រដ្ឋមន្ត្រីក្រសួង​ទទួលស្គាល់​តួនាទី និង​ការ​រួមចំណែក​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី សេដ្ឋកិច្ច នៅ​កម្ពុជា

រដ្ឋមន្ត្រីក្រសួង​ទទួលស្គាល់​តួនាទី និង​ការ​រួមចំណែក​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី  សេដ្ឋកិច្ច នៅ​កម្ពុជា



ភ្នំពេញ​: លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​ក្នុង​វេទិកា​ពិភាក្សា​កម្រិត​ជាន់ខ្ពស់​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី ស្តី​ពី​៖ ការ​អបអរសាទរ​ខួប​ឆ្នាំ​ទី​៥០ នៃ​ការ​បង្កើត​ធនាគារអភិវឌ្ឍន៍អាស៊ី  នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦​។​វេទិកា​ពិភាក្សា។

ផ្តោត​ជា​សំខាន់​លើ​ការ​រួមចំណែក​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា បញ្ហា​ប្រឈម​នៃ​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា និង​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ធនាគារអភិវឌ្ឍន៍អាស៊ី​ក្នុង​ពេល​អនាគត  ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ល្អ និង​ការ​គាំទ្រ​ដល់​កម្ពុ​ជានា​ពេល​កន្លង​មក​និង​កំពុង​បន្ត​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​។ លោក​ទេស​រដ្ឋមន្ត្រី​បាន​ទទួលស្គាល់​តួនាទី និង​ការ​រួមចំណែក​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ក្នុង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស​។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​គូសបញ្ជាក់​អំពី គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន ក្រោម​ហិរញ្ញប្បទាន​ពី​ធនាគារ​អភិ​ឌ្ឍ​ន៍​អាស៊ី ដែល​បាន​រួមចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​កា​រត​ភ្ជាប់ ការ​ដឹក​ជញ្ជូន និង​ការ​ធ្វើ​សមាហរណកម្ម​នៅ​កម្ពុជា​និង​ក្នុង​តំបន់​។  ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​ទេស​រដ្ឋមន្ត្រី បាន​កត់សម្គាល់​អំពី​មេរៀន ដែល​ជា​បទ​ពិសោធន៍​សំខាន់​ៗ​មួយ​ចំនួន ពី​កិច្ច​សហប្រតិបត្តិការ​ផ្អែក​លើ​កម្រិត​គម្រោង​ទាក់ទង​នឹង​ការ​ធ្វើ​ផែនការ​គម្រោង និង​ការពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​ក្នុង​នោះ​មាន​បញ្ហា​នៃ​ការ​ចំណាយ​ក្រោម​ការ​ប៉ាន់ស្មាន និង​ការ​យល់​ឃើញ​ខុស​គ្នា​អំពី​បញ្ហា​បច្ចេកទេស​ចំពោះ​ការ​សាងសង់​ផ្លូវថ្នល់​។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​ស្នើ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​វិស័យ​នានា និង​ទំនាក់ទំនង​យូរអង្វែង​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី  តាម​រយៈ​ការ​ផ្តល់​ហិរញ្ញប្បទាន​ដែល​មាន​លក្ខណៈ​វិជ្ជមាន​ដល់​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា និង​ដើម្បី​ចូលរួម​ជាមួយនឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់​ៗ​មួយ​ចំនួន​ទាក់ទង​នឹង​ការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​ភស្តុ​ភារ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​និង​កា​រត​ភ្ជាប់ ការ​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្លងកាត់​ព្រំដែន​(CBF) ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ការ​ថែទាំ​និង​ជួសជុល​ផ្លូវថ្នល់​និង​ឧបករណ៍​បរិក្ខារ​សម្រាប់​ការ​ថែទាំ​ជួសជុល និង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ពាក់ព័ន្ធ​៕