ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ នៅ​កណ្តាល​ទ្រូងផ្លូវ

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ នៅ​កណ្តាល​ទ្រូងផ្លូវ



កំពង់ឆ្នាំង​: សាកសព​បុរស​ព​បុរស​ម្នាក់ ដែល​មាន​សភាព​ខ្ទេច​ក្បាល និង​ដងខ្លួន ត្រូវ​បាន​ប្រជាពលរដ្ឋ ប្រទះ​ឃើញ​នៅ​កណ្តាល​ទ្រូងផ្លូវ បង្ករ​អោយ​មានការ​ភ្ញាក់ផ្អើល ។ ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង ៥ ទៀប​ភ្លឺ ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់ ផ្លូវជាតិ​លេខ​៥ ជិត​ស្ថានីយ​សាំង​ដំរី​ស ស្ថិត​នៅ​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

សមត្ថកិច្ច បានអោយ​ដឹង​ថា នៅ​លើ​សាកសព​ជន​រង​គ្រោះ មាន​ស្នាម​កង់​រថយន្ត​កិន ខ្ទេច​មួយ​កំណាត់​ដងខ្លួន​ខាងលើ ដែល​ករណី​នេះ សមត្ថកិច្ច បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ អាច​ត្រូវ​រថយន្ត​ធំ​បុក ក្នុង​ពេល​ដើរ​ឆ្លងផ្លូវ ក្នុង​ពេល​យប់​ស្ងាត់ ហើយ​រថយន្ត ក៍​បើក​គេចខ្លួន​បាត់​តែ​ម្តង ។

សមត្ថកិច្ច បានអោយ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ នៅ​ចន្លោះ​ម៉ោង ប្រមាណ​ជា​ជិត ៤ ទៀប​ភ្លឺ គេ​ឃើញ​ជន​រង​គ្រោះ បាន​ដើរ​នៅ​តាម​ផ្លូវ​នេះ​ដែរ​។ ស្រាប់តែ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៥ ទៀ​ភ្លឺ ក៍​ប្រជាពលរដ្ឋ ប្រទះ​ឃើញ​សាកសព​ជន​រង​គ្រោះ​នេះ​តែ​ម្តង និង​បាន​រាយការណ៍ ទៅ​សមត្ថកិច្ច ។

ជន​គ្រោះ​មិន​ស្គាល់ អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​គេ​ដឹង​ថា ជា​មនុស្ស​ដែល​មាន​សតិ​ពុំសូវល្អ ហើយ​ជា​និច្ចកាល តែងតែ​ដើរ​តាម​ផ្លូវ​នេះ សឹង​រាល់ថ្ងៃ ។ សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច សម្រេច​យក​ទៅ​តម្កល់ និង​បូជា​នៅ​វត្ត​ខេមររ​ង្សី ហៅ​វត្ត​ខ្សា​ម ហើយ​សមត្ថកិច្ច នគរបាល​ចរាចរណ៍ ក្រុង​កំពង់ឆ្នាំង ជា​អ្នក​ចំណាយ​ថវិកា សម្រាប់​បូជា ៕