ទីតាំង​ក្រុមហ៊ុន​ហ្គ្រេ​ត​ហ្វៀ​ល គឺជា​កន្លែង​ស្តុក​ឈើ​ខុសច្បាប់​ដែល​ឈ្មួញ​ដឹក​ចេញពី​តំបន់​ផ្សេងៗ​

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា​ទីតាំង​ក្រុមហ៊ុន​ហ្គ្រេ​ត​ហ្វៀ​ល គឺជា​កន្លែង​ដែល​ឈ្មួញ​ដឹកឈើ​ពី​តំបន់​ផ្សេងៗ​ចូលមក​ស្តុក​ទុក​ដើម្បី​ឲ្យ​ក្លាយទៅជា​ឈើ​ស្របច្បាប់ រួច​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​បន្តទៀត​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ឈ្មួញ​ជាច្រើន​នាក់​បាន​កាប់​ឈើ​នៅក្នុង​តំបន់​ការពារ​និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ហើយ​ដឹកជញ្ជូន​មក​ស្តុក​ទុក​ក្នុង​បរិវេណ​ដី​សម្បទាន​ក្រុមហ៊ុន​ហ្គ្រេ​ត​ហ្វៀ​ល ដើម្បី​បំភ័ន្ត​ភ្នែក​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ថា​ជា​ឈើ​ស្របច្បាប់​។ ការដែល​ឈ្មួញ​អាចធ្វើ​បែបនេះ​បាន​រលូន គឺមាន​ការឃុបឃិត​ពី​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​តំបន់ភ្នំ​ឱ​រ៉ា​ល់​ផងដែរ​។

កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៦ សមត្ថកិច្ច​ចម្រុះ​រួមមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន​ការពារ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​មន្ត្រី​អាជ្ញាធរខេត្ត​កំពង់ស្ពឺ បាន​ចុះទៅ​ដល់ទី​តាំង​ក្រុមហ៊ុន​ហ្គ្រេ​ត​ហ្វៀ​ល ដើម្បី​ត្រួតពិនិត្យ​និង​ដកហូត​ឈើ​ខុសច្បាប់​ដែល​ឈ្មួញ​លាក់ទុក​ក្នុង​តំបន់​នេះ​ជាង​១០០០​ដុំ​។ ប្រភពពី​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​នោះបាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ហ្គ្រេ​ត​ហ្វៀ​ល និង​ឈ្មួញ​មួយចំនួន​បានដាក់​ម៉ាស៊ីន​អារឈើ​នៅ​ខាងក្រៅ​បរិវេណ​ដី​សម្បទាន​របស់​ក្រុមហ៊ុន ហើយ​ដឹកជញ្ជូន​ចូលមក​ស្តុក​ទុក​ក្នុង​បរិវេណ​ក្រុមហ៊ុន​ដើម្បី​ចៀស​ផុតពី​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ពាក់ព័ន្ធ​។ ការដែល​ឈ្មួញ​មួយចំនួន​អាច​កាប់​ឈើ​ពី​តំបន់​ផ្សេង​យកមក​ស្តុក​ទុក​ក្នុង​ដី​សម្បទាន​ក្រុមហ៊ុន​ហ្គ្រេ​ត​ហ្វៀ​ល គឺអាច​មានការ​ឃុបឃិត​ជាមួយ​ថៅកែ​ក្រុមហ៊ុន និង​មេការ​ក្រុមហ៊ុន​ផងដែរ ទើប​អ្វីៗ​ប្រព្រឹត្ត​ទៅដោយ​រលូន​។

តាម​ប្រភពពី​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុងការ​បង្ក្រាប​ឈើ​នៅ​បរិវេណ​ដី​សម្បទាន​ក្រុមហ៊ុន​ហ្គ្រេ​ត​ហ្វៀ​ល កាលពី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ដែល​រឹបអូស​បាន​មាន​ចំនួន​១០៣៩​ដុំ ប៉ុន្តែ​ពុំមាន​មនុស្ស​ណា​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​នោះទេ​។ ប្រការនេះ​បង្ហាញ​ឲ្យ​ឃើញថា ម្ចាស់​ឈើ​ក៏ដូចជា​មេការ​ក្រុមហ៊ុន​ហ្គ្រេ​ត​ហ្វៀ​ល បានដឹងខ្លួន​ជាមុន​ទើប​នាំគ្នា​គេចចេញ​ដោយ​សុវត្ថិភាព ហើយ​សមត្ថកិច្ច​ចម្រុះ​បានត្រឹមតែ​រឹបអូស​ឈើ​ដើម្បី​វាស់វែង​ចងក្រង​ឯកសារ​ចាត់វិធានការ​តាម​នីតិវិធី​ប៉ុណ្ណោះ​។ អ្វីដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​នោះ គឺ​សមត្ថកិច្ច​ចម្រុះ​រឹបអូស​ឈើ​បាន​យ៉ាងច្រើន​និង​រកឃើញ​ម៉ាស៊ីន​អារឈើ​ក្នុង​បរិវេណ​ក្រុមហ៊ុន​ជិត​២០​គ្រឿង ប៉ុន្តែ​ក្រុម​ជនល្មើស​បានគេច​ខ្លួន​ដោយ​សុវត្ថិភាព​។ ប្រភព​ខ្លះ​សង្ស័យថា​ទំនងជា​មន្ត្រី​ជំនាញ​ផ្ដល់ដំណឹង​ទៅ​ឲ្យ​មេការ​ក្រុមហ៊ុន និង​ក្រុម​ឈ្មួញ​កាប់​ឈើ​ខុសច្បាប់​បានដឹង​ជាមុន ទើប​ពួកគេ​អាច​គេចខ្លួន​មុនពេល​សមត្ថកិច្ច​ចម្រុះ​សរុប​ចំនួន​៥៣​នាក់​ទៅដល់​កន្លែង​ស្តុក​ឈើ​ខុសច្បាប់​៕

db6e05e7-8215-4919-af25-9f546d748cb5 timber-speu1-500x282 timber-speu-500x332