សុខ​ សុវណ្ណ​ ជួប ​ឡៅ ចន្រ្ទា​លើក​ទី​៣​​ថ្ងៃ​អាទិត្យ​នេះ​មិន​​សង្ឃឹម​​ ​

ជើង​ខ្លាំង​ សុខ​ សុវណ្ណ​ ហាក់​មិន​សូវ​សង្ឃឹម​ថា​អាច​សងសឹក​បាន​លើ​អ្នក​លេង​កែង​ ឡៅ​ ចន្រ្ទា​ ក្នុង​ជំនួប​លើក​ទី៣​ នៅ​សង្វៀន​បាយ័ន​បឹងស្នោរ​ ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ។​

 

សុខ​ សុវណ្ណ​ ជួប ​ឡៅ ចន្រ្ទា​លើក​ទី​៣​​ថ្ងៃ​អាទិត្យ​នេះ​មិន​​សង្ឃឹម​​ ​ សុខ សុវណ្ណ (ក្រហម) និង ឡៅ ចន្ទ្រា (ខៀវ) កាល​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រវាត់​

 

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ប្រដាល់​គុន​ខ្មែរ​ សុខ​ សុវណ្ណ​ សម្រាប់​ការ​ប្រកួត​ជា​មួយ​កីឡាករ​សំបូរ​ផ្លែ​ ឡៅ​ ចន្រ្ទា​ នេះ​ជា​លើក​ទី៣។ ពីរ​លើក​​កន្លង​​រូប​គេ​មិន​ដែល​ឈ្នះ​ ឡៅ ចន្រ្ទា​ ​ឡើយ។​ កីឡាករ​រូប​នេះ​និយាយ​ថា​ ​៖«រឿង​វ៉ៃ​ឲ្យ​ឈ្នះ​ដើម្បី​សងសឹក​ចេះ​តែ​ចង់​ហើយ ​ព្រោះ​ធ្លាប់​ចាញ់​គេ​ ​តែ​​គេ​ខ្លាំង​​មិន​ធម្មតា»។​

 

សុខ សុវណ្ណ​បន្ត​ថា ​ការ​ពិបាក​យក​ជ័យជម្នះ​លើ​ជើង​ខ្លាំង​វ័យ​ក្មេង​​ ឡៅ ចន្រ្ទា​ ដោយ​សារ​​​ប្អូន​ប្រុស​​របស់​ឡៅ ស៊ីណាត​រូប​នេះ​បាន​ខាង​កម្ពស់​ខ្ពស់​ រឹង​មាំ​ ពូកែ​វ៉ៃ​កែង​ ជង្គង់​ ហើយ​ឆ្មក់​​កណ្តាប់​ដៃ​បាន​រហ័ស។ ទោះ​ជា​យ៉ាង​ណា កីឡាករ​រូប​នេះ​ប្តេជ្ញា​តស៊ូ​ និង​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ប្រកួត​ ជា​ពិសេស​ជំនួប​លើក​ទី៣​នេះ។

 

សុខ​ សុវណ្ណ​ ជួប ​ឡៅ ចន្រ្ទា​លើក​ទី​៣​​ថ្ងៃ​អាទិត្យ​នេះ​មិន​​សង្ឃឹម​​ ​សុខ សុវណ្ណ (ក្រហម) និង ឡៅ ចន្ទ្រា (ខៀវ) កាល​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រវាត់​

 

សុខ​ សុវណ្ណ​ ជា​បេក្ខភាព​ម្នាក់​ក្នុង​ចំណោម​បេក្ខភាព​៥នាក់​ផ្សេង​ទៀត​ប្រកួត​សន្សំ​ពិន្ទុ​ខ្សែ​ក្រវាត់​គូបូតា​រដូវ​កាល​ទី៦​ របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​បឹងស្នោរ។​ ចំពោះ​២ប្រកួត​សន្សំ​ពិន្ទុ​កន្លង​មក​របស់​ សុវណ្ណ​ នៅ​មិន​ទាន់​ស្គាល់​​ជ័យជម្នះ​ឡើយ​ក្នុង​នោះ​​ប្រកួត​លើក​ទី១​ ចាញ់​កីឡាករ​ ឈឿន​ ឆៃដែន​ និង​លើក​ទី​២​​​ចាញ់​ក្រោម​ថ្វី​ដៃ​កីឡាករ​ថៃ​ហើយ​ការ​ប្រកួត​ថ្ងៃ​អាទិត្យ​នេះ​ជា​ប្រកួត​ទី៣​របស់​គេ​ផង​ដែរ ៕

 

អត្ថបទ៖​ នួន​ ស៊ីណា