គណបក្ស​សង្គ្រោះ​ជាតិ​មាន​យន្តការ​ច្រើន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

​ក្នុងពេលដែល​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​កំពុង​ប្រព្រឹត្ត​ទៅជា​ប្រក្រតី​នោះ គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សជំទាស់​ធំជាងគេ​នៅ​កម្ពុជា បាន​បង្ហាញថា​ខ្លួន​មាន​យន្តការ​ច្រើន​ប្រភេទ​ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​សិទ្ធិ​បោះឆ្នោត​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា​តាមរយៈ​ការបោះឆ្នោត កិច្ចការ​សំខាន់​ជាងគេ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​អនុវត្តន៍​នោះ គឺ​ការអញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​នៅ​កម្ពុជា​។​

មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្មីៗ​នេះ បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​បាននិងកំពុង​ចូលរួម​ផ្សព្វផ្សាយ​ជា​សាធារណៈ​យ៉ាង​ផុសផុល​នៅតាម​បណ្តា​ឃុំ​-​សង្កាត់​ទូទាំងប្រទេស ពី​ដំណើរការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត តាមរយៈ​ឧបករណ៍​បំពង​សំឡេង និង​មធ្យោបាយ​ផ្សេងៗ​ទៀត​ដើម្បី​ជំរុញ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​អញ្ជើញ​ទៅ​ចុះឈ្មោះ​ចាប់ពី​ថ្ងៃទី​២៧ ខែកញ្ញា ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​តទៅ​។​

​លោក យឹម សុវណ្ណ បាន​ពន្យល់​ដោយ​ភ្ជាប់​ជាមួយ​នូវ​លិខិត​មួយចំនួន​ដូចជា​៖ ទី​១-​សេចក្តីអំពាវនាវ​រប​ស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​យល់​ពី​តម្លៃ​នៃ​ការបោះឆ្នោត​។ ទី​២-​លិខិត​ជូនដំណឹង​របស់ លោក យឹម សុវណ្ណ ផ្ញើជូន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចុះ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ អំពី​ការចូលរួម​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ក្នុងការ​ផ្សព្វផ្សាយ​អំពី​ការចុះឈ្មោះ​បោះឆ្នោត និង​៣-​លិខិត​ឆ្លើយតប​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចុះ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី និង​លោក កឹម សុខា ដែលជា​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ព្រមទាំង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ក៏ដូចជា​សកម្ម​ជនគ​ណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន ត្រូវគេ​សង្កេតឃើញថា មិន​ត្រឹមតែ​បាន​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​ដ៏​ល្អ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នោះទេ តែ​ពួកគាត់​ក៏បាន​ផ្សព្វផ្សាយ និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ផងដែរ ព្រោះថា​ការចុះឈ្មោះ​បោះឆ្នោត​ជា​កិច្ចការ​អាទិភាព​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​៕

14100452_983755555076003_5807741358710111160_n model6 2016-09-20_155223-370x223