កុំ​ញ៉ាំ​អាហារ​នេះ! អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ត្រូវ​ធ្វើ និង​មិន​ត្រូវ​ធ្វើ

ត្រូវ​ទទួល​ទាន​ផ្លែ​ឈើ​នេះ។ កុំ​ចេញ​ក្រៅ​នៅ​ពេល​នេះ​ឲ្យ​សោះ។ ញ៉ាំ​ភេសជ្ជៈ​នេះ។ ចាំ​បន្តិច អ្នក​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ!

 

បើ​អ្នក​កំពុង​មាន​ផ្ទៃ​ពោះ ពាក្យ​ទាំង​នេះ​អ្នក​គួរ​តែ​ធ្លាប់​ឮ​ញឹកញាប់​ហើយ។ មនុស្ស​ស្ទើរ​គ្រប់​គ្នា​មាន​ដំបូន្មាន ឬ​គំនិត​ណែនាំ​ពី​វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​ថែរក្សា​គភ៌ និង​សុខភាព​អ្នក​ឲ្យ​បាន​ល្អ។ ប៉ុន្តែ​ថ្វី​បើ​ពួកគេ​មាន​បំណង​ល្អ ឬ​និយាយ​ត្រូវ​ច្រើន​យ៉ាង​ណា​ក្ដី តើ​អ្នក​ដឹង​ទេ​ថា​មាន​ប៉ុន្មាន​ដែល​ចាស់ៗ​គ្រាន់​តែ​ប្រឌិត​ឡើង ឬ​និយាយ​ត​គ្នា?

 

អ្នក​ពិត​ជា​ត្រូវ​ការ​ការ​ផ្ដល់​ដំបូន្មាន​ដ៏​ល្អ​បំផុត​ដើម្បី​កូន​ក្នុង​ផ្ទៃ​របស់​អ្នក​លូតលាស់​បាន​ល្អ និង​សុខភាព​រឹង​មាំ។ ការ​យល់​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ និង​អ្វី​ដែល​ត្រូវ​ចៀសវាង​ អាច​ជួយ​អ្នក​មាន​ជម្រើស​សម្រាប់​សុខភាព​កាន់​តែ​ល្អ​ប្រសើរ និង​សម្រាប់​កូន​របស់​អ្នក ព្រម​ទាំង​សុខភាព​អ្នក​ទាំង​ពេល​បច្ចុប្បន្ន​ និង​ពេល​អនាគត។

 

ខាង​ក្រោម​នេះ​ជា​បញ្ជី​បង្ហាញ​អំពី​អ្វី​ត្រូវ​ធ្វើ និង​មិន​ត្រូវ​ធ្វើ​ ដែល​អាច​ជួយ​បំភ្លឺ​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន និង​គួរ​តែ​ធ្វើ ព្រម​ទាំង​អ្វី​ដែល​អ្នក​មិន​គួរ​ធ្វើ​ដើម្បី​រក្សា​គភ៌ និង​សុខភាព​អ្នក​ឲ្យ​មាន​សុវត្ថិភាព។

 

កុំ​ញ៉ាំ​អាហារ​នេះ! អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ត្រូវ​ធ្វើ និង​មិន​ត្រូវ​ធ្វើ

 

អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ធ្វើ៖

១. ជួប​គ្រូ​ពេទ្យ​ឲ្យ​បាន​ទៀង​ទាត់​តាម​ការ​ណាត់៖ ការ​ពិនិត្យ​ផ្ទៃ​ពោះ​អាច​ជួយ​អ្នក​ និង​កូន​ក្នុង​ផ្ទៃ​បាន​ល្អ​ក្នុង​ករណី​ខ្លះ​ដែល​អាច​រក​ឃើញ​ពី​ជំងឺ​ផ្សេងៗ។

 

២. ទទួល​ទាន​អាហារ​សុខភាព​សម្បូរ​ជីវជាតិ​បំប៉ន៖ សូម​បន្ថែម​ប្រភេទ​អាហារ​សុខភាព​ចម្រុះ​ឲ្យ​បាន​ច្រើន​ក្នុង​របប​អាហារ​របស់​អ្នក។ ប្រភេទ​អាហារ​ទាំង​នោះ​ រួម​មាន បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ អាហារ​មាន​ជាតិ​កាល់ស្យូម​ខ្ពស់ សាច់​សុទ្ធ និង​អាហារ​សមុទ្រ ជាដើម។

 

៣. ទទួល​ទាន​ជាតិ​កាល់ស្យូម​ឲ្យ​បាន​គ្រប់​គ្រាន់៖ បរិមាណ​កាល់ស្យូម ១៣០០ មិលី្លក្រាម​ ពី​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ បន្លែ​បៃតង​ចាស់ និង​សារធាតុ​រ៉ែ​ខនិក​ល្អៗ​ដទៃ​ទៀត​ មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​ធ្មេញ និង​ឆ្អឹង​ទារក​ក្នុង​ផ្ទៃ​លូតលាស់​រឹង​មាំ​ល្អ។ សូម​ចង​ចាំ​ថា​ទារក​ក្នុង​ផ្ទៃ​អាច​ស្រូប​យក​ជាតិ​កាល់ស្យូម​ពី​រាង​កាយ​អ្នក ដូច្នេះ​សូម​ទទួល​ទាន​កាល់ស្យូម​ និង​សារធាតុ​រ៉ែ​ខនិក​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ការពារ​ឆ្អឹង​របស់​អ្នក​ផង​ដែរ។

 

កាល់ស្យូម​ក៏​អាច​ជួយ​បង្ការ៖

– ជំងឺ​ពុក​ឆ្អឹង៖ ដែល​បណ្ដាល​មក​ពី​ឆ្អឹង​ចុះ​ទន់​ខ្សោយ​ដោយ​សារ​កំហាប់​ឆ្អឹង​មាន​កម្រិត​ទាប
– ជំងឺ​ក្រិស​៖ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ឆ្អឹង​ទារក​ទន់
– ជំងឺ​ឆ្អឹង​ទន់
– ទី​ភ្នាក់ងារ​ផ្សេងៗ ដូចជា អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ណែនាំ​ឲ្យ​ទទួល​ទាន​ជាតិ​កាល់ស្យូម​ឲ្យ​បាន១៥០០-២០០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ដើម្បី​បង្ការ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ជា​ពិសេស​សម្រាប់​ស្ត្រី​ដែល​ទទួល​ទាន​កាល់ស្យួម​មិន​គ្រប់​គ្រាន់។

 

បើ​អ្នក​មិន​អាច​ទទួល​ទាន​កាល់ស្យូម​ឲ្យ​បាន​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​ពី​របប​អាហារ​របស់​អ្នក​ទេ សូម​ព្យាយាម​ទទួល​ទាន​ផលិត​ផល​ជំនួយ​ជាតិ​កាល់ស្យូម​បន្ថែម។ យោង​តាម WHO ការ​បន្ថែម​ជាតិ​កាល់ស្យូម​ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ផ្សេងៗ​តាម​រយៈ​ការ​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ភាព​មិន​ប្រក្រតី​នេះ ជា​កត្តា​ទាក់​ទង​នឹង​អត្រា​មរណភាព​មាតា​មាន​ផ្ទៃ​ពោះ និង​ហានិភ័យ​ខ្ពស់​ទាក់​ទង​នឹង​ទារក​កើត​មិន​គ្រប់​ខែ​ផង​ដែរ។
http://www.who.int/elena/titles/calcium_pregnancy/en/

 

៤. ទទួល​ទាន​អាហារូបត្ថម្ភ​សំខាន់ៗ៖ របប​អាហារ​សុខភាព​ ជួន​កាល​ប្រហែល​ជា​មិន​ទាន់​គ្រប់​គ្រាន់​ទេ។ វីតាមីន​ផ្សេងៗ​សម្រាប់​ពេល​មាន​ផ្ទៃ​ពោះ ផ្ទុក​នូវ​អាហារូបត្ថម្ភ​កម្រិត​ខ្ពស់ ដូចជា កាល់ស្យូម អាស៊ីត​ហ្វូឡិក និង​ជាតិ​ដែក។  វីតាមីន​ទាំង​នេះ​ជួយ​ដល់​ការ​លូតលាស់​ទារក​ក្នុង​ផ្ទៃ និង​បង្ការ​ពិការ​ភាព​ពី​កំណើត។

 

៥. គេង​ឲ្យ​បាន​គ្រប់​គ្រាន់៖ ព្យាយាម​គេង​ឲ្យ​បាន​ពី ៧ ទៅ ៩ ម៉ោង។ ស្ត្រី​មាន​ផ្ទៃ​ពោះ​ចាំបាច់​ត្រូវ​ការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ និង​គេង​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ធានា​ថា​សុខភាព​អ្នក​ល្អ។ ការ​សម្រាក​ដោយ​គេង​ផ្អៀង​មក​ខាង​ឆ្វេង​ជួយ​ឲ្យ​ឈាម​រត់​បាន​ស្រួល​ទៅ​កាន់​ទារក​ក្នុង​ផ្ទៃ និង​បង្ការ​ជំងឺ​ហើម​បាន​ផង​ដែរ។

 

៦. ពិនិត្យ​ការ​ប្រើប្រាស់​ឱសថ៖ ឱសថ​គ្មាន​វេជ្ជបញ្ជា ឬ​ឱសថ​បុរាណ​មួយ​ចំនួន​ អាច​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​ទារក​ក្នុង​ផ្ទៃ។ យក​ល្អ​គប្បី​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជា​មុន​នៅ​ពេល​ចាប់​ផ្ដើម​ ឬ​ឈប់​ប្រើ​ប្រាស់​ឱសថ។

 

៧. ហាត់​ប្រាណ៖ ការ​ហាត់​ប្រាណ ផ្ដល់​ផល​ល្អ​ដល់​ម្ដាយ និង​ទារក! ការ​ហាត់​ប្រាណ​ទៀង​ទាត់​អាច​ជួយ​បង្ការ​បញ្ហា​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ បញ្ហា​ទាំង​នេះ​រួម​មាន រោគ​គេង​មិន​លក់ ឈឺ​សាច់​ដុំ ឡើង​ទម្ងន់​ជ្រុល និង​អារម្មណ៍​ឆេវឆាវ។

 

៨. ទទួល​ទាន​ទឹក​យ៉ាង​តិច១២ កែវ​ក្នុង​មួយ​ថ្ងៃ៖ ជាតិ​ទឹក​មាន​សារៈសំខាន់​សម្រាប់​ទប់​ស្កាត់​បញ្ហា​ទារក​កើត​មិន​គ្រប់​ខែ។ វា​ក៏​ជួយ​ទប់​ស្កាត់​ជំងឺ​ឈឺ​ក្បាល ក្រួស​ក្នុង​តម្រង​នោម វិល​មុខ ជំងឺ​ទល់​លាមក និង​ជំងឺ​ឫស​ដូង​បាត ផង​ដែរ។
http://www.fitpregnancy.com/nutrition/prenatal-nutrition/10-safe-and-healthy-foods-pregnancy

 

អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​មិន​ត្រូវ​ធ្វើ៖

១. មិន​ត្រូវ​ទទួល​ទាន​ជាតិ​កាហ្វេ​អ៊ីន​ហួស​កម្រិត៖ គ្រឿង​ទទួល​ទាន​ប្រភេទ​នេះ អាច​ប៉ះពាល់​ដល់​បេះដូង​ទារក​ក្នុង​ផ្ទៃ។ ការ​សិក្សា​មួយ​ចំនួន​ក៏​បាន​ណែនាំ​ដែរ​ថា បរិមាណ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន​ជ្រុល​ អាច​ប្រឈម​ហានិភ័យ​ខ្ពស់​ដែល​បណ្ដាល​ឲ្យ​រលូត​ទារក​ក្នុង​ផ្ទៃ។
http://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/pregnancy-nutrition/art-20043844?pg=2

 

២. ចៀសវាង​គ្រឿង​ស្រវឹង៖ បើ​អ្នក​ទទួល​ទាន​គ្រឿង​ស្រវឹង សូម​បញ្ឈប់​ជា​បន្ទាន់។ ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​តែ​ម្ដង​នោះ អាច​មិន​បង្ក​បញ្ហា​ដល់​កូន​ក្នុង​ផ្ទៃ​អ្នក​ទេ ប៉ុន្តែ​យក​ល្អ​ត្រូវ​ចៀស​វាង​គ្រឿង​ស្រវឹង​ជា​ដាច់​ខាត។ ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ដែល​បណ្ដាល​ឲ្យ​រលូត​ទារក​ក្នុង​ផ្ទៃ និង​ស្លាប់​ទារក​ក្នុង​ផ្ទៃ​ទៀត​ផង។
http://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/pregnancy-nutrition/art-20043844?pg=2

 

៣. មិន​ត្រូវ​ជក់​បារី​៖ ចំណុច​នេះ​គឺ​ពុំ​ចាំបាច់​រំឭក​ច្រើន​ទេ បើ​ទោះ​ជា​អ្នក​គ្មាន​ផ្ទៃ​ពោះ​នោះ​ក៏​ដោយ។ ប៉ុន្តែ​ការ​ជក់​បារី​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ វា​បាន​បញ្ជូន​ជាតិ​នីកូទីន​ និង​សារជាតិ​ពុល​ទៅ​កាន់​កូន​ក្នុង​ផ្ទៃ​របស់​អ្នក។ ការ​ជក់​បារី​ក៏​ប៉ះពាល់​ដល់​ការ​លូតលាស់​ធំ​ធាត់​របស់​ទារក​ និង​ប្រឈម​ហានិភ័យ​ខ្ពស់​ដែល​បណ្ដាល​ឲ្យ​រលូត ទារក​កើត​មិន​គ្រប់​ខែ និង​អត្រា​មរណភាព​ទារក​ផង​ដែរ។
http://www.upmc.com/patients-visitors/education/pregnancy/Pages/smoking-alcohol-and-drugs-can-harm-your-baby.aspx

 

៤. ចៀស​ឲ្យ​ឆ្ងាយ​ពី​ការ​ទទួល​ទាន​ប្រភេទ​ត្រី​ទាំង​នេះ៖ មិន​ត្រូវ​ទទួល​ទាន​ត្រី​ចំពុះ​ដាវ​ ត្រី​ម៉ាកេរ៉ែល ឆ្លាម និង​ត្រី​អណ្ដាត​ឆ្កែ​ឡើយ ព្រោះ​ត្រី​ទាំង​នេះ​មាន​សារធាតុ​គីមី​បារត​ខ្ពស់។ ជាតិ​បារត​ខ្ពស់​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​ប្រព័ន្ធ​ប្រសាទ​ទារក​ក្នុង​ផ្ទៃ​អ្នក។

http://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/pregnancy-nutrition/art-20043844?pg=1

 

៥. ពិនិត្យ​សីតុណ្ហភាព​ទឹក៖ មិន​ត្រូវ​ងូត​ទឹក​ក្ដៅ ឬ​ត្រាំ​ទឹក​ក្ដៅ​ឡើយ។ សីតុណ្ហភាព​ខ្ពស់​ អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ និង​បណ្ដាល​ឲ្យ​អ្នក​សន្លប់​បាន។
http://americanpregnancy.org/pregnancy-health/hot-tubs-during-pregnancy/

 

៦. តម​អាហារ​សម្បូរ​ជាតិ​កាបូន​អ៊ីដ្រាត៖ អាហារ​ទាំង​នេះ​ មាន​ដូចជា នំប៉័ង បាយ​ស បង្អែម និង​សូដា តែង​បង្ក​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ខ្ពស់។ កត្តា​ទាំង​នេះ​បណ្ដាល​ឲ្យ​ទារក​ឡើង​ទម្ងន់ និង​ប្រឈម​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ធ្វើ​ឲ្យ​កូន​របស់​អ្នក​មាន​ជំងឺ​ធាត់​ជ្រុល​នៅ​ពេល​គេ​ធំ​ធាត់​ដឹង​ក្ដី៕
http://www.fitpregnancy.com/nutrition/prenatal-nutrition/10-safe-and-healthy-foods-pregnancy

 

 

អត្ថបទ៖ ពាណិជ្ជកម្ម