តាមដាន​យូរហើយ ទើប​ចាប់​បាន​នៅ​ពេល​នេះ

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​​ខណៈ​កំពុង​ជិះ​ម៉ូតូ​ធំ​ពី​ភ្នំពេញ​ទៅ​ខេត្តពោធិ៍សាត់​​កាល​ពី​វេលា​ម៉ោង​៣ និង​៥០​នាទី​រសៀល ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​លើ​ស្ពានដែក​បេ​ឡេ ក្នុងភូមិ​បោះពួយ ឃុំ​លា​ច ស្រុក​ភ្នំក្រវាញ ។

ប្រភព​ពី​សមត្ថកិច្ច​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ហ៊ុ​ក សា​រ៉ា​ន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ កន្លង​មក​ជន​នេះ​បាន​ប្រើ​ល្បិច​ចូល​សួរសុខទុក្ខ​មិត្តភក្តិ និង​បងប្អូន​ជា​ទណ្ឌិត​នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​៤(​ម​៤)​ដែល​មា​នទី​តាំងនៅ​ក្នុង​ព្រៃ ស្ថិត​ក្នុងភូមិ​ព្រ​ហ​ស្ថ​ក្បាល ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ដោយ​បាន​លួចលាក់​ថ្នាំ​ញៀន​យក​ទៅ​លក់​ចែកចាយ​ទៀត​ផង ។ ក្រោយមក​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ដឹង ក៏​ចាត់វិធានការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ។

ប្រភព​បន្ត​ទៀត​ថា លុះ​នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ ភ្នាក់ងារ​បាន​ផ្ដល់​ព័ត៌មាន​មក​ថា មុខសញ្ញា​រូប​នេះ​បាន​ជិះ​ម៉ូតូ​ចេញពី​ភ្នំពេញ​ឆ្ពោះទៅ​កាន់​ខេត្តពោធិ៍សាត់​ទៀត​ហើយ ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​យើង​បាន​ដាក់​កម្លាំង​ចាំ​ស្ទាក់​ចាប់ លុះ​វេលា​ម៉ោង​៣ និង​៥០​នាទី​រសៀល ស្រាប់តែ​ឃើញ​ជន​នេះ​កំពុង​ជិះ​ម៉ូតូ​ធំ​មក​ដល់​ស្ពានដែក​បេ​ឡេ ស្រុក​ភ្នំក្រវាញ ក៏​ធ្វើការ​ឃាត់ខ្លួន ។ នៅ​ពេលធ្វើការ​ឃាត់ខ្លួន​បាន សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​សារធាតុ​ញៀន​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៧​កញ្ចប់ ដែល​គេ​ស្គាល់​ថា​ជា​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​) ព្រមទាំង​ដកហូត​ម៉ូតូ​ធំ​១​គ្រឿង​ម៉ាក SL ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AQ-9881 ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ហ៊ុ​ក សា​រ៉ា​ន់ បាន​សារភាព​ថា ថ្នាំ​ញៀន​នេះ​ខ្លួន​យក​ទៅ​លក់​ឲ្យ​ទណ្ឌិត​ឈ្មោះ ខែ​ម កុសល ហៅ ឡុ​ង អាយុ​៣៩​ឆ្នាំ នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ប៉ុន្តែ​ទើបតែ​មក​ដល់​ស្ពានដែក​បេ​ឡេ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្ដង ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕