ឆ្មក់ចាប់ក្នុងផ្ទះសំណាក់​​ភ្ញាក់ឱ្យព្រើត​ «​លោកសង្ឃវត្តស្ទឹងមានជ័យ»

ខេត្តតាកែវ ៖ ជនសង្ស័យ​​​៤​នាក់ ​ក្នុង​នោះ​មាន​​លោកសង្ឃ​២​អង្គ​ ត្រូវ​បាន​កម្លាំង​ប៉េ​អឹ​ម​ខេត្ត​ស្រាវជ្រាវ​រហូតចាប់ខ្លួន​ ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ក្រោយពី​​បាន​ពួន​សំងំ​​នៅ​ក្នុងផ្ទះ​សំណាក់​លួច​ជក់​ថ្នាំ​ញៀន​ ។ ការចាប់ខ្លួន គឺ​មាន​ការ​​សហការ​គ្នា​​ល្អ​​ជាមួយ​​ម្ចាស់ផ្ទះ​សំណាក់​ ទើប​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​ ​​រួមទាំងរឹបអូស​វត្ថុ​តាង​មួយ​ចំនួន​ទៀតផង ​។

ហេតុការណ៍នេះ ធ្វើឡើង​​វេលា​ម៉ោង០៨ និង៣០​នាទី​យប់​ កាលពី​ថ្ងៃ​ទី​០៥ តុលា ២០១៦ ​​ក្នុងផ្ទះ​សំណាក់​​មួយកន្លែង ក្នុង​ភូមិ​សិង្ហ​សង្កាត់​រកា​ក្នុង​ ក្រុង​ដូន​កែវ​ ខេត្តតាកែវ​ ។

​ជនសង្ស័យ១-​ឈ្មោះ​ម៉ៅ​ ភារ​ម្យ ​អាយុ​១៥​ឆ្នាំ​ បួស​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ​មាន​ទីលំនៅ​​ក្នុងភូមិ​សំរោង​ទង​ ឃុំ​សំរោង​ទង​ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ​ ២​-ឈ្មោះ​រស់​ វិ​ឆុង​ ​​អាយុ​១៤​ឆ្នាំ ​បួស​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​ មាន​ទីលំនៅ​​ក្នុងភូមិ​ប្រប​ប្រ​ហឹ​ម ​ឃុំ​ឈ្នួល​ ស្រុក​ប​វិល​ខេត្តបាត់ដំបង​ ចំណែក​កូន​សេក​២​នាក់ ​ឈ្មោះ​ជិន​អួ​យ ​​អាយុ​២១​ឆ្នាំ​ រស់នៅ​ភូមិ​កំពង់​ចំណង់​ ឃុំ​កំពង់​ចំណង់​ ស្រុក​ពារាំង​ខេត្តព្រៃ​វែង និង២-​ឈ្មោះ​ទូច​ សុខ​គា​ ​អាយុ​១៥​ឆ្នាំ ​រស់នៅ​ភូមិ​តា​លាក់​ខាងជើង​ ឃុំ​គូស​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ ​។

​មុន​ពេល​កើតហេតុ​ ពួក​គេ​​បាន​មក​ស្នាក់​នៅ​ក្នុង​វត្ត​សីហ​រតនៈ​រាម ​ក្នុង​ក្រុង​ដូន​កែវ ​បាន​៤​ថ្ងៃ​មក​ហើយ​ លុះដល់​ថ្ងៃ​ចុង​ក្រោយ​នេះ​ពួក​គេ​បាន​ទៅ​ពួន​សំងំ​នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ​ ដើម្បី​ជក់​ថ្នាំ​ញៀន​ ក៏​ត្រូវ​កម្លាំង​ចាប់ខ្លួន​តែ​ម្ដង ។ ​វត្ថុ​តាង​ដែល​បាន​រឹបអូស​បាន​មាន​ម៉ូតូ​២​គ្រឿង, ​ទូរស័ព្ទ​២​គ្រឿង, ​កាបូប​២​ និង​សម្ភារ​​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ ។

ក្រោយ​ពេល​ឃាត់ខ្លួន​ កម្លាំង​ប៉េ​អឹ​ម​ខេត្ត​បាន​បញ្ជូនលោកសង្ឃ​ទាំង​២​ មក​ផ្សឹក​នៅ​វត្ត​សីហ​រតនៈ​រាម​ រួច​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ ។​ជន​សង្ស័យ​បាន​​សារភាព​ថា ​ពួក​គេ​ពិតជា​ពួន​នៅ​ក្នុងផ្ទះ​សំណាក់​ជក់​ថ្នាំ​ញៀន​ពិតប្រាកដ​មែន​ ។ ​