អតិផរណា​ក្នុង​ខែកញ្ញា​កើនឡើង​0,38% ព្រោះតែ​ថ្លៃ​អាហារ និង​បារី

ប្រទេស​ថៃ ៖ ក្រសួងពាណិជ្ជកម្ម​ថៃ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា អត្រា​អតិផរណា​ក្នុង​ខែកញ្ញា បាន​កើនឡើង​០,៣៨% បើ​ធៀប​នឹង​ឆ្នាំ​មុន ដែល​នេះ​ជា​ការ​កើនឡើង​៦​ខែ​ជាប់​គ្នា ព្រោះតែ​តម្លៃ​អាហារ​ស្រស់ និង​បារី ។

ការិយាល័យ​គោលនយោបាយ​ពាណិជ្ជកម្ម និង​យុទ្ធសាស្ត្រ (TPSO) នៃ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ការ​កើនឡើង​នៃ​ស​ន្ទ​ស្សន៍​ថ្លៃ​ទំនិញ (CPI) បាន​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​នៃ​ការ​ចំណាយ​តាម​ផ្ទះ ដែល​ឆ្លុះ​បញ្ចាំង​ពី​សេដ្ឋកិច្ច​កើនឡើង ។ ស​ន្ទ​ស្សន៍​នេះ​បាន​ទទួល​ឥទ្ធិពល​ពី​តម្លៃ​អាហារ​ស្រស់​ដូច​ជា បន្លែ ផ្លែ​ឈើ ពងមាន់ ត្រី សាច់ និង​បារី ដែល​បាន​ធ្វើ​ឱ្យ​ពន្ធ​កើនឡើង​កាលពី​ខែកុម្ភៈ ។

ស​ន្ទ​ស្សន៍​អតិផរណា​ស្មើនឹង​១០៦.៦៨​ក្នុង​ខែកញ្ញា បើ​ធៀប​នឹង​ខែសីហា កើនឡើង​០,០៤% ។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១១​វិញ ស​ន្ទ​ស្សន៍​នេះ​ស្មើ​ត្រឹមតែ​១០០​ប៉ុណ្ណោះ ។

ថ្លៃ​ក្នុង​ផ្នែក​យានយន្ត ការ​ធ្វើ​ដំណើរ និង​គមនាគមន៍​បាន​ទប់ស្កាត់​ការ​លូតលាស់​នៃ​អតិផរណា ព្រោះតែ​មានការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​។ រីឯ​ការ​ចំណាយ​តាម​ផ្ទះ​ក៏​ដូច​គ្នា​ដែរ ដោយសារ​ថ្លៃ​អគ្គិសនី​ត្រូវ​បាន​កាត់​បន្ថយ​រវាង​ខែឧសភា និង​ខែសីហា ។

ការិយាល័យ​ខាងលើ​ឱ្យ​ដឹង​ថា ស​ន្ទ​ស្សន៍​ថ្លៃ​ទំនិញ​ក្នុង​ខែកញ្ញា គឺ​ដូច​គ្នា​នឹង​ការ​ព្យាករ​របស់​ពួក​គេ​ថា អតិផរណា​នឹង​កើនឡើង​ប្រមាណ​០,០%​ទៅ​១,០% ហើយនឹង​ចាប់ផ្តើម​កើន​បន្ត​ក្នុង​ត្រីមាស​ទី​៤​ឆ្នាំ​នេះ ។

ការ​ព្យាករ​បាន​ធ្វើ​ឡើង​ដោយ​យោង​តាម​លក្ខខណ្ឌ​សេដ្ឋកិច្ច​កើន​ពី​២,៨%​ទៅ​៣,៨%, តម្លៃ​ប្រេង​របស់ Dubai ស្មើនឹង​ប្រមាណ​៣៥ ដុល្លារ​ទៅ​៤៥​ដុល្លារ​ក្នុង​១​ធុង និង​អត្រា​ប្តូរ​ប្រាក់​ពី​៣៥​បាត​ទៅ​៣៧​បាត​ក្នុង​១​ដុល្លារ ៕