បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង​នៅ​ស្រុក​ទឹកឈូ ខេត្តកំពត មន្ត្រី​ជំនាញ និង​មន្ត្រី​អាជ្ញាធរ​មិន​បង្ក្រាប

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ខេត្តកំពត បាន​ឲ្យ​ដឹងថា​មួយ​រយៈពេល​កន្លងទៅនេះ​បទល្មើស​បំផ្លាញ​ព្រៃកោងកាង​ដែលជា​ជម្រក​ត្រី​សមុទ្រ​ពង​កូន​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​មិនទាន់​ឃើញ​មាន​មន្ត្រី​ជំនាញ និង​មន្ត្រី​អាជ្ញាធរ ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា លោក ចាន់ ចេស្ដា អភិបាល​ខេត្តកំពត ហាក់ដូចជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ ក្នុងខណៈដែល​បទល្មើស​បំផ្លាញ​ព្រៃកោងកាង​កំពុង​កើតឡើង​យ៉ាង​រាលដាល​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ពិនិត្យមើល​ករណីនេះ​ជាបន្ទាន់ ព្រោះ​ពួកគាត់​សង្ស័យថា​មន្ត្រី​ជំនាញ និង​មន្ត្រី​អាជ្ញាធរ​ស្រុក​ទឹកឈូ គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​មាន​បទល្មើស​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ភូមិ​ជុំ​ក្រៀល បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ស្រាប់តែ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង​ជម្រក​ត្រី​សមុទ្រ​ពង​កូន​កំពុង​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា ព្រៃកោងកាង​ជាច្រើន​ហិកតា​តាម​បណ្ដោយ​ឆ្នេរ​ព្រែក​ក្នុងភូមិ​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ត្រូវ​ក្រុម​អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​បោះបង្គោល​ព័ទ្ធ​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​អនាធិបតេយ្យ​។ ចំណែក​អភិបាលស្រុក​ទឹកឈូ លោក អ៊ុក ឡាយ ក៏ដូចជា​អភិបាល​ខេត្តកំពត លោក ចាន់ ចេស្ដា បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ពុំមាន​វិធានការ​ទប់ស្កាត់​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​មហន្តរាយ​ព្រៃកោងកាង​តាម​បណ្ដោយ​ឆ្នេរ​ព្រែក​ក្នុងភូមិ​ជុំ​ក្រៀល ប្រសិនបើ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។

​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ខេត្តកំពត បាន​ឲ្យ​ដឹងថា ដី​ព្រៃកោងកាង​បណ្ដោយ​ឆ្នេរ​ព្រែក​ភូមិ​ជុំ​ក្រៀល ត្រូវបាន​អ្នកមាន​លុយ អ្នកមានអំណាច ប៉ុនប៉ង​ទន្ទ្រាន​កាន់កាប់​ច្រើនលើក​មកហើយ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ចាត់វិធានការ​ទប់ស្កាត់​ទាន់ពេល​ដោយមាន​លើក​ស្លាក​ហាមឃាត់​ទៀតផង​។ ក៏ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង​តាម​បណ្ដោយ​ឆ្នេរ​ព្រែក​ភូមិ​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល កំពុង​កក្រើក​ឡើងវិញ ហើយ​មន្ត្រី​ជំនាញ​និង​មន្ត្រី​អាជ្ញាធរ មិនទាន់​ចាត់វិធានការ​ទប់​សា្ក​ត់​នៅឡើយ​ទេ​។ ជុំវិញ​បញ្ហា​នេះដែរ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក ចាន់ ចេស្ដា អភិបាល​ខេត្តកំពត ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង​តាម​បណ្ដោយ​ឆ្នេរ​ព្រែក​ភូមិ​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រេច​តែ​អំពើ​ចិត្ត​ទៀត​ព្រោះ​បច្ចុប្បន្ន​ដី​ព្រៃកោងកាង​ជាច្រើន​ហិកតា​កំពុង​ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

chesta-855

លោក ចាន់ ចេស្ដា អភិបាលខេត្តកំពត

1302