ជន​រង​គ្រោះ​អស់ជំនឿ​លើ​សមត្ថកិច្ច និង​តុលាការ​បន្ទាប់​ពី​ដោះ​លែង​ជន​ដៃដល់

ជន​រង​គ្រោះ​អស់ជំនឿ​លើ​សមត្ថកិច្ច និង​តុលាការ​បន្ទាប់​ពី​ដោះ​លែង​ជន​ដៃដល់



កំពង់ឆ្នាំង​:  ជន​រង​គ្រោះ​ក្នុង​អំពើ​ហឹ​ង្សា​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ក្មេង​ស្ទាវ​មួយ​ហ្វូង បាន​សំដែង​នូវ​ការ​មិន​សប្បាយចិត្ត និង អស់ជំនឿ​ទៅ​លើ​សមត្ថកិច្ច​និង​មន្ត្រី​ច្បាប់​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង បន្ទាប់​ពី​បាន​ដោះ​លែង​ជន​ដៃដល់​និង​គូកន​ដែល​បាន​ព្រួត​គ្នា​វាយ​មក​លើ​ពួក​គេ បណ្តាល​អោយ​រង​របួសធ្ងន់​និង​ស្រាល នៅ​ក្នុង​ពិធី​រាំ​ធុងបាស់ កាលពី​រសៀល​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៦ នៅ​វត្ត​សំរោង​ក​ង្រី ស្ថិត​ក្នុងភូមិ​សំរោង ឃុំ​ពោធិ ស្រុក​កំពង់លែង  ។

សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​ពីរ​នាក់​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​មួយ​ហ្វូង​ព្រួត​គ្នា​វាយ បណ្តាល​អោយ​រង​របួសធ្ងន់​និង​ស្រាល ក្នុង​នោះ​ម្នាក់​ឈ្មោះ សួន ម៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង​រង​របួសធ្ងន់ និង ម្នាក់​ទៀត ឈ្មោះ​ម៉ា គង់​សំ​អឿ​ន ភេទ​ប្រុស អា​យុយ​៣៥​ឆ្នាំ រស់​ភូមិ​ស្មែ​ត្រ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ រង​របួសស្រាល  ។

ជន​រង​គ្រោះ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គេ​ជា​អ្នក​ចំងាយ បាន​នាំ​ក្រុម​គ្រួសារ​ទៅ​ធ្វើបុណ្យ និង ទៅ​លេង​នៅ​វត្ត​សំរោង​ក​ង្រី ស្ថិត​ក្នុងភូមិ​សំរោង ឃុំ​ពោធិ ស្រុក​កំពង់លែង ដែល​នៅ​ទីនោះ មាន​ដាក់​ធុងបាស់​រាំ​លេង​កំសាន្ត​ផង​ដែរ ។

ជន​រង​គ្រោះ​បានអោយ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គេ​បាន​ចូល​ទៅ​រាំ​បទ​រាំវង់​បាន​មួយ​បទ បន្ទាប់​មក​ទៀត​គេ​ចាក់​បទ​ញាក់ ក៏​បាន​នាំ​គ្នា​រាំ​បន្ត​ទៀត ។ ក្នុង​ពេល​នោះ​ស្រាប់តែ​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម ដែល​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​នៅ​ក្នុងភូមិ​ស្រុក​នេះ បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ សួន ម៉ា បណ្តាល​អោយ​រង​របួសធ្ងន់​រហូត​ដល់​សន្លប់​បាត់ស្មារតី ។  ឃើញ​ដូចនេះ​ឈ្មោះ​ម៉ា គង់​សំ​អឿ​ន បាន​ស្ទុះ​ចូល​ទៅ​ជួយ ក៍​ត្រូវ​បក្ខពួក​ក្រុម​បង្ក​គប់​ត្រូវ​៣​ដំ​ថ្ម​រង​របួសស្រាល ។

បន្ទាប់​មក​ក្រុម​ក្មេង​ទំនើង​ទាំងនោះ បាន​នាំ​គ្នា​រត់ឡើង​ទៅ​លើ​កុដិ​លោក​ដែល​ស្ថិត​នៅ​ក្បែរ​នោះ ហើយ​ក្រុម​ប្រជា​ការពារ​ភូមិ និង ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ព័ទ្ធ​កុដិ​នោះ​មិន​អោយ​ក្រុម​ជន​បង្ករ​ត់ទៅ​ណា​ឡើយ និង​បាន​ទូរស័ព្ទ​ប្តឹង​ទៅ​សមត្ថកិច្ច​អោយ​ជួ​យន្ត​រាគ​មន៍ ។ ពេល​សមត្ថកិច្ច​មក​ដល់ក៍​មិន​ហ៊ាន​ចូល​ទៅ​ឃាត់​ជន​បង្ក​ទៀត ព្រោះ​ដឹង​ថា​ក្រុម​ក្មេង​ទំនើង​ទាំងនេះ​សាហាវ​ខ្លាំង​ណាស់ ប៉ុន្តែ​ដោយសារ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នៅ​ទីនោះ​ដែរ បាន​នាំ​គ្នា​សម្រុកចូល​ទៅ​ចាប់​បាន​ជន​បង្ក​ចំនួន​៨​នាក់​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​។

ជន​ដៃដល់​និង​គូកន​ទាំង​៨​នាក់ ត្រូវ​បាន​គេ​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ថ្ងៃ​ទី​៣ ខែតុលា ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា​នេះ ត្រូវ​បាន​គេ​ដោះ​លែង​៦​នាក់​ទៅ​វិញ រួម​ទាំង​ជន​ដៃដល់​២​នាក់​ផង​ដែរ ។ ដោយឡែក​២​នាក់​ទៀត ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​សាលាដំបូង ក្រោយ​ពី​សាកសួរ​អស់​រយៈពេល​ពេញ​មួយ​ព្រឹក ត្រូវ​បាន​គេ​បញ្ជូន​ត្រឡប់​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​វិញ ដែល​គេ​នៅ​មិន​ទាន់​ដឹង​ថា ជន​ទាំង​ពីរ​នាក់​នេះ ត្រូវ​ឃុំខ្លួន​ឬ ក៍​ត្រូវ​ដោះ​លែង​ជា​បន្ត​ទៀត​នោះ​ទេ ។

ជន​រង​គ្រោះ​ក្នុង​អំពើ​ហឹ​ង្សា​នេះ​បានអោយ​ដឹង​ទៀត​ថា ពួក​គាត់​បាន​ចំណាំ​មុខ​ច្បាស់​ណាស់​ក្នុង​ចំណោម​៨​នាក់​ដែល​ឃាត់ខ្លួន​បាន មាន​៣​នាក់​ជា​ជន​ដៃដល់ ឥឡូវ​ជន​ដៃដល់​២​នាក់​ត្រូវ​បាន​គេ​ដោះ​លែង នៅ​សល់​តែ​ជន​ដៃដល់​ម្នាក់​និង​គូកន​ម្នាក់​ទៀត ដែល​គេ​មិន​ទាន់​ដោះ​លែង ក្នុង​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ​សួន ម៉ា ដែល​រង​របួសធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​នៅឡើយ ។

ជន​រង​គ្រោះ​បាន​និយាយ​ថា ពួក​គាត់​មានការ​ឈឺចាប់​យ៉ាង​ខ្លាំង​និង​អស់ជំនឿ​ទៅ​លើ​សមត្ថកិច្ច​និង​មន្ត្រី​ច្បាប់​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង ដែល​បាន​ឃុបឃិត​គ្នា​ដោះ​លែង​ជន​ដៃដល់​និង​គូកន​អោយ​មាន​សេរីភាព​វិញ​មិន​អនុវត្ត​ទៅ​តាម​ច្បាប់ ។

ជន​រង​គ្រោះ​បាន​សំណូមពរ​ដល់​ក្រសួងយុត្តិធម៌ និង ក្រសួងមហាផ្ទៃ​មេត្តា​ជួយ អន្តរាគមន៍​ចាប់ខ្លួន​ជន​ដៃដល់ និង​គូកន​ដែល​ត្រូវ​គេ​ដោះ​លែង​នោះ​មក​វិញ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ និង ផ្តល់​យុត្តិធម៌​ដល់​ពួក​គាត់​ដែល​ជា​ជន​រង​គ្រោះ​ផង​៕