ឯក ចំរើន​ ​ស្នើ​​​សុំ​​ឲ្យ​​ក្រសួង​អប់រំ​​​ផ្ដល់​ប្រាក់​​រង្វាន់ និង​ប្រាក់​ព្យាបាល​ជំងឺ​ឲ្យ​បាន​លឿន

​កីឡាករ​​​សូហ្វ​តេន្នីស​ជម្រើស​ជាតិ​​កម្ពុជា ឯក ចំរើន ​​ស្នើ​ទៅ​​​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​​​​ សម្រាប់​ការ​ផ្ដល់​ប្រាក់​រង្វាន់​ដែល​ខ្លួន​ដណ្ដើម​បាន​មេដាយ​មាស​១ និង​សំរឹទ្ធ​ពីរ​ជូន​ជាតិ និង​​ថវិកា​ដែល​ត្រូវ​ចំណាយ​​​លើ​ការ​ព្យាបាល​ជំងឺ​​ដែល​កំពុង​សម្រាក​​ក្នុង​​មន្ទីរពេទ្យ​កាល់ម៉ែត្រ​​ឲ្យ​បាន​លឿន​ ព្រោះ​ពេល​នេះ​រូប​គេ​កំពុង​ខ្វះខាត​​ព្យាបាល​បន្ត​។

 

ឯក ចំរើន​ ​ស្នើ​​​សុំ​​ឲ្យ​​ក្រសួង​អប់រំ​​​ផ្ដល់​ប្រាក់​​រង្វាន់ និង​ប្រាក់​ព្យាបាល​ជំងឺ​ឲ្យ​បាន​លឿន ឯក ចំរើន ​(រូប​ថត​៖ផ្ដល់​ឲ្យ​)

 

​ឯក ចំរើន ​​បាន​ឲ្យ​ដឹង​ថា ​ប្រាក់​រង្វាន់​ដែល​ក្រសួង​ថា នឹង​បើក​ឲ្យ​សម្រាប់​មេដាយ​​សំរឹទ្ធ​ពីរ​​គ្រឿង​ដែល​ខ្លួន​ដណ្ដើម​បាន​​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ និង​មេដាយ​មាស​នៅ​ប្រទេស​ថៃ​កាល​​ពី​ដើម​ខែ​​មិថុនា ឆ្នាំ​២០១៦ ​​សូម​​បើក​ឲ្យ​លឿន​មក​។ ការ​ស្នើ​របស់​គេ​ទៅ​កាន់​ក្រសួង​អប់​រំ​​ដើម្បី​ផ្តល់​ឲ្យ​រូប​គេ​ឲ្យ​បាន​លឿប​ ក្នុង​គោល​បំណង​​យក​មក​​ចំណាយ​ទៅ​លើ​ការ​ព្យាបាល​ជំងឺ​បច្ចុប្បន្ន​។

 

​​កីឡាករ​រូប​នេះ​បន្ត​ថា ​​​​​​ភ្នាក់​ងារ​របស់​ក្រសួង​អប់រំ​បាន​ប្រាប់​ដំណឹង​ទៅ​រូប​គេ​ថា ​​ចេញ​ថ្លៃ​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​​ដោយ​ខ្លួន​ឯង​សិន លុះ​​​ជាសះស្បើយ​យក​វិក្កយបត្រ​ទៅ​ប្រគល់​ជូន​ក្រសួង​អប់រំ នឹង​ទទួល​ប្រាក់​ទាំង​នោះ​មក​វិញ។ ​បញ្ហា​នេះ​រូប​គេ​ទទួល​យក​បាន​ ប៉ុន្តែ​សូម​ឲ្យ​ក្រសួង​មេត្តា​ជួយ​​ពន្លឿន​ប្រាក់​រង្វាន់​​ខាង​លើ ដើម្បី​យក​ប្រាក់​ទាំង​នោះ​​​ព្យាបាល​បន្ត​ទៀត​ ពី​ព្រោះ​ថ្លៃ​ព្យាបាល​ជាង​១​សប្ដាហ៍​កន្លង​មក​នេះ​គឺ​រូប​គេ​បាន​យក​ម៉ូតូ​ទៅ​បញ្ចាំ និង​លក់​ខ្សែក​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ។

 

​​ប៉ុន្តែ​បើ​តាម​ Page ​ផ្លូវ​ការ​របស់​អគ្គនាយកដ្ឋាន​កីឡា​​ឲ្យ​ដឹង​ថា កីឡាករ ឯក ចំរើន បាន​ទទួល​ថវិកា​១​លាន​រៀល​ពី​ឯក​ឧត្ដម ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ​ យុវជន និងកីឡា​ជា​ប្រាក់​ផ្ទាល់​ខ្លួន​របស់​ឯក​ឧត្ដម​​​តាម​រយៈ​ឯក​ឧត្ដម​ អ៊ុក សិទ្ធិជាតិ ជា​អ្នក​ប្រគល់​ជូន​ដោយ​ផ្ទាល់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​កាល​ពី​ម៉ោង ១២​:​០០​ថ្ងៃ​ទី​៦​ ខែ​តុលា ឆ្នាំ​២០១៦​នេះ​។

 

ឯក ចំរើន​ ​ស្នើ​​​សុំ​​ឲ្យ​​ក្រសួង​អប់រំ​​​ផ្ដល់​ប្រាក់​​រង្វាន់ និង​ប្រាក់​ព្យាបាល​ជំងឺ​ឲ្យ​បាន​លឿន

 

​ឯក ចំរើន ​ជាប់​ជា​ជម្រើស​ជាតិ​កីឡា​សូហ្វតេន្នីស​កម្ពុជា​ជិត​២​ឆ្នាំ​មក​ហើយ​។ កីឡាករ​រូប​​នេះ​​មាន​ជំងឺ​រលាក​បំពង់​ក រលាក​សួត​ និង​រលាក​ថ្លើម ព្រម​ទាំង​​គ្រុន​ឈាម​។ បច្ចុប្បន្ន​គ្រូ​ពេទ្យ​កំណត់​ថា ​រូប​គេ​ត្រូវ​សម្រាក​​​ក្នុង​មន្ទីរពេទ្យ​រយៈ​ពេល​ចន្លោះ​ពី​១​​សប្ដាហ៍​ទៅ​១០​ថ្ងៃ​ដើម្បី​បន្ត​តាម​ដាន​​ស្ថាន​ភាព​ជំងឺ​​ ខណៈ​​​តម្លៃ​​បន្ទប់​មួយ​យប់​៣៥​ដុល្លារ​​អាមេរិក​ និង​​ចំណាយ​ផ្សេង​ៗ​​ទៀត​​​សរុប​​អស់​ជិត​៥០​ដុល្លារ​​ឯណោះ​ធ្វើ​ឲ្យ​គេ​ដាច់​ចិត្ត​ស្នើ​ទៅ​ក្រសួង​​ដូច្នេះ៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​​​​​​​​​​