ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​លួច​ម៉ូតូ​១​គ្រឿង

ស្វាយរៀង៖ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូប្រជាពលរដ្ឋ នៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ សមត្ថកិច្ចបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថាមានឈ្មោះ សំ សារឿន (ហៅសៅ) បានយកម៉ូតូម៉ាក C១២៥ ពណ៌ខ្មៅស៊េរី ២០១៥ លក់ក្នុងតម្លៃ ១,០០០ដុល្លារ តែមិនមានឯកសារអ្វីទេ ។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសំបួរ បានរាយការណ៍បន្ទាន់ ជូនលោកវរសេនីយ៍ទោ កែវ សុភ័ណ្ឌ អធិការនគរបាល ស្រុកស្វាយទាប ដើម្បីសុំគោលការណ៍ថ្នាក់លើ ដោយមានការដឹកនាំ បញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ កឹង ឃន ស្នងការនគរបាលខេត្ត បានហៅឈ្មោះ សំ សារឿន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន WPS ខូ អិលធីឌី (ភ្នំពេញ) មានទីលំនៅបច្ចប្បន្ន ភូមិទួលអង្គប់ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដើម្បីមកសាកសួរព័ត៌មាន ។
បន្ទាប់ពីសាកសួររួច ជនសង្ស័យបានសារភាពថា ម៉ូតូ Honda C១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ 1FK-៨១៥៨ នេះ ដោយខ្លួនបានលួច ពីម្ចាស់ឈ្មោះ អ៊ូ សុធា ភេទប្រុស អាយុ៣២ឆ្នាំ មុខបររត់ម៉ូតូឌុប មានទីនៅបច្ចុប្បន្នភូមិដើមជ្រៃ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល ៕

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​លួច​ម៉ូតូ​១​គ្រឿង