ព្រឹត្តិការណ៍ Pool Party លើកដំបូងនៅកម្ពុជា មានសុទ្ធតែតារាចម្រៀងល្បីៗ ចូលរួម

ភ្នំពេញ៖ ព្រឹត្តិការណ៍ Pool Party ដែលជាកម្មវិធីទ្រង់ទ្រាយធំ និងត្រូវគេឃើញធ្វើឡើងស្ទើរតែគ្រប់ប្រទេសទៅហើយ នៅលើពិភពលោក ជាពិសេសគឺនៅតាមបណ្ដាប្រទេសធំៗ ដើម្បីទាក់ទាញក្រុមអ្នកទេសចរ នឹងប្រារព្ធឡើង នៅយប់ថ្ងៃទី៨ តុលានេះក្នុងប្រទេសកម្ពុជាដែលមិនធ្លាប់ពីមុន និងព្រឹត្ដិការណ៍នេះ ក៏មានការចូលរួមពី តារាចម្រៀង Original Song មួយចំនួនផងដែរ។

ប្រមាណជា ៣-៤ឆ្នាំចុងក្រោយនេះ មានមនុស្សតិចណាស់ ដែលមិនបានស្គាល់ព្រឹត្តិការណ៍ Pool Party ដែលគេធ្វើឡើងនៅតាមបណ្ដាប្រទេសនានា ដោយមានការប្រគំតន្ត្រីច្រៀងរាំច្រៀង និងលេងល្បែងកម្សាន្តនៅក្នុងអាងទឹកដ៏ធំ ដើម្បីជួបជុំគ្នា។ ក៏ដូចជា តាមបណ្ដាប្រទេសនៅទ្វីបអ៊ឺរ៉ុប អាមេរិក និងប្រទេសជិតខាងកម្ពុជា សុទ្ធតែធ្វើព្រឹត្តិការណ៍នេះជាទ្រង់ទ្រាយធំ ដើម្បីពង្រីកសក្កានុពលទេសចរណ៍របស់ខ្លួន លើកលែងតែកម្ពុជា ដែលមិនទាន់មានអ្នកបោះទុនរៀបចំ។ សម្រាប់ព្រឹត្តិការណ៍នេះផ្ទាល់ នឹងតម្រូវឲ្យ អ្នកចូលរួមស្លៀកពាក់ជាឈុតហែលទឹក រាំងលេងក្នុងអាងហែលទឹក និងទស្សនាការសម្ដែងលើទឹកយ៉ាងកងរំពង អមជាមួយនឹងការទទួលទានអាហារនៅក្នុងបរិយាកាសមួយដ៏រ៉ូមេទិក។ ជាមួយនឹងការតុបតែង ដោយឈុតហែលទឹកទាំងប្រុសទាំងស្រីនេះហើយ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល នៅពេលព្រឹត្តិការណ៍ Pool Party ត្រូវបានប្រកាសធ្វើឡើងនៅកម្ពុជា។

នេះបើតាមសម្ដី លោកប៉ានី វីរៈរិទ្ធ ប្រធានផ្នែកផលិតកម្មវិធីរបស់ Clips Media នឹងជាអ្នកប្រកាសធ្វើព្រឹត្តិការណ៍នេះ បានអះអាងថា បើទោះជា Pool Party របស់ពិភពលោ ត្រូវកំណត់ឲ្យ អ្នកចូលរួមស្លៀកពាក់ស្លឹប និងប៊ីកានីដើម្បីចូលរួម ក៏ការរៀបចំនៅក្នុងប្រទេសកម្ពុជានាយប់ថ្ងៃទី៨ តុលា នៅសណ្ឋាគារសុខាភ្នំពេញ ត្រើយម្ខាងទល់មុខព្រះបរមរាជវាំងនេះ គឺមិនតម្រូវដូច្នេះទេ។ លោកថាបណ្ដាភ្ញៀវ ដែលទិញសំបុត្រចូលរួមគ្រាន់តែពាក់អាវយឺត និងខោខ្លីដែលអាចលេងទឹកបានគឺគ្រប់គ្រាន់។ ព្រឹត្តិការណ៍នេះលោកថាគ្រាន់តែ បានប្រកាសភ្លាមមានការ កក់សំបុត្រជាមុនប្រមាណជា រាប់រយសំបុត្ររួចមកហើយ ដោយខាងអ្នករៀបចំ នឹងកំណត់លក់សំបុត្រត្រឹមតែ ៥០០សំបុត្រប៉ុណ្ណោះ។ លោកថាព្រឹត្តិការណ៍នេះ គ្រាន់តែឆាកតន្ត្រីមានទំហំជាង ២០ម៉ែត្រ ខណៈដែលនៅជុំវិញអាងហែលទឹក និងជុំវិញឆាកតន្ត្រីមានការរៀបចំភ្លើងពណ៌យ៉ាងឥតខ្ចោះ ដើម្បីកុំឲ្យអន់ជាងដាច់ឆ្ងាយនឹងព្រឹត្តិការណ៍Pool Party នៅក្រៅប្រទេស។ 

លោកនិយាយបន្ដថា «កម្មវិធីនឹងបើនិយាយទៅអត់ចំណេញទេ ព្រោះយើងលក់សំបុត្រតែ ៣៥ដុល្លារ ដែលតម្លៃនឹងគ្រាន់តែចំណាយលើហ្វេសប៊ុក របស់សណ្ឋាគារវិញគឺអស់ ប៉ុន្តែចង់ឲ្យបរទេសដឹងថាកម្ពុជា ក៏មានលទ្ធភាពរៀបចំព្រឹត្តិការណ៍នឹង ទើបយើងសម្រេចយកតារាចម្រៀងសុទ្ធតែល្បី ឆាកក៏ធំ ហើយខ្ញុំធានាថាអ្នកចូលរួមនឹងប្លែកជាមួយនឹងការរៀបចំនោះ!»។ លោកថាព្រឹត្តិការណ៍ Pool Party ដែលកម្ពុជាធ្វើឡើងនៅថ្ងៃទី៨ តុលា នឹងតម្រូវអោយភ្ញៀវកម្សាន្តជាមួយល្បែងក្នុងទឹក និងរាំលេងតាំងពីម៉ោង៤ល្ងាចរហូតដល់ម៉ោង ១១យប់មិនចាញ់ព្រឹត្តិការណ៍របស់អន្តរជាតិនោះទេ ខណៈដែលតម្លៃ៣៥ដុល្លារ ក៏ទទួលបានការហូបអាហារសេរី និងភេសជ្ជៈ យ៉ាងសំបូរបែបរហូតដល់ចប់កម្មវិធី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload