​មន្ត្រីការទូត​អូស្ត្រាលី និង​សិង្ហ​បុរី គាំទ្រ​ស្ថានភាព​ប្រសើរឡើង​នៃ​នយោបាយ​នៅ​កម្ពុជា​

​លោកស្រី អេ​ន​ជេ​ល​ឡា ខូ​ខឺ​រ៉េ​ន និង​លោក មី​ចា​អេ​ល ថា​ន់​កេង ជា​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី និង​សិង្ហ​បុរី ប្រចាំ​កម្ពុជា​បាន​សម្តែង​នូវ​ក្ដី​រីករាយ​អបអរសាទរ​ចំពោះ​ស្ថានភាព​នយោបាយ​ថ្មីៗ ដែល​គណបក្ស​សំឡេង​ភាគច្រើន និង​សំឡេង​ភាគតិច គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ល​សង្គ្រោះ​ជាតិ បានសម្រេច​វិល​មក​ធ្វើការ​រួមគ្នា​នៅក្នុង​រដ្ឋសភា​វិញ ដើម្បី​ថែរក្សា​ស្ថិរភាព​នយោបាយ និង​បម្រើ​ម្ចាស់ឆ្នោត​ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​

ក្នុងឱកាស​ដែល​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋសភា​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ លោកស្រី អេ​ន​ជេ​ល​ឡា ខូ​ខឺ​រ៉េ​ន និង​លោក មី​ចា​អេ​ល ថា​ន់​កេង ជា​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី និង​សិង្ហ​បុរី ប្រចាំ​កម្ពុជា​បានបញ្ជាក់​ប្រហាក់ប្រហែលគ្នា​ថា សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ គឺជា​មូលដ្ឋានគ្រឹះ​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ហើយ​ប្រទេស​អូស្ត្រាលី និង​សិង្ហ​បុរី រីកចម្រើន​ដូច​សព្វថ្ងៃនេះ​ក៏ដោយ​សារ​តែមាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ពេញលេញ​ដែរ​។ ដូច្នេះ​ការដែល​គណបក្សនយោបាយ​ធំៗ​ទាំងពីរ​នៅ​កម្ពុជា​សហការគ្នា​ធ្វើការ​នៅក្នុង​រដ្ឋសភា​ដែល​អាច​រក្សា​សន្តិភាព និង​ស្ថិរភាព​នយោបាយ​បាន​ពេញលេញ នោះ​ប្រទេស​កម្ពុជា​នឹងមាន​ការរីកចម្រើន​ដូច​អូស្ត្រាលី និង​សិង្ហ​បុរី​មិន​ខាន​។​

​គួរ​បញ្ជាក់ថា ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​នៅក្នុង​សប្តាហ៍​នេះ​ហាក់​មាន​ភាពប្រសើរឡើង​ដោយសារតែ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សហការគ្នា​ធ្វើការ​ក្នុង​រដ្ឋសភា​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅក្នុង​រដ្ឋសភា​ជាអាទិ៍​។ និន្នាការ​នេះ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​មាន​ជំនឿ​ចិត្ត​ថា​ការចរចា​នយោបាយ​រវាង​គណបក្ស​ទាំងពីរ​អាច​នឹង​កើតឡើង​នាពេល​ឆាប់ៗ​ខាងមុខ​ដែល​អាច​ជំរុញ​ឲ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុ​ជាមាន​ស្ថិរភាព​ពិតប្រាកដ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​គ្រប់​គណបក្សនយោបាយ និង​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត​នាពេលខាងមុខ​៕

04rjjooa 14567971_856591454442197_3563174067239444632_n