នៅ​ថ្ងៃ​ទី​៩ តុលា សម្តេច​តេ​ជោ​ហ៊ុន សែន ចេញ​ទៅ​ថៃ ចូលរួម​កិច្ចប្រជុំ​កំពូល ស្តី​ពី​កិច្ច​សន្ទនា កិច្ច​សហប្រតិបត្តិការ​អាស៊ី

នៅ​ថ្ងៃ​ទី​៩ តុលា សម្តេច​តេ​ជោ​ហ៊ុន សែន ចេញ​ទៅ​ថៃ ចូលរួម​កិច្ចប្រជុំ​កំពូល ស្តី​ពី​កិច្ច​សន្ទនា កិច្ច​សហប្រតិបត្តិការ​អាស៊ី



ភ្នំពេញ​: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍ នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែតុលា នេះ នៅ​កោះ​ពេជ្រ ថា នៅ​ថ្ងៃអាទិត្យ ទី​៩ ខែតុលា ឆ្នាំ​២០១៦ សម្តេច​នឹង​អញ្ជើញ​ចេញ ទៅ​ប្រទេស​ថៃ ប្រជុំ​បណ្តា​រដ្ឋ​មួយ​ចំនួន នឹង​ជួប​ចរចា​ជាមួយ នាយក​រដ្ឋមន្ត្រី និង​ប្រទេស​មួយ​ចំនួន​។

តាម​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​ចូលរួម កិច្ចប្រជុំ​កំពូល ស្តី​ពី​កិច្ច​សន្ទនា កិច្ច​សហប្រតិបត្តិការ អាស៊ី​លើក​ទី​២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦ នៅ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ តាម​ការ​អញ្ជើញ​របស់ លោក​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា (Prayut Chan-o-cha) នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ​។ នេះ​បើ​យោង​តាម​សេចក្តី ប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៦​។

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹង​ទៀត​ថា  សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល ស្តី​ពី​កិច្ច​សន្ទនា កិច្ច​សហប្រតិបត្តិការ អាស៊ី​លើក​ទី​២​។ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ក៏​នឹង​មាន​ជំនួប​ទ្វេភាគី ជាមួយ​ថ្នាក់ដឹកនាំ​មួយ​ចំនួន​។

កិច្ច​សន្ទនា កិច្ច​សហប្រតិបត្តិការ​អាស៊ី ត្រូវ​បាន​សម្ពោធ នៅ​ខែមិថុនា ឆ្នាំ​២០០២ នៅ​ប្រទេស​ថៃ គឺជា​វេទិកា​មួយ មាន​គោលបំណង កសាង​សហ​គម​ន៌​អាស៊ី ឈរ​លើ​មូល​ដ្ធា​ន​នៃ​ភាពរឹងមាំ ពហុភាព ធនធាន ដ៏​ស្តុក​ស្តម និង​ភាព​ប្រកួតប្រជែង របស់​ប្រទេស​នីមួយ​ៗ នៅ​ទ្វីបអាស៊ី​៕