សមត្ថកិច្ច​ស្រុក​កែវ​សីមា បង្ក្រាប​តែ​ម្ចាស់​ឈើ​ដែល​មិន​បង់លុយ​

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ ក៏ដូចជា​មន្ត្រី​បរិស្ថាន​ក្នុងស្រុក​កែវ​សីមា ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា មិន​គិតគូរ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​។ ការបង្ក្រាប​នាពេល​កន្លងមក​ភាគច្រើន​ធ្វើឡើង​ដោយ សមត្ថកិច្ច​អាវុធហត្ថ ឬ​នគរបាល ហើយ​គេ​បង្ក្រាប​តែ​ឈ្មួញ​ម្ចាស់​ឈើ​ឬ​អ្នកដឹកឈើ​ដែល​មិន​បង់លុយ​តាម​ការកំណត់​ប៉ុណ្ណោះ​។

កាលពី​ព្រលប់​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ស្ទាក់​បង្ក្រាប​រថយន្ត​កាម​រី​ដឹកឈើ​១​គ្រឿង​និង​រកឃើញ​គោយន្ត​កែច្នៃ​១​គ្រឿង​ដែល​កំពុង​លើក​ឈើ​ដាក់​តម្រៀប​បម្រុង​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​។ ការបង្ក្រាប​នោះបាន​ធ្វើឡើង​នៅ​ចំណុច​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ហើយ​មានការ​ឃាត់ខ្លួន​អ្នកបើកបរ​ម្នាក់​ផងដែរ​។ សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា ការបង្ក្រាប​របស់​សម​ត្ថ​កិច្ច​អាវុធហត្ថ និង​សមត្ថកិច្ច​នគរបាល​ជា​បន្តបន្ទាប់​កន្លងមក​ពុំមាន​ប្រសិទ្ធភាព​ទេ ព្រោះ​នៅពេល​យប់​មាន​រថយន្ត​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ចូល​ស្រុក​ស្នួល ខេត្តក្រចេះ ជាច្រើន​គ្រឿង​ហើយ​មិនឃើញ​សមត្ថកិច្ច​បង្ក្រាប​ឡើយ​។ មានន័យថា​ឈ្មួញ​ឈើ​ដែល​ចេះ​ចែករំលែក​ផលប្រយោជន៍​ជាមួយ​សមត្ថកិច្ច​ទើប​អាច​បន្ត​ប្រព្រឹត្ត​បទល្មើស​តាម​អំពើ​ចិត្ត បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា និង​បក្ខពួក​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ ហេតុនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា នៅតែ​បន្ត​កើតឡើង​ឥតឈប់ឈរ​។ ចំណែក​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី បើកដៃ​ឲ្យ​កូនចៅ​ក្រោម​ឱវាត​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ប្រមូល​ផលប្រយោជន៍​ចែកគ្នា​ដែលជា​ហេតុ​ធ្វើ​ឲ្យ​បទល្មើស​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុងស្រុក​កែវ​សីមា ស្រុក​អូររាំង ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កោះ​ញែក នៅតែ​បន្ត​កើតឡើង​ឥតឈប់ឈរ​។ ជាក់ស្ដែង​យូរៗ​ម្តង​ទើប​ឃើញ​កម្លាំង​អាវុធហត្ថ​ឬ​នគរបាល​បង្ក្រាប​រថយន្ដ​ដឹកឈើ​១​គ្រឿង​ឬ​២​គ្រឿង​យក​ស្នាដៃ ចំណែក​រថយន្ត​ដឹកឈើ​ទាំង​ខ្សែៗ​ពិ​១០​ទៅ​២០​គ្រឿង​គេ​មិនដែល​ឃើញ​សមត្ថកិច្ច​បង្ក្រាប​ឡើយ​៕

ka-05-10-2016-04 ka-05-10-2016-02