នាង​គី​ម កា​ដា​សៀន ចោរប្លន់​គ្រឿងអលង្ការតម្លៃ​ជាង​10​លាន​ដុល្លារ ព្រោះ​បង្អួត​តាម​អីុន​ធើ​រ​ណេ​ត

បច្ចុប្បន្ន​កំពុង​ល្បី​រន្ទឺ​តាម​សារព័ត៌មាន​នានា​ពី​ករណី​ដែល​នាង​គី​ម កា​ដា​សៀន ត្រូវ​ចោរប្លន់​យក​ទ្រព្យសម្បត្ដិ​ជាង​១០​លាន​ដុល្លារ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ ប៉ូលិស​បារាំង បាន​និយាយ​ថា ក្រុម​ចោរ​បានដឹង​ច្បាស់​ពី​គ្រឿងអលង្ការ ព្រោះ​នារី​រង​គ្រោះ​ពាក់​ពេជ្រ​ស្រោច​ខ្លួន និង​បង្ហោះ​តាម Instagram (IG) ។

សារព័ត៌មាន​បរទេស​ឱ្យ​ដឹង​ដោយ​យោង​តាម​សម្ដី​របស់​ប៉ូលិស​បារាំង ពី​ហេតុការណ៍​នោះ​ថា ជា​រឿង​ក្ដី​ចោរកម្ម​ដែល​កើតឡើង​មិន​ញឹកញាប់​ទេ ព្រោះ​ពួក​ចោរ​មាន​គោលដៅ​ប្លន់​យក​ទ្រព្យសម្បត្ដិ​ដ៏​មាន​តម្លៃ​នៅ​លើ​ខ្លួន​នាង​គី​ម កា​ដា​សៀន ព្រោះ​នាង​បង្ហាញ​ទ្រព្យ​ទាំងនោះ​តាម​អីុ​ន​ធើ​រ​ណេ​ត ។

មុន​ពេល​ប្លន​រយៈពេល​៣​ថ្ងៃ នាង​គី​ម កា​ដា​សៀន បាន​បង្ហោះ​រូបភាព​ពាក់​ចិញ្ចៀនពេជ្រ​តាម Instagram របស់​ខ្លួន ។ លោក​ចូ​ហាន​ណា​ព្រី​ម​វើត អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​ប៉ារីស និយាយ​ថា «​នាង​មាន​អ្នក​តាម​មើល Instagram ច្រើន​ជាង​៨០​លាន​នាក់ ហើយ​ការ​បង្ហាញ​វត្ថុ​មាន​តម្លៃ​ជា​ញឹកញាប់​បែប​នេះ អាច​ជា​ប្រផ្នូល​អាក្រក់​បណ្ដាល​ឱ្យ​មាន​ការ​ប្លន់ និយាយ​រួម​ក្រុម​ចោ​រា​បាន​ប្លន់​តែ​លើ​គ្រឿងអលង្ការ​ដ៏​មាន​តម្លៃ​ដែល​ពួក​គេ​បានឃើញ​ប៉ុណ្ណោះ​» ។

ហេតុការណ៍​ប្លន់​ដ៏​អាក្រក់​នោះ​ធ្វើ​ឱ្យ​លោក Kanye West ប្ដី​របស់​នាង​គី​ម កា​ដា​សៀន ដែល​កំពុង​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​ប្រគំ​តន្ដ្រី​នៅ​ញូ​វ​យ៉​ក បញ្ឈប់​កណ្ដាល​ទី និង​ប្រកាសប្រាប់​អ្នកគាំទ្រ​ថា «​ខ្ញុំ​សុំ​ទោស គ្រួសារ​របស់ខ្ញុំ​មាន​បញ្ហា​បន្ទាន់​មួយ ខ្ញុំ​ត្រូវ​ឈប់​សម្ដែង​ត្រឹមនេះ​» ។

អ្នកនាំពាក្យ​ផ្ទាល់​របស់​នាង​គី​ម កា​ដា​សៀន និយាយ​ថា «​នាង​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ចំពោះ​ហេតុការណ៍​ដែល​កើតឡើង ប៉ុន្ដែ​មាន​សុវត្ថិភាព និង​គ្មាន​របួស​ទេ​» ៕