ផ្សា​រមូលបត្រ​កម្ពុជា ​អាច​រីក​ធំធាត់​ល្អ​ដូច​ប្រទេស​ដទៃ​ នា​១០​ឆ្នាំ​ខាង​មុខ​

​​ទី​ផ្សារ​មូល​បត្រ​កម្ពុជា​ហាក់​នៅ​ក្មេង​ខ្ចី ​និង​មាន​ក្រុមហ៊ុន​តិចតួច​ប៉ុណ្ណោះ​បាន​ចុះ​បញ្ជី។ ជា​សុទិដ្ឋិនិយម​ លោក ស៊ឺម ឬទ្ធី អគ្គនាយក​នៃ​ក្រុមហ៊ុន Miracles  of  Capital Cambodia យល់​ថា​១០​ឆ្នាំ​ខាង​មុខ ទី​ផ្សារ​មូលបត្រ​​កម្ពុជា​នឹង​រីក​ធំ​ធាត់​ដូច​​​បណ្ដាល​ប្រទេស​ដទៃ។

 

ផ្សា​រមូលបត្រ​កម្ពុជា ​អាច​រីក​ធំធាត់​ល្អ​ដូច​ប្រទេស​ដទៃ​ នា​១០​ឆ្នាំ​ខាង​មុខ​

 

 

បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​ ប្រទេស​​ថៃ​​បាន​ដើរ​ក្នុង​វិស័យ​នេះ​ជាង​៤០​ឆ្នាំ​ រី​ឯ​វៀត​ណាម​ដើរ​បាន​ជាង​២០​ឆ្នាំ​មក​ហើយ តែ​សម្រាប់​កម្ពុជា​វិញ​ទើប​ប្រលូក​បាន​ជាង​៣​ឆ្នាំ​ប៉ុណ្ណោះ។ ក្នុង​ពិធី “How to plan for Global IPO” ​លោក ស៊ឺម ឬទ្ធី​ ជឿ​ថា​ ទី​ផ្សា​រមួយ​នេះ​នឹង​អាច​លូត​លាស់​ដូច​គេ​ដែរ។ លោក​យល់​ថា វា​ត្រូវ​ការ​ពេល​វេលា​ ហើយ​ការ​បោះ​ជំហាន​ក្នុង​ការ​បោះ​ផ្សាយ​លក់​មូល​បត្រ​កម្ម​សិទ្ធ​ជា​សាធារណៈ (IPO) សម្រាប់​ក្រុមហ៊ុន​ គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ឡើយ។

 

លោក​បន្ត​ថា លុះ​ត្រាតែ​ក្រុមហ៊ុន​នោះ​មាន​ការ​អភិវឌ្ឍ​ផ្នែក​ខាង​ក្នុង​ច្រើន​ព្រម​ទាំង​ចេះ​តិចនិក គ្រប់​គ្រង​ហិរញ្ញវត្ថុ​ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​មាន​សុវត្ថិភាព​ដល់​អ្នក​វិនិយោគ​ទុន​ផ្សេង​ទៀត។ ​វា​នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​ច្រើន​បើ​សិន​ក្រុមហ៊ុន​បាន​ចូល IPO ព្រោះ​វា​ផ្ដល់​នូវ​ជម្រើស​សម្រាប់​ក្រុមហ៊ុន​នានា​ដើម្បី​បង្កើន​ទុន ក៏​ដូច​ជា​ពង្រីក​ក្រុមហ៊ុន​កាន់​តែ​ធំ។ ផ្ទុយ​ទៅ​វិញ បើ​ក្រុមហ៊ុន​មិន​បាន​ចូល​ IPO ​វា​ផ្ដល់​នូវ​ការ​ខាត​បង់​ជា​ច្រើន​ដោយសារ​ទុន​ពិបាក​ប្រកួត​ប្រជែង​ ។​

 

គេ​សង្កេត​ឃើញ​មាន​ក្រុម​ហ៊ុន​ជា​ច្រើន​បាន​ស្ទាក់​ស្ទើរ តែ​ក៏​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ចាប់​អារម្មណ៍​លើ​ផ្សា​រមូល​បត្រ​​នេះ​ផង​ដែរ។ ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​ ការ​រៀប​ចំ​គម្រោង​ដើម្បី​​ក្រុមហ៊ុន​អាច​ចូល​ក្នុង​ការ​បោះ​ផ្សាយ​លក់​មូល​បត្រ​កម្ម​សិទ្ធ​ជា​សាធារណៈ ដែល​រៀប​ចំ​ដោយ​ក្រុមហ៊ុន​បណ្ដុះបណ្ដាល​ពី​របៀប​នៃ​ការ​វិនិយោគ​ Miracles of Capital Cambodia Co.,Ltd នៅ​សណ្ឋាគារ Le Royal មាន​សហគ្រិន​ប្រមាណ​៩០​ចូល​រួម​ ក្នុង​នោះ​មាន​២០​ជា​សហគ្រិន​ក្នុង​ស្រុក។ នេះ​អាច​បញ្ជាក់​ថា​ ក្រុមហ៊ុន​ក្នុងស្រុក​ចាប់​ផ្ដើម​សម្លឹង​ឃើញ​សារសំខាន់​នៃ​ការ​បោះ​ផ្សាយ​លក់​មូល​បត្រ​កម្ម​សិទ្ធ​ជា​សាធារណៈ​នៅ​កម្ពុជា។​​

 

ផ្សា​រមូលបត្រ​កម្ពុជា ​អាច​រីក​ធំធាត់​ល្អ​ដូច​ប្រទេស​ដទៃ​ នា​១០​ឆ្នាំ​ខាង​មុខ​

(រូប​ភាព៖ www.rhbtradesmart.com)

 

សម្រាប់​លោក​ ស៊ូ​ សុ​ជាតិ អគ្គនាយក​នៃ​គណៈកម្មការ​ផ្សារ​មូលបត្រ​កម្ពុជា​ ឯក​ភាព​ថា ទីផ្សា​មូលបត្រ​ពិ​ត​ជា​មាន​ភាព​ក្មេង​ខ្ចី​ពិត​មែន​ បើ​ធៀប​នឹង​បណ្ដាល​ប្រទេស​ជិត​ខាង​។ ប៉ុន្តែ​លក្ខខណ្ឌ​ច្បាប់​ល្អ​​អាច​ផ្ដល់​ទំនុក​ចិត្ត​កាន់​តែ​ប្រសើរ​ដល់​សហគ្រិន​ទាំង​នេះ​។ឱកាស​រកស៊ី​កាន់តែ​រីក​ធំ​ធាត់ ពួកគេ​ប្រហែល​ត្រូវការ​ទុន​កាន់​តែ​ច្រើន​ថែមទៀត​ដើម្បី​ជា​ទុន​សម្រាប់​ពង្រីក​ការ​រកស៊ី​របស់​ពួកគេ ហើយ​ការ​បោះផ្សាយ​មូលបត្រ IPO ជា​មធ្យោបាយ​ដែល​ស្ថិតស្ថេរ​មួយ​ក្នុង​ការ​ធ្វើ​បែប​នេះ និង​រួម​ចំណែក​ក្នុង​ទី​ផ្សា​មូលបត្រ​នៅ​កម្ពុជា​កាន់​តែ​ល្អ​ប្រសើរ។

 

​ជា​មួយ​គ្នា​នេះ​ដែរ លោក គុយ វ៉ាត ប្រធាន​ក្លឹប​អ្នក​វិនិយោគ​កម្ពុជា ធ្លាប់​បញ្ចេញ​ទស្សនៈ​សុទិដ្ឋិនិយម​ថា ការ​ចូល​ផ្សារ​មូលបត្រ​នឹង​អាច​សម្រេច​បាន​នៅ​ពេល​ឆាប់​ខាង​មុខ ដោយ​សារ​ខាង​រាជ​រដ្ឋាភិបាល​បាន​សម្រួល​ លើ​ការ​លើក​លែង​ពន្ធ​មួយ​ចំនួន​ធំ និង​ច្បាប់​តម្រូវ​ផ្សេង​ទៀត៕

 

អត្ថបទ៖ លឹម សុ​នា