ដល់ម្លឹង! លោកយោធាអង្គភាព​វរៈ១៥?

ខេត្តសៀមរាប ​៖​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ​លឿ សា​រឿ​ន ហៅ​ហេង សុផល អាយុ​៣៥​ឆ្នាំ នៅ​អង្គភាព​វរៈ១៥ ចំណុះ​កងពល​តូច​លេខ​៤២ ​ប្រចាំ​ទិស​ប្រាសាទ​តា​មាន់ ជាប់​ក្នុង​ករណី​ឆបោក​ប្រជាពលរដ្ឋ​២​នាក់ នៅ​ក្នុងភូមិ​ស្រម៉​ធំ ​។ ​ការ​ឃាត់ខ្លួន​មន្ត្រី​យោធា​​ខាងលើ ​​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី០​៤ ​តុលា​​ ២០១៦ ស្ថិត​នៅ​ភូមិ​រុន​ខាងត្បូង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប ​។

តាម​ប្រភព​ពី​ម្ចាស់​លុយ​ម្នាក់​ឈ្មោះ​នី សុ​ឃី ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ពេល​​ឈ្មោះ​លឿ សា​រឿ​ន ហៅ​ហេង សុផល ហៅ​ឡុ​ង​ បាន​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧ មក​ដល់​ផ្ទះ​គាត់ កាលពី​វេលា​ម៉ោង​០៩​​ថ្ងៃ​ទី​១៥ ​កក្កដា ​២០១៦ កន្លងមក ដោយ​​កុហក​គាត់​ថា រូបគេ​ជា​ទាហាន​​ពាក់​ស័ក្តិ​៥ នៅ​អង្គភាព​វរៈ​១៥​ ចំណុះ​កងពលតូច​លេខ​៤២ ប្រចាំ​ទិស​ប្រាសាទ​តា​មាន់​ ។

​​​បុរសនោះ​​​និយាយ​ទៀត​ថា នៅ​អង្គភាព​របស់​ខ្លួន​ចាប់​ឈើ​បាន​១០០០​ពាន់​ម៉ែត្រគូប ហើយ​អង្គភាព​បានឱ្យ​ឈើ​មក​ខ្លួន​១០០​ម៉ែត្រ​គូប ទុក​ចែក​ប្រជាពលរដ្ឋ​ក្រីក្រ ដោយ​ជនសង្ស័យ​បាន​ជួយ​ឈើ​ដល់​ប្រជាពលរដ្ឋ ក្នុង​មួយម្នាក់​ៗ​ចំនួន​២០​ម៉ែត្រគូប តែ​សូម​ថ្លៃ​ប្រេង​១៦,០០០០​រៀល​ ។

រហូត​ថ្ងៃ​ទី​៤ តុលា​ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ មក​ភូមិ​រុន​ខាងត្បូង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ដោយ​បាន​កុហក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ​សូន វន់ ភេទ​ប្រុស ​អាយុ​៥៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​រុន​ខាងត្បូង ឃុំ​ដាន​រុន ស្រុក​សូត្រ​និគម ខេត្តសៀមរាប (ដូច​អ្នកស្រី​ខាងលើ) ។ ប៉ុន្តែ​ជួយ​ឈើ​ចំនួន​១៥​ម៉ែត្រគូប សម្រាប់​ឱ្យ​យក​ទៅ​ធ្វើ​ផ្ទះ​ខ្លួនឯង ហើយ​សូម​លុយ​២០​ម៉ឺន​រៀល សម្រាប់​ជួយ​ថ្លៃ​ប្រេង ខណៈ​ពេល​នោះ​ ត្រូវ​បាន​ឈ្មោះ​នី សុ​ឃី ដើរមក​ដល់​ឃើញ​ជនសង្ស័យ​ខាងលើ ក៏​រត់​ទៅ​រាយការណ៍​ដល់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​​ ឱ្យ​ចុះ​មក​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ ​ រួច​យក​ទៅ​ធ្វើការ​សួរនាំ​នៅ​អធិការ​នគរបាល​ស្រុក​សូទ្រនិគម​ ។

តាម​ប្រភព​​ពី​មន្ត្រី​នគរបាល​ខេត្ត​ឱ្យ​ដឹង​ថា បន្ទាប់​ពី​កម្លាំង​មូលដ្ឋាន​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​រួច​​មក​​ ក៏​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត​ ។​ ​