ក្រុមចម្រុះ​អន្តរជាតិ​ទម្លាក់​គ្រាប់បែក​ច្រឡំ​លើ​សម្ព័ន្ធមិត្ត​នៅ​អីុ​រ៉ា​ក់

យោង​តាម​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​កមួយ​រូប​ថា ក្រុមចម្រុះ​អន្តរជាតិ​ប្រឆាំង​រដ្ឋ​អ៊ិ​ស្លា​ម​នាំមុខ​ដោយ​សហរដ្ឋអាមេរិក​ប្រហែលជា​សម្លាប់​ដោយ​ច្រឡំ​បណ្តា​យុទ្ធ​ជន​ស៊ុន​នី​ត ជា​សម្ព័ន្ធមិត្ត​របស់​កងទ័ព​អីុរ៉ា​ក់​ក្នុង​ការ​ទម្លាក់​គ្រាប់បែក​កាលពី​ថ្ងៃ​ទី​៥ តុលា នៅ​ជិត​ទីក្រុង​ម៉ូ​ស​ស៊ុ​ល​ភាគ​ខាងជើង​អីុ​រ៉ា​ក់ ។

អ្នក​ទទួលខុសត្រូវ​រូប​នោះ​ពុំ​បាន​បញ្ជាក់​ពី​ចំនួន​ពួក​យុទ្ធ​ជន​ដែល​ស្លាប់​ឡើយ ក៏​ប៉ុន្តែ​យោង​តាម​បណ្តា​អ្នក​ទទួលខុសត្រូវ​អីុ​រ៉ា​ក់ថា​មាន​អ្នក​ស្លាប់​ដល់​ទៅ​២១​នាក់ ជា​យុទ្ធ​ជន​កុលសម្ព័ន្ធ​ស៊ុន​នី​ត​សម្ព័ន្ធមិត្ត​របស់​កងទ័ព​រដ្ឋាភិបាល​អីុរ៉ា​ក់ ។

ឧប្បត្តិហេតុ​នោះ​កើត​មាននៅ​ជិត​ទីក្រុង  QAYYARAH ភាគ​ខាងត្បូង​ក្រុង​ម៉ូ​ស​ស៊ុ​​ល​ជាទី​តាំង​ធំ​របស់​ពួក​ជី​ហា​ដ ដែល​កងទ័ព​អីុ​រ៉ា​ក់​ទ្រទ្រង់​ដោយ​ក្រុមចម្រុះ​កំពុង​រៀបចំ​ការ​វាយលុក​ធំ​មួយ​រំដោះ​ទីក្រុង​ធំ​ទី​២​នោះ​របស់​ប្រទេស ។

កាលពី​២​ស​ប្តា​ហ៍​មុន ក្រុមចម្រុះ​ធ្លាប់​បាន​ទទួលស្គាល់​ពី​ការ​ទម្លាក់​គ្រាប់បែក​ច្រឡំ​នៅ​ស៊ី​រី ដែល​បណ្តាល​ឱ្យ​ទាហាន​ស៊ី​រី​ស្លាប់​យ៉ាងតិច​៩០​នាក់ ។

យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​ទីបញ្ជាការដ្ឋាន​កងទ័ព​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ាថា ​កងទ័ព​អីុ​រ៉ា​ក់​និង​ក្រុមចម្រុះ​នឹង​ធ្វើការ​ស៊ើបអង្កេត​រួម​មួយ​លើ​រឿង​នោះ ។

លោក  CHEIKH NAZHAN SAKHR AL LIHAYBI មេបញ្ជាការ​យុទ្ធ​ជន​ទាំង​២១​នាក់​ដែល​ស្លាប់​គូសបញ្ជាក់​ថា អ្នក​ទាំងនោះ​រង​ការ​ទម្លាក់​គ្រាប់បែក​ពេល​ពួក​គេ​កំពុង​តែ​ប្រមូល​ផ្តុំ​គ្នា​ក្រោយ​វាយ​រុញច្រាន​ការ​វាយប្រហារ​មួយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ក្រៅពី​អ្នក​ស្លាប់​យុទ្ធ​ជន​របស់​លោក​៥​នាក់​ទៀត​រង​របួស ។

ការ​ទម្លាក់​គ្រាប់បែក​ច្រឡំ​នោះ​កើត​មាន​ខណៈ​ដែល​កងកម្លាំង​សិ្ន​ទ្ធ​រដ្ឋាភិបាល​អីុ​រ៉ា​ក់​កំពុង​ត្រៀម​បើក​ការ​វាយលុក​យ៉ាង​ធំ​មួយ​ដើម្បី​រំដោះ​ក្រុង​ម៉ូ​ស​ស៊ុ​ល​ពី​ពួក​ជី​ហា​ដ ។ អាជ្ញាធរ​អីុ​រ៉ា​ក់​នៅ​ពុំ​ទាន់​ប្រកាស​ពី​កាលបរិច្ឆេទ​ច្បាស់ សម្រាប់​ចាប់ផ្តើម​ប្រតិបត្តិការ​វាយលុក​នៅឡើយ ក៏​ប៉ុន្តែ​អ្នក​ទទួលខុសត្រូវ​លោក​ខាងលិច​ជា​ច្រើន​លើក​ឡើង​ថា នឹង​ចាប់ផ្តើម​ក្នុង​ខែតុលា​នេះ ។ នាយក​រដ្ឋមន្ត្រី​អីុ​រ៉ា​ក់​លោក ហៃ​អីុ​ឌ័​រអា​ល់ អា​បា​ឌី កាលពី​ថ្ងៃ​ទី​៤ តុលា​សន្យា ចំពោះ​ប្រជាជន​ក្រុង​ម៉ូ​ស​ស៊ុ​ល​ថា ជ័យជម្នះ​ជិត​មក​ដល់​ហើយ ៕