សប្បាយ​ក្លាយជា​ទុក្ខ ! នៅ​ទំនប់​បង្ហៀរ​ទឹកអូរ​ក្រាំង​អំបិល

ខេត្តកំពង់ស្ពឺ ៖ យុវជន​៣​នាក់​បាន​នាំ​គ្នា​ទៅ​កំសាន្ត​នៅ​ទំនប់​បង្ហៀរ​ទឹកអូរ​ក្រាំង​អំបិល ហើយ​ក៏​នាំ​គ្នា​ហក់​ចុះ​ទឹក​លេង ស្រាប់តែ​ត្រូវ​ទឹក​ហូរ​កួច​បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​២​នាក់ ។ ហេតុការណ៍​លង់ទឹក​ស្លាប់​នេះ​បាន​កើត​មាន​ឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​ត្រង់​ចំណុច​ទំនប់​បង្ហៀរ​ទឹកអូរ​ក្រាំង​អំបិល ក្នុងភូមិ​អន្លុង​គង់ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង​បាន​ឲ្យ​ដឹង​ថា តាម​ការ​សាកសួរ​យុវជន​ឈ្មោះ ហ៊ុម រី​ម​សុខុម ភេទ​ប្រុស អាយុ​២១​ឆ្នាំ បាន​ប្រាប់​ថា រូបគេ​និង​មិត្តភក្តិ​២​នាក់​ដែល​រស់នៅ​ភូមិ​រំលោង​ប្រ​ឃ្លះ សង្កាត់​សុពណ៌​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​ទិញ​នំ​បុ័ង ព្រមទាំង​ភេសជ្ជៈ មក​លេង​កំសាន្ត​នៅ​ទំនប់​បង្ហៀ​អូរ​ក្រាំង​អំបិល​នេះ ។

ប្រភព​ន្ត​ថា មក​ដល់​ដំបូង​ពួក​គេ​ន​បាន​នាំ​គ្នា​ហូប​នំ​បុ័ង ហើយ​និយាយ​លេង​ជា​ធម្មតា ដោយ​សុំ​កុំ​ឲ្យ​អ្នកតា​នៅ​ទី​នេះ​ប្រកែប្រកាន់​នឹង​ពាក្យ​សំដី​និយាយ​លេង​របស់​ពួក​គេ ។ ក្រោយ​មក​ឈ្មោះ អា​ជាតា បាន​ចុះ​ទៅ​មុជទឹក​នៅ​ផ្នែក​ខាងក្រោម​ម្នាក់ឯង​ម្តង​ហើយ​រួច​ក៏​ឡើង​មក​លើ​វិញ​ហើយ​ចុះ​ទៅ​តាម​ខ្នង​ទំនប់​ដែល​កំពុង​តែ​មានទឹក​ហូរ ឃើញ​ដូច្នោះ​គ្នា​គេ​ម្នាក់​ទៀត​ឈ្មោះ ទី​ន ក៏​បាន​ហក់​ចុះ​ទៅ​តាម​ដែរ ពេល​ហក់​ចុះ​ដំបូង​ធ្វើ​ឲ្យ​វា​ផុង ហើយ​ក្រោក​ពុំ​រួច​ទេ តែ​ដោយសារ​វា​ចង់​លេង​ទឹក​ក៏​ប្រឹង​ងើបឡើង ហើយ​ដើរទៅ​រក អា​ជាតា និង​បាន​ហក់​ចុះ​ទៅ​ក្រោម​ដែល​ទឹក​កំពុង​ហូរ​បណ្ដាល​ឲ្យ​ទឹក​កួច​លិច​បាត់​ទាំង​២​នាក់​តែ​ម្តង ។ ឃើញ​សភាព​ដូច្នេះ រូបគេ​បាន​ស្រែកហៅ​អ្នកស្រុក និង​សមត្ថកិច្ច​ឲ្យ​ជួយ ។

លោក​អនុសេនីយ៍ឯក ម៉ិច សុ​ភាន អធិការរង​នគរបាល​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​រក​ឃើញ​សាកសព​ជន​រង​គ្រោះ​ឈ្មោះ ទី​ន និង​ជួយ​ស្រង់​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយឡែក​ឈ្មោះ ម៉ុ​ន សុជាតា បាន​លិច​ទឹក​បាត់​មិន​ទាន់​រក​សព​ឃើញ​នៅឡើយ​ទេ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៦​តុលា​នេះ ទាំង​សមត្ថកិច្ច ទាំង​ក្រុម​គ្រួ​សារបាន​កំពុង​រាវរក​សព​បន្ត​ទៀត ៕