ប្រេងសាំង​របស់​ចិន​នឹង​ទៅ​ដល់ទី​ក្រុង​ញូ​វ​យ៉​ក​ជា​លើក​ដំបូង

សហរដ្ឋអាមេរិក ៖ ប្រេងសាំង​របស់​ប្រទេស​ចិន នឹង​ទៅ​ដល់​ប៉ែក​ខាងកើត​នៃ​សហរដ្ឋអាមេរិក ជា​លើក​ដំបូង​បង្អស់​ក្នុង​រយៈពេល​៩​ឆ្នាំ​មកនេះ ដោយសារ​ការ​កើនឡើង​នៃ​តម្លៃ​ប្រេង​ក្នុង​ក្រុង New York និង​ជួយ​សម្រួល​ដល់​ទំនិញ​លើស​តម្រូវការ​នៅ​ក្នុង​តំបន់​អាស៊ី ។

យោង​តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន Trafigura Group Pte និយាយ​ថា នឹង​មានការ​ដឹក​ជញ្ជូន​ប្រេងសាំង​ប្រមាណ​៣៧៥​ពាន់​ធុង​ពី​ប្រទេស​ចិន និង​ហុងកុង ទៅ​កាន់​ទីក្រុង​ញូ​វ​យ៉​ក តាម​រយៈ​កប៉ាល់​ដឹក​ប្រេង Marylebone ។

លោក​Andy Lipow នាយក​សមាគម​Lipow Oil Associates ក្នុង​រដ្ឋ​Houston ថ្លែង​ថា តម្លៃ​ប្រេងសាំង​បាន​កើនឡើង បន្ទាប់​ពី​មាន​ហេតុការណ៍​ធ្លាយ​ប្រេង​នៅ Colonial Pipeline ដែល​ធ្វើ​ឲ្យ​ខាតបង់​ការ​ផ្គត់ផ្គង់​សម្រាប់​ទីក្រុង​ញូ​វ​យ៉​ក ធ្វើ​ឲ្យ​មាន​តម្រូវការ​បន្ថែម​ពី​ក្រុមហ៊ុន​ដទៃ ។ លោក​បន្ត​ថា ៖ « ហេតុការណ៍​នេះ​បាន​ជំរុញ​ឲ្យ​មានការ​ដឹក​ជញ្ជូន​ប្រេងសាំង​បន្ថែម​មក​កាន់​កំពង់​ផែ New York Harbor »​។

ការ​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន Trafigura ទៅ​កាន់​ទីក្រុង​ញូ​វ​យ៉​ក​លើក​នេះ បន្ទាប់​ពី​មានការ​ដឹក​ជញ្ជូន​ប្រេងសាំង​ជិត​៣០​ម៉ឺន​ធុង​ទៅ​កាន់​រដ្ឋ​Houston កាលពី​ថ្ងៃ​ទី​២៤ កញ្ញា កន្លង​មក ដោយ​កប៉ាល់ Ardmore Sealifter ។ កប៉ាល់​នេះ​ក៏​ត្រូវ​បានក​ក់ដោយ​ក្រុមហ៊ុន Trafigura ក្នុង​ខែសីហា ផង​ដែរ ។

លោក Adam Longson អ្នក​យុទ្ធសាស្ត្រ​ផ្នែក​ផលិតផល​នៃ​ក្រុមហ៊ុន Morgan Stanley និយាយ​ថា ៖ « ប្រេងសាំង​បន្ថែម អាច​នឹង​មក​ដល់​សហរដ្ឋអាមេរិក ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​។ ការ​បិទ​មិន​ដំណើរការ​ជា​បណ្តោះអាសន្ន​នៃ​បំពង់​បូម​ប្រេង​ខាងលើ​បាន​ជំរុញ​ដល់​ការ​នាំ​ចូល និង​អាច​ជំរុញ​ដល់​ការ​នាំ​ចេញ​ផង​ដែរ » ។

គួរ​បញ្ជាក់​ថា ការ​នាំ​ចេញ​ប្រេងសាំង​របស់​ចិន បាន​កើន​ដល់​៣០៦​ពាន់​ធុង​ក្នុង​១​ថ្ងៃ​សម្រាប់​ខែមិថុនា ។ លោក Ying Wang មក​ពី​ក្រុមហ៊ុន JPMorgan Chase & Co និយាយ​ថា ការ​នាំ​ចេញ​ទៅ​កាន់​បរទេស​បាន​កើនឡើង​ក្នុង​រដូវប្រាំង​នេះ បន្ទាប់​ពី​មានការ​ខូចខាត​ផ្លូវថ្នល់ និង​បំពង់​បូម​ប្រេង ដោយសារ​តែ​អាកាសធាតុ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ចំណាយ​ក្នុងស្រុក ។ ប៉ុន្តែ​ក្នុង​ខែសីហា ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​មក​ស្មើ​១៨​ម៉ឺន​ធុង​ក្នុង​១​ថ្ងៃ ដោយសារ​ក្រុមហ៊ុន​កែ​ច្នៃ​ប្រេង​បាន​ផ្អាក​ដំណើរការ​របស់​ខ្លួន ដើម្បី​ត្រួតពិនិត្យ​កន្លែង ៕