេះ​និយាយថា ជំហរ​ផ្ទាល់ខ្លួន​របស់លោក​ស្រី គឺ​លោកស្រី​គាំទ្រ​សេចក្ដីព្រាងច្បាប់​ថ្មី​នេះ ហើយ​លោកស្រី ក៏​មិនអាច​លាក់បាំង​បានដែរ​។ លោកស្រី Roman ដែលជា​អ្នក​ផ្ដូ​ច​ផ្ដើម​សេចក្ដីព្រាងច្បាប់​ថ្មី​នេះ​បន្តថា លោកស្រី​មិនអាច​ទទួលស្គាល់ថា ប្រជាជន​ទាំងអស់​ស្មើភាព​គ្នា​ឡើយ ខណៈដែល​អ្នក​ដែល​ស្រឡាញ់គ្នា មិនអាច​រស់នៅ​ជាមួយគ្នា ដោយសារតែ​បញ្ហា​ភេទ​នោះ​។         

«​មេឃ​មិន​រលំ​ទេ ប្រសិនបើ​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​ភេទ​ដូចគ្នា ត្រូវបាន​អនុម័ត​នោះ​។ ប្រសិនបើជា​ការពិត អាមេរិក​ប្រហែលជា​គ្មាន​មេឃ​ឡើយ ហើយ​សេដ្ឋកិច្ច​ហ្វីលីពីន​ក៏​មិន​ដួល​ដែរ ប្រសិនបើ​សិទ្ធិ​រៀបការ​នៃ​អ្នកមាន​ភេទ​ដូចគ្នា ត្រូវបាន​ទទួលស្គាល់​នោះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី Roman បន្ទាប់ពី​ជំនួប​ជាមួយ​ប្រធានសភា​ហ្វីលីពីន លោក Pantaleon Alvarez ដែល​បង្ហាញ​ជំហរ​ដូចគ្នា​នឹង​លោកស្រី​ដែរនោះ​។

​យោងតាម​សារព័ត៌មាន Rappler នា​ជំនួប​នោះ ប្រធានសភា​ហ្វីលីពីន​ប្រាប់​លោកស្រី Roman ថា លោក​នឹង​ចាត់វិធានការ​ដើម្បី​ព្យួរ​ការហាម​ប្រាម​ការរៀប​ការ​ភេទ​ដូចគ្នា ដែល​បានចែង​ក្នុង​ច្បាប់​ស្ដីពី​គ្រួសារ អស់​ពេល​បី​ទសវត្សរ៍​មកហើយ​នោះ​។ ជាមួយគ្នា​នោះ ក្រុមការងារ​ផ្នែក​ច្បាប់​របស់លោក Alvarez ក៏​កំពុង​ពិនិត្យមើល​លើ​បញ្ញត្តិ​ណាមួយ​នៅក្នុង​សេចក្ដីស្នើច្បាប់​ខាង ដើម្បី​បញ្ចូល​ការទទួលស្គាល់ និង​ការការពារ​សិទ្ធិ​នៃ​អ្នកមាន​ប្រភព​មកពី​ក្រុម LGBT ដែរ​។

​តាមពិតទៅ ការរៀប​ការបស់​ក្រុមមនុស្ស​ភេទ​ដូចគ្នា​នៅ​ហ្វីលីពីន មិន​ត្រូវបាន​ស្វាគមន៍​ទូលំទូលាយ​ឡើយ ហើយ​ត្រូវ​ចាត់ទុកជា​រឿង​ខុសច្បាប់​ទៀត បើទោះជា​ប្រទេស​ជាច្រើន​លើ​ពិភពលោក រួមទាំង​អាមេរិក​ផង​នោះ ផ្ដល់​សិទ្ធិសេរីភាព​ពេញលេញ​ដល់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​។ នេះ​ក៏​ដោយសារតែ សាសនា​គ្រិស្ត​កាតូលិក​ដែល​ត្រូវបាន​គោរព​ដោយ​ប្រជាជន​ហ្វីលីពីន​លើសលប់ មាន​និន្នាការ​ប្រឆាំងនឹង​ការ​រៀបការ​បែបនេះ​៕