នារី​វ័យក្មេង​ម្នាក់ ប៉ុនប៉ង​លោតទឹក​សម្លាប់ខ្លួន​តែ​មិនបាន​សម្រេច​ ​

ភ្នំពេញ ៖ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចលើស្ពានជ្រោយចង្វារចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
នារីប៉ុនប៉ងលោតទឹកមិនបានសម្រេចនេះឈ្មោះ ព្រហ្ម សុភា អាយុ២២ឆ្នាំ មុខរបរជាកម្មករបណ្តុះដើមស្វាយចន្ទី មានទីលំនៅភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
នារីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនបានរៀបរាប់ឲ្យដឹងថា រូបនាងធ្វើការជាកម្មករបណ្តុះដើមស្វាយចន្ទីបានប្រាក់ខែជារៀងរាល់ខែតែងតែឲ្យឪពុកម្តាយសម្រាប់ផ្គត់ផ្គង់ជីវភាព ហើយនាងទុកជាប់ខ្លួនតិចតួចប៉ុណ្ណោះដើម្បីទិញរបស់របរប្រើប្រាស់ និងសម្លៀកបំពាក់ ព្រោះនាងមានវ័យជាង២០ឆ្នាំទៅហើយ ។
មុនពេលកើតហេតុនាងមានប្រាក់ក្នុងខ្លួនចំនួន៣០ម៉ឺនរៀល បំណងយកទៅទិញសម្លៀកបំពាក់ តែមិនទាន់ទាំងបានទិញផងប្រាក់ទាំងនោះក៏បាត់មិនដឹងជ្រុះនៅទីណា ពេលដែលនាងប្រាប់ឪពុកម្តាយថា បាត់ប្រាក់អស់៣០ម៉ឺនរៀល បែរជាឪពុកមិនជឿ ហើយចោទថា នាងយកប្រាក់ទាំងនោះទៅឲ្យសង្សារនាងទៅវិញ ថែមទាំងបានស្តីបន្ទោសនាងទៀតផង ធ្វើឲ្យនាងមានការអាក់អន់ស្រពន់ចិត្តជាខ្លាំង រួចក៏ឡើងទៅសំងំក្នុងបន្ទប់ ។
ពេលម្តាយឃើញដូច្នេះក៏ឡើងទៅតាម ហើយនាងប្រាប់ម្តាយថា ចង់សម្លាប់ខ្លួន ។ ពេលឮដូច្នេះម្តាយនាងគ្មានអើពើឡើយ ថែមទាំងនិយាយថា ទៅសម្លាប់ខ្លួនទាំងយប់ហ្នឹងមែន ? ពេលឮម្តាយសួរបែបនេះធ្វើឲ្យរូបនាងរឹតតែខូចចិត្តខ្លាំងឡើងៗ ហើយបើនិយាយពីឪពុករបស់នាងវិញមិនដែលចូលចិត្តរូបនាងទេ តែងតែរករឿង និងហួងហែងប្រាក់របស់នាងរាល់ពេលដែលដឹងថាមានប្រាក់ រហូតដល់អ្នកជិតខាងគិតថា នាងមិនមែនជាកូនបង្កើតរបស់ឪពុកនាងទៀតផង ៕
នារី​វ័យក្មេង​ម្នាក់ ប៉ុនប៉ង​លោតទឹក​សម្លាប់ខ្លួន​តែ​មិនបាន​សម្រេច​ ​