ស្រវឹង​ជិះ​ម៉ូតូ​ចូល​អុកឡុក ក្នុង​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត សង្កាត់​ផ្សារ​ដើម​ថ្កូវ

ស្រវឹង​ជិះ​ម៉ូតូ​ចូល​អុកឡុក ក្នុង​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត សង្កាត់​ផ្សារ​ដើម​ថ្កូវ



ភ្នំពេញ​: បុរស​ម្នាក់ ស្ថិត​ក្នុង​អាកា​រៈ​ស្រវឹងស្រា ជោកជាំ ហើយ​មិនដឹង​ជា​ចេញ មក​ពី​ទីណា​នោះ​ឡើយ បាន​ជិះ​ម៉ូតូ​១ គ្រឿង សំដៅ​ចូល​ក្នុង​ការិយាល័យ ចុះ​ឈ្មោះ​បោះ​ឆ្នោត របស់​សង្កាត់​ផ្សារ​ដើម​ថ្កូវ រួច​បាន​ស្រែក​ឡូឡា ពេញ​ការិយាល័យ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន ពី​សំណាក់​សមត្ថកិច្ច​តែ​ម្តង​។

ហេតុការណ៍​នេះ បាន​កើតឡើង នៅ​រសៀល​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ការិយាល័យ​ចុះ​ឈ្មោះ បោះ​ឆ្នោត​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

ក្រោយ​ឃាត់ខ្លួន មន្ដ្រី​នគរបាល បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ស្រវឹង ចូល​មក​អុកឡុក​រូប​នេះ ឈ្មោះ សុខ សុផល អាយុ ៤៥​ឆ្នាំ មុខរបរ​លក់​កាហ្វេ មាន​ទីលំនៅ ផ្ទះ​ជួល​លេខ​៣៨ ផ្លូវ​លេខ​៤៨៨ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ផ្សារ​ដើម​ថ្កូវ បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FD-2220​។

ក្រោយ​ពេល​ឃាត់ខ្លួន បុរស​បង្ក​ត្រូវ​បាន​បញ្ជូន​ខ្លួន ទៅ​សួរនាំ ដើម្បី​ចាត់ការ​បន្ដ​៕