រថយន្ត​ដឹក​ខ្សាច់​បំផ្លាញ​ផ្លូវលំ​ក្នុង​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប តាម​អំពើ​ចិត្ត​

កាលពី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ភូមិ​វត្ត ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ប្រមាណ​ជាង​១០០​នាក់​បាននាំគ្នា​តវ៉ា​បិទ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ប្រវែង​ជាង​២០០០​ម៉ែត្រ មិន​ឲ្យ​រថយន្ត​ដឹក​ខ្សាច់​ធំៗ​របស់​ឈ្មួញ​បើកបរ​ឆ្លងកាត់​តទៅទៀត​។ តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​រយៈពេល​ប្រមាណ​៦​ខែ​កន្លងទៅនេះ មាន​រថយន្ត​ធំៗ​ដឹកជញ្ជូន​ខ្សាច់​ឆ្លងកាត់​ផ្លូវលំ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ជាច្រើន​កន្លែង មាន​ជង្ហុក​ធំៗ​ពិបាកធ្វើ​ដំណើរ​។ ហេតុនេះ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ កុំ​ឲ្យ​ក្រុមហ៊ុន​អាជីវកម្ម​ខ្សាច់​បំផ្លាញ​ផ្លូវលំ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​តាម​អំពើ​ចិត្ត​ទៀត​។

នៅក្នុងពេល​បិទផ្លូវ​តវ៉ា​នោះ​តំណាង​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ផ្លូវលំ​ប្រវែង​ជាង​២០០០​ម៉ែត្រ​កំពុង​ស្រុត​និង​មាន​ជង្ហុក​ជ្រៅៗ ហើយ​អាជ្ញាធរ​ឃុំ​ត្បែង និង​អាជ្ញាធរ​ស្រុក​បន្ទាយស្រី មិន​ចាត់វិធានការ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ខ្សាច់​អនុវត្តន៍​តាម​បទដ្ឋាន​បច្ចេកទេស​ឡើយ​។ ដោយ​ទទួលរង​នូវ​ផលប៉ះពាល់​ខ្លាំងពេក​ទើប​ប្រជាពលរដ្ឋ​ភូមិ​វត្ត ឃុំ​ត្បែង បិទផ្លូវ​តវ៉ា​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត​ជួយ​ដោះស្រាយ​ជាបន្ទាន់ ជាពិសេស​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ការដ្ឋាន​បូម​ខ្សាច់​ខុសច្បាប់​ដែល​កំពុងដំណើរកា​រយ៉ា​ង​គឃ្លើន​។ តំណាង​អ្នកភូមិ​វត្ត បាន​ឲ្យ​ដឹង​ទៀតថា ពួកគាត់​ធ្លាប់​តវ៉ា​ទៅ​អាជ្ញាធរ​ភូមិ និង​អាជ្ញាធរ​ឃុំ​ជាច្រើនលើក​មកហើយ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មិន​ចាត់វិធានការ​ទប់ស្កាត់​ករណី​រថយន្ត​ដឹក​ខ្សាច់​ធំៗ​បំផ្លាញ​ផ្លូវ​ក្នុង​មូលដ្ឋាន​ឡើយ​។ ដូច្នេះហើយ​ទើប​ពួកគាត់​បិទផ្លូវ​ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ស្រុក​បន្ទាយស្រី ក៏ដូចជា​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​រថយន្ត​ដឹក​ខ្សាច់​បំផ្លាញ​ផ្លូវ​យ៉ាង​មហន្តរាយ​បន្តទៀត​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ មាន​ពលរដ្ឋ​១០២​គ្រួ​សារបាន​រួមគ្នា​ផ្ដិតមេដៃ​ធ្វើ​ពាក្យបណ្ដឹង​ដាក់ជូន​មេភូមិ​វត្ត មេឃុំ​ត្បែង ព្រមទាំង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តសៀមរាប ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ការដ្ឋាន​បូម​ខ្សាច់​គ្មាន​ច្បាប់​ជាច្រើន​កន្លែង​នៅក្នុង​ទឹកដី​ឃុំ​ត្បែង​។ ក៏ប៉ុន្តែ​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ភូមិ​វត្ត មិន​ត្រូវបាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តសៀមរាប យកចិត្តទុកដាក់​ដោះស្រាយ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ឡើយ ហើយ​ឈ្មួញ​៤​នាក់​នៅតែ​បន្ត​បូម​ខ្សាច់​និង​ដឹកជញ្ជូន​ខ្សាច់​ឆ្លងកាត់​ផ្លូវលំ​ក្នុងភូមិ​វត្ត បង្ក​ឲ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។ បញ្ហា​នេះ​អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ឈ្មួញ​បូម​ខ្សាច់​៤​នាក់​កំពុង​បង្ក​ការលំបាក​និង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី​៕

screenshot_2015-10-08-06-49-16-1

លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប

d7055736-1737-4bdf-9283-c64e81bfa5f1 4c728a14-5573-4e2f-a4dd-641563927f59 517cce2c-507d-4e3b-8ea6-b977e8bef658