បងប្អូន​អភិបាលខេត្ត​មណ្ឌលគិរី ជាច្រើន​នាក់​ប្រកប​របរ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ​

​សេចក្ដីរាយការណ៍​ពី​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​ឈ្មួញ​មួយចំនួន​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញ​តាម​ច្រក​ដាក់​ដាំ និង​ច្រករបៀង​ក្បែរៗ​នោះ​តាម​អំពើ​ចិត្ត ដោយមាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ ក៏ដូចជា​សមត្ថកិច្ច​ប្រចាំ​ច្រកព្រំដែន​និង​ច្រករបៀង​។ ក្នុងចំណោម​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន គឺមាន​លោក គួ​យ សុ​ឃុន ដែលជា​ប្អូនបង្កើត​របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​សាច់ញាតិ​លោក​អភិបាលខេត្ត​ជាច្រើន​នាក់​ទៀត​។ ដោយមាន​ខ្នងបង្អែក​ជា​អភិបាលខេត្ត​បែបនេះហើយ ទើប​លោក គួ​យ សុ​ឃុន និង​ប្អូនៗ​ជាច្រើន​នាក់​អាច​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ដោយមាន​ការជួយ​សម្រប​សម្រួល​ពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ផងដែរ​។

មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​តូចតាច​ក្នុងស្រុក​អូររាំង បាន​ឲ្យ​ដឹងថា លោក គួ​យ សុ​ឃុន និង​ប្អូនៗ​២​ទៅ​៣​នាក់​ទៀត​ដែល​សុទ្ធតែជា​សាច់ញាតិ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ និង​ច្រករបៀង​ក្បែរៗ​នោះ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ការដែល​ឈ្មួញ​ឈើ​ទាំងនេះ​ហ៊ាន​ប្រព្រឹត្ត​ខុសច្បាប់​យ៉ាង​គឃ្លើន គឺមាន​ការបើក​ដៃ​ពី​លោក យ៉ូ សុធា មេ​ប៉ុស្ដិ៍​ច្រក​ដាក់​ដាំ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ដូចជា មន្ត្រី​គយ និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ផងដែរ​។ ជាងនេះទៅទៀត​លោក គួ​យ សុ​ឃុន ដែលជា​មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី បាន​ប្រើប្រាស់​ឥទ្ធិពល​ឧកញ៉ា​វ័យក្មេង​ម្នាក់​ដើម្បី​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដោយ​គ្មាន​ការរំខាន​។

ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក្នុងស្រុក​អូររាំង បាន​ឲ្យ​ដឹងថា គិត​តាំងពី​ចុងខែ​សីហា រហូតដល់​ដើមខែ​តុលា ឆ្នាំ​២០១៦​នេះ ឈ្មួញ​ឈើ​ជា​មន្ត្រីនគរបាល​ឈ្មោះ គួ​យ សុ​ឃុន និង​បក្ខពួក​បាន​ដឹកឈើ​ចេញទៅ​ស្រុក​យួន​រាប់រយ​រថយន្ត​តាម​ច្រក​ដាក់​ដាំ និង​ច្រករបៀង​ក្បែរៗ​នោះ​។ ការដឹកជញ្ជូន​ឈើ​ចេញ​នោះ​ត្រូវបាន​គេ​ប្រើប្រាស់​រថយន្ត​ជាច្រើន​ប្រភេទ​ដូចជា ឡង់​គ្រឺ​ស័​រ ហាយ​ឡែ​ន​ឌ័​រ សាំ​យ៉ុង និង​រថយន្ត​កូរ៉េ​ចំណុះ​៥​តោន​ជាដើម ហើយ​ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ដឹកឈើ​ទៅ​ស្រុក​យួន​មិនតិចជាង​១០​គ្រឿង​នោះទេ​។ សមត្ថកិច្ច​តូចតាច​បាន​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ កំពុង​ប្រឈម​នឹង​បញ្ហាលំបាក​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ព្រោះ​ឈ្មួញ​ឈើ​គឺជា​បងប្អូន​បង្កើត​រប​ស់​អភិបាលខេត្ត​មណ្ឌលគិរី ហើយ​មាន​ខ្នងបង្អែក​ជា​ឧកញ៉ា​វ័យក្មេង​មាន​ឥទ្ធិពល​ដែល​ចាំ​កាង​ទៀតផង​។ បញ្ហា​នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ មិនត្រូវ​មើលរំលង​នោះទេ ព្រោះ​បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន និង​បក្ខពួក​ជាច្រើន​នាក់​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ក្រអឺតក្រទម​៕

2015-07-17-12-44-30picture2

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី 

ka-05-10-2016-10