ផែស្ងួត​សូ​ងួន គឺជា​ប្រភព​ចំណូល​របស់​មន្ត្រី​គយ​ពុករលួយ​ឈ្មោះ ក្ដុល ណុ​ច

មន្ត្រី​គយ​ឈ្មោះ ក្ដុល ណុ​ច ដែល​ធ្លាប់​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​កាល​ធ្វើជា​មន្ត្រី​គយ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​នោះ បច្ចុប្បន្នកំពុង​សប្បាយ​ប្រមូល​លុយ​ពី​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដែល​ឈ្មួញ​ដឹក​យកមក​ស្តុក​ក្នុង​ផែស្ងួត​សូ​ងួន​។ ប្រភពពី​បុគ្គលិក​បម្រើការ​ងារ​នៅ​ផែស្ងួត​សូ​ងួន បាន​បង្ហើប​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​ឈ្មួញ​នាំចូល​ទំនិញ​ជាច្រើន​កុងតឺន័រ​ស្តុក​ក្នុង​ផែស្ងួត​សូ​ងួន ហើយ​ភាគច្រើន​នៃ​ទំនិញ​ទាំងនោះ​គឺជា​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​។ ដូច្នេះ​លោក ក្ដុល ណុ​ច ដែលជា​មេ​គយ​ប្រចាំ​ផែស្ងួត​សូ​ងួន អាច​ប្រមូល​លុយ​ពី​ឈ្មួញ​បាន​យ៉ាងច្រើន​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​ដោយ​ឃុបឃិត​ឲ្យ​ឈ្មួញ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​ប្រភពពី​បុគ្គលិក​បម្រើ​ការងារ​ក្នុង​ផែស្ងួត​សូ​ងួន បាន​ឲ្យ​ដឹងថា ស្ទើរតែ​ពាក់កណ្ដាល​នៃ​ទំនិញ​ដែល​យកមក​ស្តុក​ក្នុង​ផែស្ងួត​នេះ គឺជា​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញគេចពន្ធ ហើយ​ឈ្មួញ​មានការ​ត្រូវរ៉ូវ​ជាមួយ​លោក ក្ដុល ណុ​ច ក្នុងការ​បែងចែក​ផលប្រយោជន៍​។ ការដែល​លោក ក្ដុល ណុ​ច ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ចូល​ផែស្ងួត​សូ​ងួន គឺ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​គយ និង​រដ្ឋាករ ត្រូវ​ពិនិត្យឡើងវិញ​ខ្លះ​ផង ព្រោះ​លោក ក្ដុល ណុ​ច កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​តាមរបៀប​ជិះសេះ​លែងដៃ​ស្រេច​តែ​អំពើ​ចិត្ត​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ឈ្មួញ​ជាច្រើន​នាក់​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ក្ដុល ណុ​ច ទើប​ពួកគេ​អាច​ដឹកទំនិញ​មក​ស្តុក​ក្នុង​ផែស្ងួត​សូ​ងួន​យ៉ាង​រលូន ហើយ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​។

​ប្រភពពី​សមត្ថកិច្ច​តូចតាច​នៅក្នុង​ផែស្ងួត​សូ​ងួន បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​ដែល​នាំ​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​មក​ស្តុក​ក្នុង​ផែស្ងួត​នេះ អាច​ចេញចូល​បន្ទប់ធ្វើការ​ងា​រ​របស់លោក ក្ដុល ណុ​ច ដូច​ចេញចូល​ផ្ទះ​របស់ខ្លួន​ផងដែរ​។ តាម​បរិមាណ​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដែល​ឈ្មួញ​នាំ​ចូលមក​ស្តុក​ក្នុង​ផែស្ងួត​សូ​ងួន គឺ​ក្នុង​មួយខែ​លោក ក្ដុល ណុ​ច អាច​រកចំណូលបាន​រាប់សែន​ដុល្លារ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន និង​អាចមាន​ការបែងចែក​ទៅ​ថ្នាក់លើ​ផងដែរ​។ មន្ត្រី​គយ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា​ក្នុង​មួយខែៗ​លោក ក្ដុល ណុ​ច អាច​សែនព្រេន​មេៗ​នៅ​ខាងលើ​មិនតិច​នោះទេ ទើប​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ក្នុងនាម​ជា​មេ​គយ​ប្រចាំ​ផែស្ងួត​សូ​ងួន​។ ករណីនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់ ព្រោះ​លោក ក្ដុល ណុ​ច ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​តាំងពី​នៅ​ធ្វើជា​មន្ត្រី​គយ​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មកម្ល៉េះ​៕

ka-23-03-2016-14-31

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ 

pic264